កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឡាវលើកទី៦
កប.អនឡាញ - នៅថ្ងៃទី៣ ខែមេសា កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឡាវលើកទី៦ បានប្រព្រឹត្តីទៅនៅទីស្នាក់ការបញ្ជាការដ្ឋានយោធភូមិភាគទី៥ (ទីក្រុង Da Nang វៀតណាម)។ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកឧត្តមសេនីយ៍ឯក Saichay Kommasith អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនឡាវ បានធ្វើជាសហប្រធាននៃកិច្ចសន្ទនា។
ក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក តំបន់ និងបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។
ដោយវាយតម្លៃពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនាពេលកន្លងមក លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានបញ្ជាក់ថា ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃពិធីសារ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang ជូនផ្កាដល់លោកឧត្តមសេនីយ៍ឯក Saichay Kommasith |
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែនរវាងប្រទេសទាំងពីរ ដោយរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតំបន់ព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៅសងខាងព្រំដែនអភិវឌ្ឍសេដ្ឋកិច្ច សហការប្រកបដោយប្រសិទ្ធភាពក្នុងការស្វែងរក ការប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅប្រទេសឡាវ។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើកិច្ចសហការជម្រុញទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ តភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ ជាពិសេសគឺកិច្ចសហការរៀបចំសកម្មភាពជាក់ស្តែងជាច្រើនក្នុងពិធីបុណ្យ ពិធីរំលឹកខួបនៃប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang និងលោកឧត្តមសេនីយ៍ឯក Saichay Kommasith ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឡាវលើកទី៦ |
ចំពោះទិសដៅសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តជម្រុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅកម្រិតខ្ពស់ បន្តរក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនា ជាពិសេសកិច្ចសន្ទនាគោលនយោបាយការពារជាតិ ដើម្បីពិភាក្សាអំពីបញ្ហាយុទ្ធសាស្ត្រ និងពង្រីកប្រកបដោយប្រសិទ្ធភាពនូវយន្តការ និងគំរូសហប្រតិបត្តិការដូចជា៖ ជំនួបប្រាស្រ័យនាយទាហានវ័យក្មេង ជំនួបប្រាស្រ័យនារីយោធា និងសន្និសីទប្រចាំឆ្នាំរវាងបណ្ដាអង្គភាពនានា និងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ។
ភាគីទាំងពីរក៏ឯកភាពផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងកិច្ចសហការក្នុងការឃោសនា និងការអប់រំសម្រាប់នាយទាហាននៅក្នុងប្រទេសនីមួយៗ ជាពិសេសយុវជនជំនាន់ក្រោយ អំពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ។ល៕
បកប្រែដោយ Thuy Anh