វិទ្យាស្ថានការពារជាតិវៀតណាម ទទួលជួបគណៈប្រតិវិទ្យាស្ថានការពារជាតិកាណាដា
កប.អនឡាញ - នៅរសៀលថ្ងៃទី ៣០ ខែមីនា គណៈប្រតិភូ នៃវិទ្យាស្ថានការពារជាតិកាណាដា ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Jeannot Boucher នាយកវិទ្យាស្ថានការពារជាតិកាណាដា បានទៅអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅបណ្ឌិតសភាការពារជាតិវៀតណាម។
លោកឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Tran Viet Khoa សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជានាយកវិទ្យាស្ថានការពារជាតិវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលជួបធ្វើការជាមួយគណៈប្រតិភូ។ អញ្ជើញចូលរួមក៏មានពីលោកឧត្តមសេនីយ៍ទោ Vu Kim Ha អនុប្រធានវិទ្យាស្ថានការពារជាតិវៀតណាម និងមេបញ្ជានៃស្ថាប័ន និងអង្គភាពមួយចំនួន។
    |
 |
|
តំណាងគណៈនាយកវិទ្យស្ថានការពារជាតិវៀតណាម ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូវិទ្យាស្ថានការពារជាតិកាណាដា |
ក្នុងអំឡុងពេលកិច្ចប្រជុំ ប្រធានគណៈប្រតិភូទាំងពីរបានអះអាងថា កិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងកាណាដា ត្រូវបានរដ្ឋាភិបាល និងកងទ័ពនៃប្រទេសទាំងពីរយកចិត្តទុកដាក់ជាពិសេស មានការអភិវឌ្ឍកាន់តែខ្លាំងឡើង ហើយបានក្លាយជាសសរស្តម្ភមួយក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ។ កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរមានគោលបំណងអភិវឌ្ឍទំនាក់ទំនងដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក ដោយរួមចំណែកដល់ការពង្រឹងការពារជាតិ និងសន្តិសុខ រក្សាឯករាជ្យភាព អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីរបស់ប្រទេសនីមួយៗ និងរួមចំណែកដល់ការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ប្រធានគណៈប្រតិភូទាំងពីរបានជម្រាបជូនអំពីលទ្ធផលអនុវត្តភារកិច្ចរបស់សាលាទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រង ការអប់រំ និងបណ្តុះបណ្តាល និងការស្រាវជ្រាវវិទ្យាសាស្ត្រនៅសាលានីមួយៗ។
វៀតណាម និងកាណាដាបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៧៣។ ទំនាក់ទំនងមិត្តភាពត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ហើយបានដំឡើងទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៧ ហើយកំពុងអភិវឌ្ឍយ៉ាងខ្លាំងនៅក្នុងវិស័យផ្សេងៗ៖ ទំនាក់ទំនងនយោបាយ និងការទូតត្រូវបានពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មបានអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ វប្បធម៌ និងការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនបានពង្រីក។
ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីបានបន្តអនុវត្តយ៉ាងសកម្ម ជាពិសេសចាប់តាំងពីកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កាណាដាលើកទី ៣ (ខែកុម្ភៈ ឆ្នាំ២០២៥) ដោយសម្រេចបានលទ្ធផលជាច្រើនក្នុងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ការរក្សាយន្តការសន្ទនា និងពិគ្រោះយោបល់ប្រកបដោយប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឧស្សាហកម្មការពារជាតិ ការដោះស្រាយផលវិបាកនៃសង្គ្រាម ការគ្រប់គ្រងព្រំដែន ការសម្របសម្រួល និងការគាំទ្រនៅក្នុងយន្តការ និងវេទិកាពហុភាគីអន្តរជាតិ។
ប្រទេសកាណាដាគឺជាប្រទេសមួយដែលមានប្រព័ន្ធអប់រំយោធាទំនើប និងជឿនលឿន និងមានបទពិសោធន៍សម្បូរបែបក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ប្រទេសវៀតណាមតែងតែកោតសរសើរចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីប្រទេសកាណាដាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជាពិសេសតាមរយៈកម្មវិធីបណ្តុះបណ្តាល និងសហប្រតិបត្តិការយោធា។
កិច្ចសហប្រតិបត្តិការជាក់ស្តែងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដោយពង្រីក និងធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូ ដើម្បីផលប្រយោជន៍ និងការអភិវឌ្ឍរបស់ប្រជាជននៃប្រទេសទាំងពីរ។
បកប្រែដោយ Pham Diep