ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថលរវាងវៀតណាម និងសហរដ្ឋអាមេរិក
កប.អនឡាញ - នាថ្ងៃទី១៧ ខែមីនា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានទទួលជួបលោក Daniel Rosen នាយកប្រតិបត្តិនៃសាជីវកម្ម Rosen Partners (សហរដ្ឋអាមេរិក)។
នៅក្នុងជំនួប លោក Luong Tam Quang រដ្ឋមន្ត្រី បានបញ្ជាក់ថា វៀតណាមឱ្យតម្លៃលើទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងសេដ្ឋកិច្ចឌីជីថលគឺជាសសរស្តម្ភដ៏សំខាន់។ ទន្ទឹមនឹងនោះ លោក Luong Tam Quang រដ្ឋមន្ត្រីក៏បានសម្តែងនូវគោលបំណងចង់ឲ្យអង្គភាពអាជីវកម្ម និងដៃគូបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម រួមចំណែកសម្រេចបាននូវគោលដៅរបស់វៀតណាមក្នុងការធ្វើបរិវត្តកម្មឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ទទួលជួបលោក Daniel Rosen នាយកប្រតិបត្តិនៃសាជីវកម្ម Rosen Partners (សហរដ្ឋអាមេរិក) (រូបថត៖ vnanet.vn) |
លោក Luong Tam Quang រដ្ឋមន្ត្រីបានស្នើឱ្យសាជីវកម្ម Rosen Partners ក្រុមហ៊ុន R.MOR និងអង្គភាពអាជីវកម្មអាមេរិកផ្សេងទៀត បន្តផ្លាស់ប្តូរ និងចែករំលែកព័ត៌មានអំពីនិន្នាការបច្ចេកវិទ្យាថ្មីៗ បទពិសោធន៍អន្តរជាតិ និងគំរូសហប្រតិបត្តិការសមស្រប ដើម្បីបង្កើនការយល់ដឹង និងបង្កើតមូលដ្ឋានសម្រាប់ការស្រាវជ្រាវអំពីកិច្ចសហប្រតិបត្តិការនាពេលអនាគត។
រីឯលោក Daniel Rosen បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់វៀតណាមក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថល នវានុវត្តន៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព និងចីរភាព។ លោក Daniel Rosen បានបញ្ជាក់ថា សាជីវកម្ម Rosen Partners រួមទាំងក្រុមហ៊ុន R.MOR មានគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយអង្គភាពនានានៃក្រសួងនគរបាល និងបណ្តាដៃគូវៀតណាម៕
បកប្រែដោយ Huyen Trang