នាវាលេខ ១៧ នៃកងទ័ពជើងទឹកវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចដើម្បីចូលរួមក្នុងការហាត់សម MILAN 2026
កប.អនឡាញ - នៅព្រឹកថ្ងៃទី ១២ ខែមីនា នាវាលេខ ១៧ នៃកងពលតូចលេខ ១៧១ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម តំបន់លេខ ២ រួមជាមួយក្រុមបេសកកម្មនៃកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយលោកវរនាវីឯក Le Dinh Nghi អនុប្រធានសេនាធិការនៃតំបន់លេខ២ បានចូលចតនៅកំពង់ផែដោយសុវត្ថិភាព បញ្ចប់ដំណើរទស្សនកិច្ចក្នុងរយៈពេល ៤៥ ថ្ងៃ ដើម្បីចូលរួមក្នុងការហាត់សមកងទ័ពជើងទឹកពហុភាគី MILAN 2026 នៅប្រទេសឥណ្ឌា និងបំពេញដំណើរទស្សនកិច្ចមិត្តភាពនៅម៉ាឡេស៊ី។
ការហាត់សម MILAN 2026 មានការចូលរួមពីកងកម្លាំងកងទ័ពជើងទឹកមកពី ៧៤ ប្រទេស។ សកម្មភាពនានាក្នុងការហាត់សមត្រូវបានរៀបចំជាពីរដំណាក់កាល រួមទាំងការហាត់សមនៅលើគោក និងការហាត់សមនៅលើសមុទ្រ ដែលធ្វើឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ នៅតំបន់ភាគខាងកើតនៃទីក្រុង Visakhapatnam។
ក្នុងអំឡុងពេលនៃលំហាត់សមយុទ្ធនេះ នាវាលេខ ១៧ និងគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាម បានសហការយ៉ាងជិតស្និទ្ធជាមួយកងទ័ពជើងទឹកនៃប្រទេសដទៃទៀត ដូចជា៖ ក្បួនដង្ហែរនាវាអន្តរជាតិ ការស្វែងរក និងជួយសង្គ្រោះ និងលំហាត់សមយុទ្ធរួមគ្នានៅលើសមុទ្រ។ល។ សកម្មភាពទាំងអស់ត្រូវបានអនុវត្តស្របតាមបទប្បញ្ញត្តិ និងធានាសុវត្ថិភាពជាដាច់ខាត។
    |
 |
|
នាវាលេខ ១៧ ចូលចតនៅកំពង់ផែយោធានៃកងពលតូចកងទ័ពជើងទឹកលេខ ១៧១ (រូបថត៖ vnanet.vn) |
ក្នុងក្របខ័ណ្ឌនៃដំណើរ នាវាលេខ ១៧ បានចូលចតនៅកំពង់ផែ Lumut ហើយជួបប្រជុំ និងជួបសម្តែងការគួរសមជាមួយកងទ័ពជើងទឹកភូមិន្ទម៉ាឡេស៊ី ចូលរួមការប្រកួតកីឡាមិត្តភាពជាមួយនាយទាហាន នាវិកម៉ាឡេស៊ី និងទៅទស្សនាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រជាច្រើននៅមូលដ្ឋាន។ សកម្មភាពទាំងនេះបានរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹង ការជឿទុកចិត្ត និងជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។
នាវាលេខ ១៧ និងក្រុមបេសកកម្មកងទ័ពជើងទឹកប្រជាជនវៀតណាម ទទួលបានការសរសើរពីកងទ័ពជើងទឹកនៃប្រទេសដទៃទៀតចំពោះវិជ្ជាជីវៈ សមត្ថភាពសហការ និងវិន័យក្នុងការបំពេញភារកិច្ច។ តាមរយៈនោះ រួមចំណែកដល់ការបញ្ជាក់ពីសមត្ថភាព និងតួនាទីកាន់តែខ្ពស់របស់កងទ័ពជើងទឹកប្រជាជនវៀតណាមនៅក្នុងបរិយាកាសសហប្រតិបត្តិការអន្តរជាតិ៕
បកប្រែដោយ Thuy Anh