កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពមជ្ឈិមបូព៌ា
កប.អនឡាញ - នៅរសៀលថ្ងៃទី១៣ ខែមីនា លោក Le Hoai Trung សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានចូលរួមកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា។
នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ រដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះដែលកំពុងកើនឡើង បណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើនសម្រាប់បរិយាកាសនយោបាយ-សន្តិសុខ និងសេដ្ឋកិច្ចនៃតំបន់ និងពិភពលោក។
រដ្ឋមន្ត្រីទាំងឡាយបានបញ្ជាក់ជាថ្មីនូវជំហររួមរបស់អាស៊ាន ដូចដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមថ្ងៃទី៤ ខែមីនា ដែលអំពាវនាវឲ្យមានការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ បញ្ចប់អំពើហិង្សា ដោះស្រាយភាពខុសគ្នាដោយសន្តិវិធី តាមរយៈការសន្ទនា ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេស ការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល។ រដ្ឋមន្ត្រីទាំងឡាយបានវាយតម្លៃថា ជម្លោះនៅមជ្ឈិមបូព៌ាមានផលប៉ះពាល់យ៉ាងធំធេងទៅលើសេដ្ឋកិច្ចពិភពលោក ជាពិសេសធ្វើឲ្យទីផ្សារថាមពលមិនមានស្ថិរភាព និងរំខានដល់ផ្លូវសមុទ្រសំខាន់ៗ និងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលប៉ះពាល់អវិជ្ជមានដល់យថាទស្សន៍សេដ្ឋកិច្ចក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍។
រដ្ឋមន្ត្រីទាំងអស់បានឯកភាពគ្នាថា អាស៊ានត្រូវប្រើប្រាស់យន្តការ និងក្របខ័ណ្ឌសហប្រតិបត្តិការដែលមានស្រាប់ឲ្យមានប្រសិទ្ធភាព ព្រមទាំង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដើម្បីធ្វើពិពិធកម្មនៃប្រភពផ្គត់ផ្គង់ និងពង្រឹងខ្សែសង្វាក់ logistics... រដ្ឋមន្ត្រីទាំងឡាយក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់អាស៊ានក្នុងការបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងនេះ ផ្តល់អាទិភាពដល់ការបង្កើនពាណិជ្ជកម្ម និងវិនិយោគក្នុងអាស៊ាន គាំទ្រដល់ការធានាសន្តិសុខថាមពល សន្តិសុខស្បៀងអាហារ និងសហការដើម្បីធ្វើឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ទាក់ទងនឹងការការពារពលរដ្ឋ រដ្ឋមន្ត្រីទាំងឡាយបានឯកភាពគ្នាថា អាស៊ាននឹងបន្តសហការយ៉ាងជិតស្និទ្ធ និងត្រៀមខ្លួនជាស្រេចជួយពលរដ្ឋរបស់គ្នាទៅវិញទៅមកក្នុងវិបត្តិនៅមជ្ឈិមបូព៌ា ស្របតាមច្បាប់ និងនីតិវិធីដែលបានព្រមព្រៀងគ្នា៕
បកប្រែដោយ Thuy Anh