លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិន
កប.អនឡាញ - នាព្រឹកថ្ងៃទី១៨ ខែមីនា នៅច្រកទ្វារព្រំដែនអន្តរជាតិ Mong Cai (ខេត្ត Quang Ninh) បានប្រព្រឹត្តទៅពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដែលមកកាន់វៀតណាមដើម្បីចូលរួមសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន វៀតណាម-ចិន លើកទី១០។
ពិធីទទួលបដិសណ្ឋារកិច្ចត្រូវបានរៀបចំយ៉ាងឱឡារិក ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឧត្តមសេនីយ៍ឯក Dong Jun និងគណៈប្រតិភូចិនមកកាន់វៀតណាម ដើម្បីចូលរួមជំនួបប្រាស្រ័យ។ ពិធីទទួលបដិសណ្ឋារកិច្ចបានធ្វើឡើងក្នុងបរិយាកាសពោរពេញទៅដោយចំណងមិត្តភាព ដោយមានប្រជាជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករគ្រវីទង់ជាតិ និងផ្កា ស្រែកហោរពាក្យស្លោក " វៀតណាម-ចិន មិត្តភាព វៀតណាម-ចិន សាមគ្គី " ដើម្បីស្វាគមន៍គណៈប្រតិភូចិនតាមបណ្តោយសងខាងស្ពាន Bac Luan ១។
រដ្ឋមន្ត្រីទាំងពីរបានរួមគ្នាដាំដើមឈើមិត្តភាពនៅក្នុងបរិវេណនៃច្រកទ្វារព្រំដែនអន្តរជាតិ Mong Cai និងថតរូបទុកជាអនុស្សាវរីយ៍ជាមួយគណៈប្រតិភូវៀតណាម និងចិន។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងចូលរួមសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យនៅវៀតណាម រួមមាន៖ ចូលរួមពិធីបើកការដ្ឋានសាងសង់ស្ថានីយសុខាភិបាលឃុំ Hai Son; ទស្សនាវិទ្យាល័យ Tran Phu; ទស្សនាប៉ុស្តិ៍ការពារព្រំដែន Tra Co និងចូលរួមកិច្ចសន្ទនាដ៏សំខាន់មួយ។
ខាងក្រោមនេះជារូបថតមួយចំនួនពីពិធីទទួលបដិសណ្ឋារកិច្ច៖
បកប្រែដោយ Huyen Trang