អំពីទំនាក់ទំនងទ្វេភាគី លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យប្រទេសទាំងពីរគួរតែបន្តសហការយ៉ាងជិតស្និទ្ធដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការសន្យា និងកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាមទៅកាន់ប្រទេសអង់ហ្គោឡា កាលពីខែសីហា ឆ្នាំ២០២៥ មក ជាពិសេសក្នុងវិស័យដែលមានប្រៀបខ្លាំងដូចជា ពាណិជ្ជកម្ម វិនិយោគ កសិកម្ម រុករករ៉ែ និងសន្តិសុខថាមពល បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីការតម្រង់ទិសការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-អង់ហ្គោឡា​ ក្នុងដំណាក់កាលថ្មី។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក João Manuel Gonçalves Lourenço ប្រធានាធិបតីនៃសាធារណរដ្ឋអង់ហ្គោឡា (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានស្នើឱ្យភាគីទាំងពីរអនុវត្តយន្តការសហប្រតិបត្តិការដែលមានស្រាប់ដូចជាគណៈកម្មា​ធិការអន្តររដ្ឋាភិបាល និងការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ និងបញ្ចប់ការចរចាឱ្យបានឆាប់ដើម្បីឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកទឹកចិត្ដ និងគាំពារវិនិយោគ និងកិច្ចព្រមព្រៀងស្តីពីការចៀសវាងការ​យកពន្ធត្រួតគ្នា។

លោកនាយករដ្ឋមន្ត្រីវៀតណាម សង្ឃឹមថា ជាមួយនឹងកិត្យានុភាពរបស់ខ្លួននៅក្នុងសហភាពអាហ្វ្រិក អង់ហ្គោឡានឹងគាំទ្រ​វៀតណាមក្នុងការពង្រឹងទំនាក់ទំនងជាមួយសហភាពអាហ្វ្រិក ជាពិសេសនៅក្នុងវិស័យអាទិភាពនៅក្នុងរបៀបវារៈចក្ខុវិស័យ ២០៦៣ ដូចជាការរក្សាសន្តិភាព កសិកម្ម សុខាភិបាល អប់រំ និងការធ្វើបរិវត្ដកម្មឌីជីថល។ ព្រមទាំងបញ្ជាក់ថា វៀតណាមត្រៀមខ្លួនគាំទ្រអង់ហ្គោឡាក្នុងការលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសអាស៊ាន។

លោក João Manuel Gonçalves Lourenço ប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយវៀតណាម ត្រៀមខ្លួនស្តាប់និងជំរុញឱកាសសហប្រតិបត្តិការរវាងខឿនសេដ្ឋកិច្ចទាំងពីរ។

លោកប្រធានាធិបតីអង់ហ្គោឡា សង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូរវាងរដ្ឋាភិបាល និងអាជីវកម្មនៃភាគីទាំងពីរដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនបន្ថែមទៀត និងអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងការសន្យារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

លោកប្រធានាធិបតីអង់ហ្គោឡា បានសម្តែងការពេញចិត្ដចំពោះការវាយតម្លៃរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី វៀតណាមអំពីស្ថានភាពជម្លោះនៅមជ្ឈិមបូព៌ា ហើយបញ្ជាក់ថា ប្រទេសដែលរងផលប៉ះពាល់ត្រូវផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលគ្នាដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដោយជម្លោះ។ ព្រមទាំងចែករំលែកការលំបាកក្នុងការធានាសន្តិសុខថាមពលរបស់វៀតណាមក្នុងបរិបទនេះ លោកប្រធានាធិបតីអង់ហ្គោឡា បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការថាមពលរវាងប្រទេសទាំងពីរនាពេលខាងមុខ ដូចអ្វីដែលស្នើដោយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម៕

បកប្រែដោយ Pham Diep