នៅដើមខែមីនា ឆ្នាំ២០២៦ តំបន់ Abiemnhom នៃប្រទេសស៊ូដង់ខាងត្បូងត្រូវបានរង្គោះរង្គើដោយជម្លោះហិង្សាធ្ងន់ធ្ងរផ្ទុះឡើង។ យោងតាមរបាយការណ៍ដំបូងពីអាជ្ញាធរមូលដ្ឋាន និងទីភ្នាក់ងារមនុស្សធម៌អន្តរជាតិ ការវាយប្រហារបានបណ្តាលឱ្យមានមនុស្សជិត ១៨០ នាក់ស្លាប់ និងរាប់សិបនាក់រងរបួសក្នុងនោះមានរួមទាំងស្ត្រី និងកុមារជាច្រើនមកពីក្រុមជនជាតិ Nuer និង Dinka នៃប្រទេសស៊ូដង់ខាងត្បូង។

leftcenterrightdel
លោក Pham Phu Hai លើកទឹកចិត្ត និងទៅសួរសុខទុក្ខជនភៀសខ្លួនកំពុងជួបប្រទះការលំបាក

ការផ្ទុះឡើងនៃអំពើហិង្សាបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់រត់គេចខ្លួនចេញពីផ្ទះរបស់ពួកគេក្នុងស្ថានភាពលំបាកខ្លាំង។ មនុស្សជាង ៤,០០០ នាក់បានភៀសខ្លួនទៅកាន់តំបន់ Abyei ដើម្បីស្វែងរកទីជ្រកកោនសុវត្ថិភាព ដែលបង្កើតវិបត្តិមនុស្សធម៌ក្នុងតំបន់ដែលខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងធនធានសង្គ្រោះស្រាប់រួចទៅហើយ។

ជនភៀសខ្លួនភាគច្រើនជាស្ត្រី មនុស្សចាស់ជរា និងកុមារ ដែលជាក្រុមងាយរងគ្រោះបំផុតនៅក្នុងជម្លោះ។ លើសពីនេះ ដោយសារតែការផ្លាស់ទីលំនៅជាបន្តបន្ទាប់របស់ពួកគេក្នុងរយៈពេលជាច្រើនថ្ងៃ ជនភៀសខ្លួនភាគច្រើនស្ថិតក្នុងស្ថានភាពភ័យស្លន់ស្លោ និងនឿយហត់អស់កម្លាំងទាំងខាងរាងកាយ និងផ្លូវចិត្ត។

ប្រឈមមុខនឹងស្ថានភាពនោះ កម្លាំងរក្សាសន្តិភាពនៃ UNISFA បានបើករាល់យន្តការសកម្មភ្លាមៗរបស់ខ្លួន ដើម្បីធានាសន្តិសុខ និងផ្តល់ជំនួយមនុស្សធម៌ ខណៈពេលដែលធានាថាជនភៀសខ្លួនអាចទទួលបាននូវតម្រូវការចាំបាច់បំផុតដើម្បីទ្រទ្រង់ជីវិតរបស់ពួកគេ។

នៅក្នុងបរិបទដ៏ច្របូកច្របល់នោះ កងទ័ពមួកខៀវរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិបានក្លាយជាសសរស្តម្ភនៃការជួយគាំទ្រដល់ជនស៊ីវិលដែលភ័យស្លន់ស្លោរត់គេចខ្លួនពីជម្លោះ។ ការិយាល័យ U9 របស់លោក Pham Phu Hai ដែលដើរតួនាទីនាំមុខគេក្នុងការសម្របសម្រួលដល់រាល់សកម្មភាពគាំទ្រជនភៀសខ្លួនរាប់ពាន់នាក់ ដែលរងផលប៉ះពាល់ដោយជម្លោះ រត់គេចខ្លួនទៅកាន់ Abyei គឺជាតំណភ្ជាប់ដ៏សំខាន់មួយក្នុងការកំណត់ប្រសិទ្ធភាពនៃប្រតិបត្តិការឆ្លើយតបនេះ។

ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានអំពីរលកជនភៀសខ្លួនពី Abiemnhom ការិយាល័យ U9 បានបង្កើតយន្តការសម្របសម្រួលយ៉ាងឆាប់រហ័សរវាងកងកម្លាំងយោធានៃ UNISFA និងអង្គការមនុស្សធម៌នានារបស់អង្គការសហប្រជាជាតិ និងអាជ្ញាធរមូលដ្ឋាន។ កងកម្លាំង UNISFA ក៏បានបង្កើនការល្បាតដើម្បីធានាសន្តិសុខនៅក្នុងតំបន់ដែលមានជនភៀសខ្លួនច្រើន ខណៈពេលក៏គាំទ្រដល់ការការពារក្បួនរថយន្តជំនួយមនុស្សធម៌ដែលធ្វើដំណើរទៅកាន់សហគមន៍ដែលរងផលប៉ះពាល់ផងដែរ។

ក្នុងស្ថានភាពអាសន្ន មានពេលវេលាតិចតួចណាស់សម្រាប់ការរៀបចំ ហើយទាមទារការសម្រេចចិត្តនីមួយៗត្រូវតែធ្វើឡើងយ៉ាងឆាប់រហ័ស និងត្រឹមត្រូវបំផុត។ នៅក្នុងកិច្ចប្រជុំសម្របសម្រួលអន្តរភ្នាក់ងារ លោក Pham Phu Hai បានផ្លាស់ប្តូរព័ត៌មានជាបន្តបន្ទាប់ជាមួយតំណាងអង្គការមនុស្សធម៌អង្គការសហប្រជាជាតិ អាជ្ញាធរមូលដ្ឋាន និងអង្គភាពយោធានៅក្នុងកម្លាំងបំពេញបេសកកម្ម។

លោក Pham Phu Hai រួមជាមួយនិងសហការីរបស់គាត់មិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់ព័ត៌មានរវាងកងកម្លាំងរក្សាសន្តិភាព និងអង្គការមនុស្សធម៌នានាដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នោះទេ ប៉ុន្តែថែមទាំងបានចូលរួមដោយផ្ទាល់នៅក្នុងការងារនៅទីវាលជាក់ស្តែងផងដែរ។ គាត់បានមានវត្តមានជាមួយក្រុម CIMIC ដែលធ្វើការសិក្សាស្រាវជ្រាវទីវាលខាងក្រៅជាក់ស្តែងនៅក្នុងតំបន់ប្រមូលផ្តុំជនភៀសខ្លួន ដើម្បីវាយតម្លៃយ៉ាងឆាប់រហ័សនូវតម្រូវការខាងអាហារ ទឹកស្អាត ជម្រកបណ្តោះអាសន្ន និងសេវាវេជ្ជសាស្រ្ត។

នៅក្រោមពន្លឺព្រះអាទិត្យដ៏ក្តៅ និងធូលីក្រហមដ៏ពិសេសនៃ Abyei កងទ័ពមួកខៀវបាននាំមកនូវក្តីសង្ឃឹមដល់ជនភៀសខ្លួនដែលអស់សង្ឃឹមដែលជ្រកកោននៅក្នុងជំរំតង់ដ៏ចង្អៀត ខ្វះទឹកស្អាត អាហារ និងការថែទាំវេជ្ជសាស្រ្តជាមូលដ្ឋាន។

ក្នុងស្ថានភាពជួបវិបត្តិដូចនេះ អ្វីដែលសំខាន់បំផុតគឺត្រូវធានាការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងកងកម្លាំងរក្សាសន្តិភាព និងអង្គការមនុស្សធម៌ ដើម្បីឱ្យជនភៀសខ្លួនទទួលបានការគាំទ្រទាន់ពេលវេលាបំផុត។ នេះគឺដើម្បីធានាថាបុគ្គលទាំងនេះទទួលបានការថែទាំ និងសកម្មភាពមនុស្សធម៌នៅពេលមកដល់ Abyei។ ការងារទទួល និងជួយជនភៀសខ្លួនមកពីស៊ូដង់ខាងត្បូង ដែល UNISFA កំពុងអនុវត្តនោះ គឺស្មុគស្មាញខ្លាំងណាស់។ ដោយសារទទួលបានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកងកម្លាំង សកម្មភាពគាំទ្រសង្គ្រោះបន្ទាន់ជាច្រើនត្រូវបានដាក់ពង្រាយយ៉ាងឆាប់រហ័ស ដោយជួយមនុស្សរាប់ពាន់នាក់ឱ្យទទួលបានអាហារ ទឹក និងសេវាវេជ្ជសាស្រ្តចាំបាច់។

ដោយចែករំលែកពីអារម្មណ៍របស់ខ្លួនបន្ទាប់ពីបញ្ចប់បេសកកម្មដ៏លំបាកមួយ លោក Pham Phu Hai បាននិយាយថា នៅក្នុងបរិយាកាសពហុជាតិសាសន៍ និងពហុវប្បធម៌ ដែលពោរពេញដោយអស្ថិរភាព និងប្រជាជនតែងតែស្ថិតក្នុងការថប់បារម្ភ ភ័យខ្លាច និងសង្ស័យជានិច្ច បានជាដំណោះស្រាយជាច្រើននៅតែមិនគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហានោះទេ។ លោកបានមានប្រសាសន៍ថា "នៅទីនេះ កត្តាមនុស្ស និងការជឿទុកចិត្តគឺជាគន្លឹះ"។ ក្នុងអំឡុងពេលនៃការធ្វើដំណើរតាមទីវាលជាក់ស្តែងរបស់ខ្លួន លោក Pham Phu Hai មិនត្រឹមតែធ្វើការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏បានម្ចាស់ការជួបទាក់ទងជាមួយមេដឹកនាំសហគមន៍នានាយ៉ាងសកម្ម ជួបសំណេះសំណាលជាមួយប្រជាជន និងផ្ទៀងស្តាប់រឿងរ៉ាវរបស់ពួកគេអំពីការលំបាកចាប់ពីកង្វះទឹកស្អាត និងអាហារ រហូតដល់ការព្រួយបារម្ភអំពីសុវត្ថិភាពរបស់កុមារតូចៗ...

សកម្មភាពតូចៗទាំងនេះបានបំបាត់ការសង្ស័យរបស់ប្រជាជនបន្តិចម្តងៗ។ របៀបទាក់ទងរស់រវើក និងស្មោះត្រង់របស់គាត់បានជួយគាត់ និងសហការីរបស់គាត់កសាងទំនុកចិត្ត និងធានាដល់ប្រជាជនឱ្យពួកគេមានអារម្មណ៍សុវត្ថិភាពជាងមុនក្នុងការទទួលបានការគាំទ្រពីកងទ័ពមួកខៀវបន្ទាប់ពីការធ្វើដំណើរដ៏ហត់នឿយដែលរត់គេចពីសង្គ្រាម និងជម្លោះ ដើម្បីស្វែងរកកន្លែងជ្រកកោនដែលមានសុវត្ថិភាព។

លោក Hai បាននិយាយថា “កងទ័ពវៀតណាមតែងតែចាត់ទុកការជួយប្រជាជនជាការទទួលខុសត្រូវរបស់ខ្លួន។ នៅពេលដែលយើងស្តាប់ និងចែករំលែកជាមួយប្រជាជន ពួកគេមានអារម្មណ៍ថាត្រូវបានគោរព ឱ្យតំលៃ បានជាពួកគេត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយកងកម្លាំងរក្សាសន្តិភាព”។

នៅក្នុងបរិយាកាសការងារអន្តរជាតិ កងទ័ពប្រជាជនវៀតណាម តែងតែលើកកម្ពស់យ៉ាងសកម្មនូវស្មារតី “ដើម្បីប្រជាជន” និងប្រពៃណីចលនាមហាជនដើម្បីបំពេញបេសកកម្មរបស់ខ្លួន។ ផ្តើមពីមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តដែលបានកសាងឡើងជាមួយប្រជាជននោះ រាល់សកម្មភាពគាំទ្ររបស់ UNISFA ត្រូវបានអនុវត្តកាន់តែរលូន និងមានប្រសិទ្ធភាព។

លោក Pham Phu Hai ក៏ដូចជានាយទាហានវៀតណាមជាច្រើននាក់ផ្សេងទៀតនៅ UNISFA ដែរ តែងតែផ្សព្វផ្សាយរីកសាយភាយពីរូបភាពស្អាតៗរបស់កងទ័ពប្រជាជនវៀតណាម នៅក្នុងបរិយាកាសអន្តរជាតិដែលមានវិជ្ជាជីវៈ និងមនុស្សធម៌ ដោយតែងតែប្រកាន់ខ្ជាប់ខ្ជួនគោលការណ៍ចាត់ទុកប្រជាជនជាស្នូល៕

បកប្រែដោយ Minh Trung