មេបញ្ជាការកងទ័ពជើងទឹកអូស្ត្រាលីចូលរួមពិធីជប់លៀងនៅលើនាវាលេខ ០១៦ - Quang Trung នៃកងទ័ពជើងទឹកវៀតណាម
កប.អនឡាញ - នៅយប់ថ្ងៃទី ២៣ ខែមីនា នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងដំណើរទស្សនកិច្ចរបស់នាវាលេខ ០១៦ - Quang Trung នៅប្រទេសអូស្ត្រាលី ដើម្បីចូលរួមក្នុងពិធីព្យុហយាត្រានាវាកងទ័ពជើងទឹកអន្តរជាតិក្នុងឱកាសរំលឹកខួបលើកទី១២៥ នៃទិវាបង្កើតកងទ័ពជើងទឹកភូមិន្ទអូស្ត្រាលី និងការហាត់សមកងទ័ពជើងទឹកពហុភាគី Kakadu 2026 កងទ័ពជើងទឹកប្រជាជនវៀតណាម បានរៀបចំពិធីជប់លៀងនៅលើនាវា។
លោកឧត្តមនាវីត្រី Nguyen Dinh Hung មេបញ្ជាការរងកងទ័ពជើងទឹកប្រជាជនវៀតណាម បានធ្វើជាអធិបតីក្នុងពិធីជប់លៀងដែលមានការចូលរួមពីលោកឧត្តមនាវីទោ Mark Hammond មេបញ្ជាការកងទ័ពជើងទឹកអូស្ត្រាលី។ ពិធីក៏មានការចូលរួមពីលោក Pham Hung Tam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសអូស្ត្រាលី តំណាងស្ថាប័នមានសមត្ថកិច្ចអូស្ត្រាលី កងទ័ពជើងទឹកនៃប្រទេសនានាដែលចូលរួមក្នុងការហាត់សម Kakadu 2026 តំណាងសហគមន៍វៀតណាមនៅអូស្ត្រាលី និងនាយទាហាន នាវិកនៅលើនាវាលេខ ០១៦ - Quang Trung។
    |
 |
|
លោកឧត្តមនាវីត្រី Nguyen Dinh Hung និងលោកឧត្តមនាវីទោ Mark Hammond ក្នុងពិធី |
នៅក្នុងពិធី លោកឧត្តមនាវីត្រី Nguyen Dinh Hung បានសង្កត់ធ្ងន់ថា ក្នុងទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការការពារជាតិនិយាយរួម និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនិយាយដោយឡែក បានក្លាយជាសសរស្តម្ភសំខាន់មួយ ដែលត្រូវបានអនុវត្តកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពតាមរយៈយន្តការផ្លាស់ប្តូរគណៈប្រតិភូ ការសន្ទនា ការបង្វឹកបង្ហាត់ ការបណ្តុះបណ្តាល និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបាន និងកំពុងរួមចំណែកក្នុងការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពនៅលើសមុទ្រនៃតំបន់។
ក្នុងឱកាសនេះ លោកឧត្តមនាវីត្រី Nguyen Dinh Hung បានសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រសួងការពារជាតិ កងទ័ពជើងទឹកអូស្ត្រាលីនិយាយរួម និងលោកឧត្តមនាវីទោ Mark Hammond និយាយដោយឡែក ដែលបានផ្ដល់ជំនួយប្រកបដោយប្រសិទ្ធភាព និងមនោសញ្ចេតនាជូនដល់គណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាម ហើយបញ្ជាក់ថា នេះគឺជាសក្ខីភាពដ៏រស់រវើកមួយចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។
លោកឧត្តមនាវីទោ Mark Hammond បានសម្តែងកិត្តិយសដោយបានទទួលស្វាគមន៍នាវាលេខ ០១៦-Quang Trung មកកាន់ទីក្រុងស៊ីដនី និងអបអរសាទរវៀតណាមចំពោះការចូលរួមលើកទីពីរក្នុងការហាត់សម Kakadu។ លោកសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូសំខាន់មួយរបស់ប្រទេសអូស្ត្រាលី។ ការដំឡើងទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមជាមួយនឹងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិភាពក្នុងខែមីនា ឆ្នាំ២០២៤ គឺមានសារៈសំខាន់ ក្នុងនោះ កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខយ៉ាងស៊ីជម្រៅ និងជាក់ស្តែង គឺជាសសរស្តម្ភសំខាន់មួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយអូស្ត្រាលីប្តេជ្ញាជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ៕
បកប្រែដោយ Thuy Anh