នៅក្នុងជំនួប លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យជប៉ុនគាំទ្រវៀតណាម ដោយផ្តល់ប្រេងឆៅពីប្រភពបម្រុងរបស់ជប៉ុន។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យជប៉ុនបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាម ទទួលបានប្រភពប្រេងឥន្ធន: ខណៈដែលរដ្ឋាភិបាលជប៉ុនកំពុងពិចារណាបញ្ចេញប្រេងចំនួន ៨០ លានបារ៉ែលពីឃ្លាំងបម្រុងរបស់ខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ា ព្រមទាំងពន្លឿនវឌ្ឍនភាពនៃគម្រោងរោងចក្រថាមពលកំដៅ O Mon លេខ ២ ដើម្បីធានាថា អាចទទួលបានលំហូរឧស្ម័ន Lo B បន្ទាប់ពីត្រូវបានកេងប្រវ័ញ្ច។ លោកនាយករដ្ឋមន្ត្រីក៏សង្ឃឹមដែរថា រដ្ឋាភិបាលជប៉ុននឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាម ទិញប្រេងឥន្ធនៈអាកាសចរណ៍ពីទុនបម្រុងរបស់ជប៉ុន។
ដោយមានបំណងពង្រឹង និងជំរុញដំណើរទស្សនកិច្ចកម្រិតខ្ពស់ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ កិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត (AI) យានអវកាសគ្មានមនុស្សបើក (UAV) មូលដ្ឋានទិន្នន័យ និងការលើកកម្ពស់គុណភាពធនធានមនុស្ស កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ លោកនាយករដ្ឋមន្ត្រី កសង្ឃឹមថា ជប៉ុននឹងបន្តគាំទ្រការបណ្តុះបណ្តាលធនធានមនុស្ស ហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យាក្នុងវិស័យបច្ចេកវិទ្យាអវកាស។
រីឯលោក Ito Naoki ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំវៀតណាម បានសង្កត់ធ្ងន់ថា ជប៉ុននឹងបន្តគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាអវកាសនៅវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា លោកនឹងចែករំលែកព័ត៌មាន និងជម្រាបជូននាយករដ្ឋមន្ត្រីជប៉ុនអំពីបំណងប្រាថ្នារបស់វៀតណាមក្នុងការបើកឃ្លាំងបំរុងប្រេងចំនួន ៨០ លានបារ៉ែល ដោយហេតុនោះ គាំទ្រដល់វៀតណាមក្នុងការកាត់បន្ថយផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ា។ លោក Ito Naoki ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា នឹងបន្តសហប្រតិបត្តិការ និងលើកឡើងយន្តការគាំទ្រដល់រោងចក្រចម្រាញ់ប្រេង Nghi Son ក្នុងការធានាការផ្គត់ផ្គង់ប្រេងបន្ថែម។ ទាក់ទងនឹងគម្រោងរោងចក្រថាមពលកម្ដៅ O Mon លេខ២ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា គម្រោងនេះកំពុងដំណើរការទៅដោយរលូន និងបានបង្ហាញថា ការទាញយកប្រេងលើកដំបូងអាចចាប់ផ្តើមនៅឆ្នាំ ២០២៧ ដោយបំពេញតម្រូវការថាមពល។
នាព្រឹកថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួបលោក Bader Abdullah Almatrooshi ឯកអគ្គរដ្ឋទូតអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំវៀតណាម។
នៅក្នុងជំនួប លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឱ្យលោកឯកអគ្គរដ្ឋទូតសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាបន្ទាន់ ក្នុងនោះមានការផ្គត់ផ្គង់ប្រេង និងឧស្ម័នសម្រាប់វៀតណាម។ វៀតណាមសង្ឃឹមថា នឹងទទួលបានការដឹកជញ្ជូនប្រេងជើងដំបូងពីអេមីរ៉ាតអារ៉ាប់រួមក្នុងពេលឆាប់ៗនេះ។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក៏បានសម្តែងការព្រួយបារម្ភជាពិសេសរបស់វៀតណាមចំពោះស្ថានភាពបច្ចុប្បន្ននៅអេមីរ៉ាតអារ៉ាប់រួមនិយាយរួម និងមជ្ឈិមបូព៌ានិយាយដោយឡែកដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសជាច្រើន បណ្តាលការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល និងផលប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សារសេដ្ឋកិច្ច និងថាមពលពិភពលោក។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានបញ្ជាក់ពីគោលជំហរឥតងាករ៉េរបស់វៀតណាម គឺជម្លោះត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនា និងការចរចា ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
រីឯលោក Bader Abdullah Almatrooshi បានថ្លែងថា លោកបានទទួលសំណើមួយពីវៀតណាម ហើយកំពុងដោះស្រាយសំណើ ដាក់ពង្រាយការផ្គត់ផ្គង់ប្រេង និងឧស្ម័នមកកាន់វៀតណាមតាមតម្រូវការ ដោយធានាបាននូវ “សុវត្ថិភាព និងទាន់ពេលវេលា”។ លោកបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រវៀតណាម ដោះស្រាយបញ្ហាប្រឈមសន្តិសុខថាមពល។ លោកក៏បានលើកទឹកចិត្តដល់អង្គភាពអាជីវកម្ម UAE ឱ្យវិនិយោគផ្នែកហិរញ្ញវត្ថុនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១០ ពាន់លានដុល្លារអាមេរិកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
* នាថ្ងៃទី១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួបលោក Khalid Ali Abdullah Abel ឯកអគ្គរដ្ឋទូតកាតាប្រចាំវៀតណាម។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយកាតា ហើយនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីស្វែងរកដំណោះស្រាយ ដោយរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួម ដើម្បីសន្តិភាព និងស្ថិរភាពដល់ប្រទេសនីមួយៗ និងតំបន់ក្នុងស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការសន្ទនា។ វៀតណាមត្រៀមខ្លួនរួចជាស្រេចសហប្រតិបត្តិការ និងគាំទ្រកាតាក្នុងការធានាសន្តិសុខស្បៀងអាហារ។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឱ្យឯកអគ្គរដ្ឋទូតសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម អនុវត្តជាបន្ទាន់នូវកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទថ្មីៗនេះរវាងនាយករដ្ឋមន្ត្រីវៀតណាម និងលោក Sheikh Mohammed bin Abdulrahman bin Jasim Al Thani នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកាតា។ លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់លើការធានាការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) ក្រោមកិច្ចព្រមព្រៀងដល់វៀតណាម នៅពេលដែលស្ថានភាពមានស្ថិរភាព ការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាម ទទួលបានប្រភពប្រេងឥន្ធន:របស់កាតានៅឈូងសមុទ្រ និងការសាងសង់ទុនបម្រុងប្រេង និងឧស្ម័នក្នុងតំបន់នៅវៀតណាមនាពេលខាងមុខ និងជំរុញទំនាក់ទំនងវៀតណាម-កាតា ឡើងកម្រិតកម្ពស់ថ្មីមួយនាពេលឆាប់ៗនេះ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងការបរទេស ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សាជីវកម្មឧស្សាហកម្ម ថាមពលជាតិវៀតណាម និងស្ថានទូតវៀតណាមប្រចាំកាតា នឹងសម្របសម្រួលយ៉ាងសកម្មជាមួយឯកអគ្គរដ្ឋទូតក្នុងរយៈពេលខាងមុខ។
លោក Khalid Ali Abdullah Abel ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះលោក Pham Minh Chinh នាយករដ្ឋមន្ត្រី ដែលបានចែករំលែកអំពីស្ថានភាពនៅមជ្ឈិមបូព៌ា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះទស្សនៈរបស់វៀតណាម។ ទាក់ទងនឹងស្ថានភាព និងទស្សនៈរបស់កាតាលើជម្លោះនៅមជ្ឈិមបូព៌ា រួមទាំងបញ្ហាធានាសន្តិសុខស្បៀងអាហារក្នុងគ្រាអាសន្ន លោកឯកអគ្គរដ្ឋទូតកាតាបានបញ្ជាក់ថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការដែលបានលើកឡើងដោយនាយករដ្ឋមន្ត្រី ដោយស្នើឱ្យភាគីទាំងពីរគួរពិចារណាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតបន្ទាប់ពីជម្លោះបញ្ចប់ដោយផ្នត់គំនិតថ្មី និងលើកឡើងផែនការអភិវឌ្ឍន៍ដែលស្របគ្នា៕
បកប្រែដោយ Huyen Trang
Type the code from the image