វៀតណាម និងគុយបា ចែករំលែកបទពិសោធន៍ក្នុងការតាក់តែងច្បាប់សម្រាប់ជំនះផលវិបាកដោយសង្គ្រាម
កប.អនឡាញ - នៅព្រឹកថ្ងៃទី ១ ខែមេសា នាយកដ្ឋាននីតិកម្មនៃក្រសួងការពារប្រទេសវៀតណាម និងនាយកដ្ឋាននីតិកម្ម នៃក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីផ្លាស់ប្តូរព័ត៌មានស្តីពីការតាក់តែងច្បាប់សម្រាប់ដោះស្រាយផលវិបាកនៃគ្រាប់បែក មីន ក្រោយសង្គ្រាម។ លោកវរសេនីយ៍ឯក Vu Van Kiem អនុប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងការពារប្រទេសវៀតណាម និងលោកវរសេនីយ៍ឯក ហ្គេម៉ា ខាលវីណូ សាន់តាណា ប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា បានធ្វើជាសហប្រធានកិច្ចប្រជុំ។
    |
 |
|
លោកវរសេនីយ៍ឯក Vu Van Kiem អនុនាយកដ្ឋាននីតិកម្ម |
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានចែករំលែកបទប្បញ្ញត្តិច្បាប់ដែលប្រើប្រាស់សម្រាប់ការបោសសម្អាតមីន ដោយហេតុនេះផ្តល់នូវចំណេះដឹងដ៏មានតម្លៃក្នុងវិស័យនេះ។ បច្ចុប្បន្ន វៀតណាមមានឯកសារច្បាប់ចំនួន ៤៣ ដែលទាក់ទងនឹងសកម្មភាពជំនះផលវិបាកដោយគ្រាប់បែក និងគ្រាប់មីនក្រោយសង្គ្រាម។ នៅក្នុងរយៈពេលខាងមុខ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល ក្រសួងការពារប្រទេសវៀតណាមនឹងផ្តល់យោបល់លើការតាក់តែង ដាក់ជូន ដើម្បីប្រកាសឱ្យប្រើប្រាស់បទប្បញ្ញត្តិស្តីពីជំនះផលវិបាកដោយគ្រាប់បែក មីន ក្រោយសង្គ្រាមនៅឆ្នាំ ២០២៦។
លោកវរសេនីយ៍ឯក Vu Van Kiem បានថ្លែងថា នេះនឹងជាឯកសារច្បាប់ដ៏សំខាន់មួយ ដើម្បីបង្កើន ប្រសិទ្ធភាពនៃការដោះស្រាយផលវិបាកនៃគ្រាប់បែក មីន ក្រោយសង្គ្រាមនៅវៀតណាម។ ហើយបានសម្តែងក្តីសង្ឃឹមថា បទពិសោធន៍ពីប្រទេសគុយបានឹងក្លាយជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ចូលរួមចំណែកក្នុងការស្រាវជ្រាវ និងតាក់តែងបទប្បញ្ញត្តិនេះ។
ដោយកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម លោកវរសេនីយ៍ឯក ហ្គេម៉ា ខាលវីណូ សាន់តាណា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះនឹងរួមចំណែកដល់ការបន្ត និងអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងនាយកដ្ឋាននីតិកម្មនៃក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា និងនាយកដ្ឋាននីតិកម្មនៃក្រសួងការពារប្រទេសវៀតណាម ជាពិសេសក្នុងការចែករំលែកបទពិសោធន៍ទាក់ទងនឹងការអភិវឌ្ឍច្បាប់ស្តីពីការដោះស្រាយផលវិបាកនៃគ្រាប់បែក មីន ក្រោយសង្គ្រាម ដែលជាវិស័យដ៏សំខាន់មួយនៅក្នុងបរិបទបច្ចុប្បន្ន៕
បកប្រែដោយ Duy Hoan