លោកវរនាវីឯក Le Dinh Nghi អនុប្រធានសេនាធិការនៃកងទ័ពជើងទឹក តំបន់លេខ ២   និងជាប្រធានគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលរួមក្នុងពិធីបិទ។

ក្រោមប្រធានបទ "ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល" លំហាត់សមយុទ្ធ MILAN ២០២៦ មានការចូលរួមរបស់ប្រទេសចំនួន ៧៤ និងប្រទេសចំនួន ១៦ បានបញ្ជូននាវាមកចូលរួម។ កងទ័ពជើងទឹកប្រជាជនវៀតណាមបានបញ្ជូននាវាលេខ ១៧ នៃកងពលតូចលេខ ១៧១ នៃកងទ័ពជើងទឹក តំបន់លេខ ២  ដើម្បីចូលរួមក្នុងសកម្មភាពមិនមែនប្រយុទ្ធក្នុងក្របខ័ណ្ឌនៃលំហាត់សមយុទ្ធ។

leftcenterrightdel
តំណាងកងទ័ពជើងទឹកនៃបណ្តាប្រទេស ចូលរួមក្នុងពិធីបិទ ​MILAN ២០២៦

ក្នុងអំឡុងពេលលំហាត់សមយុទ្ធ កងទ័ពជើងទឹកនៃបណ្តាប្រទេស បានសម្របសម្រួលយ៉ាងជិតស្និទ្ធ ស្របតាមផែនការដែលបានគ្រោងទុក និងបញ្ចប់ខ្លឹមសារនៃលំហាត់សមយុទ្ធទាំងអស់ដោយជោគជ័យ និងធានាសុវត្ថិភាពដាច់ខាត។

មានប្រសាសន៍នៅក្នុងពិធីបិទ លោកឧត្តមនាវីត្រី Alok Ananda បានថ្លែងអំណរគុណចំពោះប្រទេសដែលបញ្ជូននាវា និងកងកម្លាំងចូលរួមក្នុងលំហាត់សមយុទ្ធ ព្រមទាំងសម្តែងនូវក្តីសង្ឃឹមថា កងទ័ពជើងទឹកនៃបណ្តាប្រទេសនឹងបន្តគាំទ្រ និងចូលរួមក្នុងលំហាត់សមយុទ្ធ MILAN នាពេលអនាគត។ មេបញ្ជាការកងនាវាភាគខាងកើតនៃកងទ័ពជើងទឹកឥណ្ឌាបានសង្កត់ធ្ងន់ថា នេះគឺជាលំហាត់សមយុទ្ធដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមក ហើយបានបញ្ជាក់ថា លំហាត់សមយុទ្ធនេះបានផ្តល់ឱកាសល្អសម្រាប់កងទ័ពជើងទឹកនៃបណ្តាប្រទេស ចែករំលែក និងរៀនសូត្រពីបទពិសោធន៍របស់គ្នាទៅវិញទៅមក ពង្រឹងទំនាក់ទំនងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងសន្តិសុខនាវាចរណ៍ពិភពលោក៕

បកប្រែដោយ Huyen Trang