សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិអូស្ត្រាលី-វៀតណាម បើកសម្ពោធជាផ្លួវការនៅអូស្ត្រាលីខាងលិច
កប.អនឡាញ - នៅថ្ងៃទី ៣១ ខែមីនា នៅមជ្ឈមណ្ឌលរដ្ឋបាលទីក្រុង Canning (អូស្ត្រាលីខាងលិច) សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិអូស្ត្រាលី-វៀតណាម (NACCI) បានបើកសម្ពោធជាផ្លូវការ ដែលជាជំហានថ្មីមួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងអូស្ត្រាលីខាងលិច។
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Nguyen Thanh Ha អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Perth ប្រទេសអូស្ត្រាលី បានអះអាងថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិអូស្ត្រាលី-វៀតណាម នឹងក្លាយជាវេទិកាសំខាន់មួយដើម្បីជួយអង្គភាពអាជីវកម្មមកពីប្រទេសទាំងពីរភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរព័ត៌មាន និងបង្កើតគម្រោងសហប្រតិបត្តិការជាក់ស្តែង។
លោកស្រី Nguyen Thanh Ha បានសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំរបស់បុគ្គលដែលមានកេរ្តិ៍ឈ្មោះ មានបទពិសោធន៍ និងមានការប្តេជ្ញាចិត្ត សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិអូស្ត្រាលី-វៀតណាម នឹងអភិវឌ្ឍយ៉ាងឆាប់រហ័សទៅជាបណ្តាញដ៏ស្វាហាប់ និងមានឥទ្ធិពល ដែលរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាជីវកម្មរវាងវៀតណាម និងអូស្ត្រាលី។
    |
 |
|
ប្រតិភូដែលចូលរួមពិធីសម្ពោធសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិអូស្ត្រាលី-វៀតណាម |
ស្ថានកុងស៊ុលវៀតណាមប្រចាំទីក្រុង Perth ប្តេជ្ញាបន្តគាំទ្រគំនិតផ្តួចផ្តើមបង្កើតបណ្តាញតភ្ជាប់អង្គភាពអាជីវកម្ម ដោយសម្របសម្រួលជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិអូស្ត្រាលី-វៀតណាម និងអង្គការពាក់ព័ន្ធ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍រវាងវៀតណាម និងអូស្ត្រាលីខាងលិច។
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Jackie Jarvis រដ្ឋមន្ត្រីក្រសួងកសិកម្ម និងស្បៀងអាហារ នេសាទ ព្រៃឈើ អង្គភាពអាជីវកម្មខ្នាតតូច តំបន់ Mid West នៃរដ្ឋអូស្ត្រាលីខាងលិច បានវាយតម្លៃខ្ពស់ចំពោះសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអូស្ត្រាលីខាងលិច និងវៀតណាម ដែលជាដៃគូពាណិជ្ជកម្មដែលមានការរីកចម្រើនលឿនបំផុតមួយរបស់ប្រទេសអូស្ត្រាលីនៅក្នុងតំបន់។
លោកស្រីរដ្ឋមន្ត្រី Jackie Jarvis បានថ្លែងថា រដ្ឋាភិបាលអូស្ត្រាលីខាងលិចកំពុងមានគម្រោងរៀបចំគណៈប្រតិភូជម្រុញណិជ្ជកម្មទៅកាន់ប្រទេសវៀតណាមនៅចុងឆ្នាំ ២០២៦ដោយហេតុនេះពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានភាពរឹងមាំដូចជា កសិកម្ម ថាមពល និងសេវាកម្ម។
    |
 |
|
ប្រតិភូដែលចូលរួមក្នុងព្រឹត្តិការណ៍នេះបានថតរូបអនុស្សាវរីយ៍ |
នៅក្នុងព្រឹត្តិការណ៍នេះ អង្គភាពអាជីវកម្មជាសមាជិកនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិអូស្ត្រាលី-វៀតណាម បានណែនាំគម្រោងសហប្រតិបត្តិការជាច្រើនជាមួយវៀតណាមក្នុងវិស័យផលិតកម្ម ភស្តុភារកម្ម និងការនាំចេញកសិកម្ម។
គណៈកម្មការរៀបចំកម្មវិធីក៏បានចាក់ផ្សាយវីដេអូអំពីប្រទេស ប្រជាជន និងសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ដែលផ្តល់ដោយស្ថានកុងស៊ុលវៀតណាម ដែលរួមចំណែកដល់ការជួយសហគមន៍ធុរកិច្ចអូស្ត្រាលីខាងលិចឱ្យយល់កាន់តែច្បាស់អំពីបរិយាកាសវិនិយោគនៅក្នុងប្រទេសវៀតណាម។
ក្នុងរយៈពេលកន្លងមកនេះ ស្ថានកុងស៊ុលវៀតណាមប្រចាំទីក្រុង Perth បានអនុវត្តសកម្មភាពជំរុញពាណិជ្ជកម្មជាច្រើនយ៉ាងសកម្ម ភ្ជាប់អង្គភាពអាជីវកម្ម ផ្តល់ព័ត៌មានទីផ្សារ និងគាំទ្រការស្វែងរកដៃគូ ដោយហេតុនេះបានរួមចំណែកជាក់ស្តែងក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែមានខ្លឹមសារ និងមានប្រសិទ្ធភាពរវាងវៀតណាម និងអូស្ត្រាលីខាងលិច។
បកប្រែដោយ Thanh Cong