leftcenterrightdel
លោក Kay Rala Xanana Gusmão នាយករដ្ឋមន្ត្រីទីម័រខាងកើត (ឆ្វេង) ជួបជាមួយ លោក Kao Kim Hourn អគ្គលេខាធិការអាស៊ាន នៅទីស្នាក់ការអាស៊ាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី (រូបថត៖ អាស៊ាន)

ក្នុងជំនួប លោក Kao Kim Hourn អគ្គលេខាធិការអាស៊ាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Kay Rala Xanana Gusmão នាយករដ្ឋមន្ត្រីទីម័រខាងកើត និង​​សង្កត់ធ្ងន់ថា នេះគឺជា "ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងការពង្រីកអាស៊ាន" និងឆ្លុះបញ្ចាំងពីស្មារតីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមកនៅក្នុងតំបន់។ លោកបានវាយតម្លៃថា ទីម័រខាងកើតនឹងនាំមកនូវ "កម្លាំងចលករថ្មី ភាពចម្រុះវប្បធម៌ និងទីតាំងយុទ្ធសាស្ត្រដែលភ្ជាប់អាស៊ីអាគ្នេយ៍ជាមួយឥណ្ឌូ-ប៉ាស៊ីហ្វិក"។

ចំពោះលោក Gusmão នាយករដ្ឋមន្ត្រី បានសម្តែង​កិត្តិយដែល​ជាប្រមុខរដ្ឋាភិបាលដំបូងគេរបស់ប្រទេសទីម័រខាងកើត​បានទៅទស្សនកិច្ច​នៅ​លេខាធិការដ្ឋានអាស៊ានក្នុងនាមជាសមាជិកពេញសិទ្ធិ។ លោកបានសង្កត់ធ្ងន់ថា ការចូលរួមអាស៊ានគឺជា "ក្តីស្រមៃដែលបានក្លាយជាការពិត" របស់​ប្រជាជនទីម័រខាងកើត និង​ជារបត់ដ៏សំខាន់មួយដែលជួយប្រទេសឆ្ពោះទៅរកអនាគត និងបង្កើនការធ្វើសមាហរណកម្មរបស់ខ្លួនទៅក្នុងសហគមន៍តំបន់ដ៏ទូលំទូលាយ។ លោកបានបញ្ជាក់ថា ទីម័រខាងកើតនឹងខិតខំចូលរួមចំណែកដល់សន្តិភាព សាមគ្គីភាព និងវិបុលភាពរួមរបស់អាស៊ាន។

នៅក្នុងសុន្ទរកថារបស់ខ្លួន លោក Gusmão នាយករដ្ឋមន្ត្រីបានបង្ហាញចក្ខុវិស័យអភិវឌ្ឍន៍របស់ទីម័រខាងកើត ដោយលើកឡើង​ការ​តម្រង់ទិសអភិវឌ្ឍ​​សេដ្ឋកិច្ចដូចជា ការជម្រុញ​គម្រោងថាមពល Tasi Mane និងការអភិវឌ្ឍទេសចរណ៍ដោយផ្អែកលើគុណសម្បត្តិធម្មជាតិ និងវប្បធម៌របស់ខ្លួន។

លោកជឿជាក់ថា ដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ាននឹងបើកឱកាសវិនិយោគជាច្រើន បង្កើតការងារធ្វើ និងជួយគាំទ្រប្រជាជនវ័យក្មេងជាង ៦០% របស់ទីម័រខាងកើតក្នុងការចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងបណ្តាញនវានុវត្តន៍ ការអប់រំ និងសេដ្ឋកិច្ចឌីជីថលរបស់តំបន់៕

បកប្រែដោយ Duy Hoan