ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ

ចាប់ពីព្រឹកព្រលឹម ផ្ទះវប្បធម៌មិត្តភាពវៀតណាម-ចិន ក្នុងឃុំ Hoang Mo ខេត្ត Quang Ninh ប្រទេសវៀតណាម និងទីលានវប្បធម៌ទីក្រុងដុងស៊ីង ក្នុងខេត្តក្វាងស៊ី ប្រទេសចិន មានមនុស្សច្រើន។ ទាំងនេះគឺជាទីតាំងពីរដែលកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃ និងចែកចាយថ្នាំសម្រាប់ប្រជាជននៅក្នុងភូមិតូចៗតាមបណ្តោយព្រំដែនវៀតណាម-ចិនបានធ្វើឡើង។ សកម្មភាពដ៏មានអត្ថន័យបំផុតនេះគឺជាផ្នែកមួយនៃកម្មវិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី ១០។

លក្ខណៈពិសេសមួយនៃកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃ និងចែកចាយថ្នាំនៅសងខាងព្រំដែនគឺគ្រូពេទ្យយោធាវៀតណាម និងចិនបានសហការគ្នាដើម្បីពិនិត្យសុខភាពប្រជាជន។ នៅប្រទេសវៀតណាម ព្រឹត្តិការណ៍នេះមានការចូលរួមពីកម្មាភិបាលពេទ្យយោធា វេជ្ជបណ្ឌិត និងអ្នកជំនាញ រួមជាមួយវេជ្ជបណ្ឌិត។ រីឯនៅប្រទេសចិន កងពេទ្យយោធាចិនជាអ្នកទទួលខុសត្រូវ ដោយមានការចូលរួមពីកម្មាភិបាលពេទ្យយោធាវៀតណាមចំនួន ២០ នាក់ផងដែរ។ រូបភាពគ្រូពេទ្យមកពីប្រទេសទាំងពីររួមជាមួយគ្នានៅក្នុងកន្លែងពិនិត្យសុខភាពប្រជាជននៅសងខាងព្រំដែន បានធ្វើឱ្យសកម្មភាពនេះកាន់តែមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ រូបភាពនេះក៏គឺជាការបង្ហាញយ៉ាងរស់រវើកអំពីកិច្ចសហប្រតិបត្តិការវិជ្ជាជីវៈ ស្មារតីនៃការចែករំលែក និងចំណងមិត្តភាពដែលបានបញ្ជាក់តាមរយៈសកម្មភាព។

យោងតាមលោកឧត្តមសេនីយ៍ត្រី Tran Cong Truong អនុប្រធាននាយកដ្ឋានវេជ្ជសាស្ត្រយោធា អគ្គនាយកដ្ឋានភស្តុភារ និងបច្ចេកទេស រាល់សកម្មភាពពិនិត្យ និងព្យាបាលសុខភាពប្រជាជនពិតជាមានសារៈសំខាន់ខាងនយោបាយ សង្គម និងមនុស្សធម៌ខ្ពស់ ដែលមានគោលបំណងបង្ហាញពីការដឹងគុណចំពោះជំនួយ និងការគាំទ្រពីប្រជាជន និងអាជ្ញាធរមូលដ្ឋានចំពោះកងទ័ពនៃប្រទេសទាំងពីរ។ សកម្មភាពនេះនឹងរួមចំណែកដល់ការពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរនិយាយរួម និងកងកម្លាំងពេទ្យយោធានិយាយដោយឡែក។

រីឯនាយកមន្ទីរពេទ្យលេខ ៩២៤ ភាគីចិន ក៏បានសម្តែងការរីករាយក្នុងការចូលរួមក្នុងកម្មវិធីមនុស្សធម៌ដ៏មានអត្ថន័យនេះជាមួយកងកម្លាំងពេទ្យយោធានៃកងទ័ពប្រជាជនវៀតណាម។ យោងតាមលោក ការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃសម្រាប់ប្រជាជននៅតំបន់ព្រំដែនគឺជាឧទាហរណ៍ដ៏រស់រវើកមួយនៃការធ្វើឱ្យការយល់ដឹងរួមគ្នារវាងប្រទេសទាំងពីរកាន់តែច្បាស់លាស់ស៊ីជម្រៅលើការកសាងសហគមន៍វៀតណាម-ចិន ចែករំលែកអនាគតរួម ហើយនេះក៏ជាជំហានជាក់ស្តែងមួយដើម្បីពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរសហប្រតិបត្តិការ និងជួបជុំមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។

leftcenterrightdel
 

leftcenterrightdel
គ្រូពេទ្យយោធាវៀតណាម និងចិន សហការគ្នាក្នុងការថែទាំសុខភាពប្រជាជន

ជួយប្រជាជននៅតំបន់ព្រំដែនដោយអស់ពីចិត្ត

ចូលរួមសកម្មភាពពិនិត្យ និងព្យាបាលសុខភាពទាំងសងខាងព្រំដែនវៀតណាម និងចិន គឺជាអ្នកជំនាញវេជ្ជសាស្ត្រ គ្រូពេទ្យដែលមានសមត្ថភាពខ្ពស់ដោយត្រូវបានបំពាក់ដោយឧបករណ៍ និងគ្រឿងចក្រទំនើបៗ ដែលបំពេញតម្រូវការជាមូលដ្ឋានសម្រាប់ការពិនិត្យ និងរកឃើញជំងឺសាមញ្ញៗសម្រាប់ប្រជាជន។ លើសពីនេះ គ្រូពេទ្យក៏បានជួយផ្សព្វផ្សាយចំណេះដឹងអំពីការថែទាំសុខភាព និងផ្តល់ដំបូន្មានស៊ីជម្រៅលើជំងឺស្មុគស្មាញមួយចំនួន រួមចំណែកដល់ការកែលម្អគុណភាពនៃការថែទាំសុខភាពសម្រាប់ប្រជាជននៅតំបន់ព្រំដែន។ តាមរយៈការពិនិត្យ គ្រូពេទ្យយោធាបានរកឃើញករណីជំងឺជាច្រើននៅដំណាក់កាលដំបូង ដោយផ្តល់ដំបូន្មាន និងថ្នាំពេទ្យទាន់ពេលវេលាដល់ប្រជាជនដើម្បីអាចអន្តរាគម និងព្យាបាលបានឆាប់ៗ ការពារជំងឺវិវត្តទៅដំណាក់កាលធ្ងន់ធ្ងរជាងនេះ។

លោកស្រី Chiu Tai Mui អាយុ ៧៩ ឆ្នាំ ជាស្ត្រីជនជាតិភាគតិច Dao Thanh Phan នៅភូមិ Phai Lau (ឃុំ Hoanh Mo ខេត្ត Quang Ninh) តែងតែមានអាការៈឈឺក្បាល ប៉ុន្តែដោយសារតែស្ថានភាពជីវភាពរស់នៅលំបាក គាត់មិនមានឱកាសទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពទេ។ លើកនេះ ការទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃ និងថ្នាំពេទ្យពីគ្រូពេទ្យយោធាវៀតណាម និងចិន បានធ្វើឱ្យលោកស្រី Mui មានក្តីសប្បាយចិត្តយ៉ាងខ្លាំង។ “ខ្ញុំទទួលបានការថតកាំរស្មីអ៊ិច អ៊ុលត្រាសោន គ្រូពេទ្យយោធាមានការយកចិត្តទុកដាក់លើអ្នកឈឺណាស់។ ពួកគេមិនត្រឹមតែពិនិត្យខ្ញុំយ៉ាងហ្មត់ចត់ល្អិតល្អន់ប៉ុណ្ណោះទេ ថែមទាំងផ្តល់ថ្នាំពេទ្យ និងផ្តាំដំបូន្មានខ្ញុំឱ្យលេបថ្នាំជាប្រចាំទៀតផង។ ខ្ញុំសង្ឃឹមថាគ្រូពេទ្យនឹងមកទីនេះច្រើនដងទៀត ដើម្បីជួយមនុស្សក្រីក្រដូចជាក្រុមគ្រួសាររបស់ខ្ញុំ” លោកស្រី Chiu Tai Mui បាននិយាយក្នុងក្តីរំភើបចិត្ត។

ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ គ្រូពេទ្យយោធាមកពីប្រទេសវៀតណាម និងចិន បានពិនិត្យសុខភាព ផ្តល់ដំបូន្មានណែនាំអំពីរបៀបបង្ការ និងព្យាបាលជំងឺ និងចែកចាយថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនប្រមាណ ១,៧០០ នាក់ទាំងនៅក្នុងប្រទេសវៀតណាម និងចិន... តាមរយៈការពិនិត្យ គ្រូពេទ្យយោធាបានរកឃើញករណីជំងឺជាច្រើននៅដំណាក់កាលដំបូង ដោយផ្តល់ដំបូន្មាន និងថ្នាំទាន់ពេលវេលាដល់ប្រជាជន ដើម្បីឱ្យអន្តរាគមន៍ និងការព្យាបាលដំបូងអាចត្រូវបានចាប់ផ្តើម ដោយការពារជំងឺពីការវិវត្តទៅដំណាក់កាលធ្ងន់ធ្ងរជាងនេះ។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី កម្លាំងពេទ្យយោធាបានប្រគល់កញ្ចប់អំណោយចំនួន ១០ ដល់គ្រួសារអ្នកទទួលរបបគោលនយោបាយជាគំរូនៅក្នុងឃុំ Hoanh Mo ហើយក៏បានទៅដល់ផ្ទះរបស់អ្នកជំងឺធ្ងន់ធ្ងរមួយចំនួនដែលមិនអាចធ្វើដំណើរទៅកាន់កន្លែងពិនិត្យបាន ដើម្បីផ្តល់ការពិនិត្យ ថ្នាំ និងដំបូន្មានសុខភាព។ យើងអាចនិយាយបានថា គ្រូពេទ្យយោធានៃប្រទេសទាំងពីរបានបម្រើប្រជាជនដោយស្មោះអស់ពីចិត្ត មិនខ្វល់ភាពនឿយហត់ជាមួយនឹងការលះបង់ខ្ពស់ដើម្បីភាពរីករាយរបស់ប្រជាជន រាល់សកម្មភាពនេះមិនមែនគ្រាន់តែជាសកម្មភាពវិជ្ជាជីវៈនោះទេ ប៉ុន្តែវាក៏បង្ហាញពីក្តីស្រលាញ់ និងចំណងមិត្តភាពរវាងយោធា និងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

បកប្រែដោយ Minh Trung