កិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន
កប.អនឡាញ - នៅថ្ងៃទី១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានដឹកនាំកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន។
ភាគីទាំងពីរបានសម្តែងនូវការរីករាយចំពោះការអភិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ចាប់តាំងពីកិច្ចប្រជុំលើកទី១៦ (ខែធ្នូ ឆ្នាំ២០២៤) ដល់បច្ចុប្បន្ន។ ដោយអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ និងសង្កត់ធ្ងន់លើសារៈសំខាន់ និងអាទិភាពនៃទំនាក់ទំនងទ្វេភាគីនៅក្នុងគោលនយោបាយការបរទេសរបស់ប្រទេសនីមួយៗ ភាគីទាំងពីរបានឯកភាពគ្នាថា នាពេលកន្លងមកនេះ ទំនាក់ទំនងវៀតណាម-ចិនសម្រេចបានលទ្ធផលវិជ្ជមាន។
    |
 |
|
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន |
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ បង្កើនជំនួបជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ លើកកម្ពស់តួនាទីសម្របសម្រួលរួមរបស់គណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យ ពង្រីកកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា ជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងពង្រឹងកិច្ចសហការនៅវេទិកាពហុភាគី។
លោក Bui Thanh Son បានស្នើឲ្យភាគីទាំងពីរជម្រុញការបង្កើតក្រុមការងារអន្តររដ្ឋាភិបាលនៅក្នុងវិស័យសំខាន់ៗ ផ្តល់អាទិភាពខ្ពស់ដល់កិច្ចសហប្រតិបត្តិការផ្លូវដែក បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមក្នុងការបើកការិយាល័យជម្រុញពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងប្រទេសចិន និងបន្តបើកទីផ្សារសម្រាប់ផលិតផលកសិកម្ម និងជលផលរបស់វៀតណាម។ លោក Bui Thanh Son ក៏បានសង្ឃឹមដែរថា ភាគីទាំងពីរនឹងបង្កើនការវិនិយោគរបស់ចិននៅក្នុងប្រទេសវៀតណាម ដោះស្រាយឧបសគ្គនៅក្នុងគម្រោងជំនួយមួយចំនួន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធថាមពល និងច្រកទ្វារព្រំដែន។ លោក Bui Thanh Son បានស្នើឲ្យពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម បរិស្ថាន ហិរញ្ញវត្ថុ និងធនាគារ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សុខាភិបាល និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។
រីឯលោក វ៉ាង យី បានបញ្ជាក់ថា ប្រទេសចិនយកចិត្តទុកដាក់ដល់ការជម្រុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយវៀតណាម ហើយត្រៀមខ្លួនជាស្រេចចែករំលែកឱកាសអភិវឌ្ឍន៍ និងគាំទ្រវៀតណាមក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ និងភាពខ្លួនទីពឹងខ្លួន។ ប្រទេសចិនត្រៀមខ្លួនជាស្រេចពង្រីកការនាំចូលទំនិញដែលមានគុណភាពខ្ពស់ ជាពិសេសផលិតផលកសិកម្ម និងជម្រុញពាណិជ្ជកម្មដែលមានតុល្យភាព។ លោក វ៉ាង យី ក៏បានស្នើឲ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗដូចជា បច្ចេកវិទ្យាខ្ពស់ នវានុវត្តន៍ និងថាមពលស្អាត។ លោកសម្តែងនូវបំណងប្រាថ្នាចង់ភាគីទាំងពីរជម្រុញជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ សុខាភិបាល និងការអប់រំ ហើយបានអះអាងថា ប្រទេសចិននឹងផ្តល់អាហារូបករណ៍បន្ថែមទៀតដល់និស្សិតវៀតណាម។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ដោយស្មោះត្រង់លើបញ្ហាសមុទ្រ ដោយយល់ព្រមបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវទស្សនៈរួមជាន់ខ្ពស់ គ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នា និងរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត៕
បកប្រែដោយ Thuy Anh