តភ្ជាប់ចំណងសាមគ្គីភាពអន្តរជាតិឆ្លងកាត់មហាសមុទ្រ
កប.អនឡាញ - នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ អ្នកសារព័ត៌មានចំនួន ២៨ នាក់ មកពី ២៥ប្រទេសផ្សេងៗគ្នា ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មានការពារជាតិ ដែលរៀបចំឡើងនៅក្នុងប្រទេសឥណ្ឌា។ ខ្ញុំមានសំណាងណាស់ដែលត្រូវបានជាអ្នកតំណាងតែមួយគត់មកពីប្រទេសវៀតណាមមានវត្តមាននៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ។
សារអំពីសន្តិភាព និងកិច្ចសហប្រតិបត្តិការ
ឥណ្ឌាគឺជាលំយោលមួយនៃអរិយធម៌មនុស្សជាតិ ដែលមានប្រវត្តិសាស្ត្រតាំងពីជាង ៥,០០០ ឆ្នាំមកម៉្លេះ ជាប្រទេសមួយដែលមានខឿនវប្បធម៌ ពូជសាសន៍ សាសនា ភាសាដ៏សម្បូរចម្រុះ ហើយក៏ជាប្រទេសមួយដែលមានសក្តានុពលដ៏សម្បូរបែប និងកំពុងរីកចម្រើន។ កងទ័ពជើងទឹកប្រជាជនវៀតណាមគឺជាកងកម្លាំងមួយក្នុងចំណោមកងកម្លាំងដែលចូលរួមក្នុងការដង្ហែព្យុហយាត្រានាវាអន្តរជាតិ និងចូលរួមលំហាត់សមកងទ័ពជើងទឹកពហុភាគី MILAN 2026។ ខ្ញុំពិតជាមានមោទនភាពណាស់ខណៈពេលបានឮឈ្មោះ "វៀតណាម" កងបន្លឺឡើងនៅកណ្តាលមហាសមុទ្រដ៏ធំល្វើយៗ ហើយកាន់តែមានក្តីរំភើបចិត្តដោយមើលឃើញទង់ជាតិពណ៌ក្រហមផ្កាយមាសរបស់មាតុភូមិបក់រវិចៗក្នុងក្បួនជួរកងទ័ពជើងទឹកពហុជាតិសាសន៍។ រូបភាពស្អាតៗទាំងនេះបានបង្ហាញពីសារមួយអំពីសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដើម្បីស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងនៅលើពិភពលោក។
លោកស្រី Droupadi Murmu ប្រធានាធិបតីឥណ្ឌា បានថ្លែងនៅក្នុងឱកាសនេះថា គ្រប់នាវាជាមួយនិងទង់ជាតិផ្សេងៗគ្នា រួមនិងនាវិកទាំងអស់មកពីប្រទេសផ្សេងៗគ្នាមានវត្តមាននៅទីនេះបានឆ្លុះបង្ហាញពីស្មារតីសាមគ្គីភាព។ លោកស្រីបានសង្កត់ធ្ងន់ថា ស្មារតីសាមគ្គីភាពនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងប្រធានបទ "ការតភ្ជាប់ឆ្លងកាត់មហាសមុទ្រ" នៃកម្មវិធីព្យុហយាត្រានៅឆ្នាំនេះ។
យោងតាមលោកស្រី Droupadi Murmu ប្រធានាធិបតី វិធីសាស្រ្តរបស់ឥណ្ឌាចំពោះទំនាក់ទំនងអន្តរជាតិត្រូវបានអនុវត្តតាមបាវចនា "Vasudhaiva Kutumbakam" ឬ "ពិភពលោកគឺជាគ្រួសារតែមួយ"។ វិធីសាស្រ្តនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យនៃពិភពលោកមួយដែលសន្តិសុខ និងកំណើនសកល និរន្តរភាព និងស្ថិរភាពត្រូវបានបង្កើតឡើងតាមរយៈភាពជាដៃគូ ឬនិយាយម្យ៉ាងទៀត ស្មារតីនៃកិច្ចសហប្រតិបត្តិការគឺជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់សកលប្រកបដោយនិរន្តរភាព។ ដូច្នេះ ឥណ្ឌាជឿជាក់ថា សណ្តាប់ធ្នាប់សមុទ្រដែលមានសុខភាពល្អត្រូវតែផ្អែកលើការទទួលខុសត្រូវរួម និងសកម្មភាពសហប្រតិបត្តិការក្នុងចំណោមដៃគូដែលមានគំនិតដូចគ្នា។ នេះក៏ជាសារដែលទីក្រុងញូវដេលីចង់បង្ហាញដល់ដៃគូ និងមិត្តភក្តិអន្តរជាតិរបស់ខ្លួនផងដែរ។
    |
 |
|
ក្នុងក្បួនដង្ហែរព្យុហយាត្រានាវាអន្តរជាតិ នាវាលេខ ១៧ របស់កងទ័ពជើងទឹកប្រជាជនវៀតណាម ធ្វើពិធីគោរពប្រធានាធិបតីឥណ្ឌា |
    |
 |
|
នាវាផ្ទុកយន្តហោះ INS Vikrant - នាវាផ្ទុកយន្តហោះដំបូងរបស់ឥណ្ឌាដែលបានផលិតដោយខ្លួនឯង |
"ជំនួប" ជាមួយនាវាដែលមានតម្លៃរាប់ពាន់លានដុល្លារ
បន្ទាប់ពីការធ្វើព្យុហយាត្រានាវាអន្តរជាតិ យើងខ្ញុំមានឱកាសទៅទស្សនានាវាផ្ទុកយន្តហោះ INS Vikrant - នាវាផ្ទុកយន្តហោះដំបូងរបស់ឥណ្ឌាដែលបានផលិតដោយខ្លួនឯង។ ឈ្មោះ "Vikrant" មានន័យថា "ក្លាហាន" ឬ "រឹងមាំ" ដែលជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌាក្នុងការធ្វើទំនើបកម្មយោធារបស់ខ្លួនជាមួយនឹងបច្ចេកវិទ្យាក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើបរទេស។
ពីកំពង់ផែ Visakhapatnam យើងខ្ញុំបានឡើងលើទូកតូចមួយដែលចេញដំណើរឆ្លងកាត់តាមរលកឆ្ពោះទៅកាន់នាវា INS Vikrant។ បន្ទាប់ពីប្រហែល ៣០ នាទី នាវានោះបានលេចឡើងយ៉ាងស្អាតគួរឱ្យជាប់ចិត្ត។ ចាប់តាំងពីការធ្វើព្យុហយាត្រានាវាអន្តរជាតិ ដែលនាវា INS Vikrant បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ យើងទាំងអស់គ្នាជាអ្នកយកព័ត៌មានបានទន្ទឹងរង់ចាំ "ការជួបជុំគ្នា" ជាមួយនាវាដែលមានតម្លៃរាប់ពាន់លានដុល្លារនេះ។
ឃ្លាំងនាវានេះមានទំហំធំទូលាយ ដែលមានសមត្ថភាពផ្ទុកយន្តហោះអតិបរមា ២០ គ្រឿង។ នៅជិតកន្លែងដែលយើងកំពុងឈរជើងគឺយន្តហោះ MiG-29K ដែលត្រូវបានភ្ជាប់យ៉ាងរឹងមាំទៅនឹងនាវាជាមួយនឹងឧបករណ៍តោងដែក។ នៅផ្នែកខាងស្តាំ ជណ្តើរយន្តមួយអនុញ្ញាតឱ្យយន្តហោះឡើងទៅកាន់ទីចំណត់។ ទីលានចំណត់យន្តហោះលាតសន្ធឹងប្រវែង ២៦២.៥ ម៉ែត្រ និងទទឹងជាង ៦០ ម៉ែត្រ - ស្មើនឹងទីលានបាល់ទាត់ពីរ - ហើយអាចផ្ទុកយន្តហោះប្រហែល ៣០ គ្រឿង រួមទាំងឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំង។
នៅខាងក្នុង “ទីក្រុងអណ្តែតទឹក” ដ៏ធំសម្បើមនេះមានបន្ទប់ជាង ២,៣០០ ដែលបម្រើតម្រូវការរស់នៅ ប្រតិបត្តិការ និងការប្រយុទ្ធរបស់មនុស្សប្រហែល ១,៧០០ នាក់ រួមទាំងកន្លែងឯកទេសសម្រាប់មន្ត្រី នាវិក និងបុគ្គលិកកងទ័ពអាកាស។ សេវាកម្មផ្សេងទៀតនៅលើនាវារួមមានកន្លែងថែទាំសុខភាពដាច់ដោយឡែកមួយដែលដើរតួជាមន្ទីរពេទ្យខ្នាតតូច ជាមួយនឹងកន្លែងថែទាំពិសេស (ICU) និងម៉ាស៊ីនស្កេន CT។ ផ្ទះបាយស្វ័យប្រវត្តិចំនួនបីកន្លែងអាចផលិតអាហារជិត ៥,០០០ ចំណែកក្នុងមួយថ្ងៃ។
បន្ទាប់ពីមើលវីដេអូខ្លីមួយដែលណែនាំអំពីនាវានេះ យើងខ្ញុំត្រូវបានអញ្ជើញឱ្យទៅទទួលទានអាហារប៊ូហ្វេនៅក្នុងតំបន់ឃ្លាំងផ្ទុកយន្តហោះ ជាមួយនឹងអាហារសម្រន់ក្តៅៗ ឆ្ងាញ់ៗ និងរសជាតិឥណ្ឌាប្រពៃណី។ នាពេលបញ្ចប់ការទស្សនានាវា ហើយត្រឡប់ទៅដីគោកវិញ អ្នកយកព័ត៌មានយើងខ្ញុំគ្រប់រូបសុទ្ទតែទទួលបានវត្ថុអនុស្សាវរីយ៍ដែលរៀបចំយ៉ាងល្អិតល្អន់ពីមន្ត្រី និងនាវិកនៃនាវា INS Vikrant។ សេចក្តីរីករាយលាយឡំជាមួយនឹងការអាលោះអាល័យ អាចមើលឃើញយ៉ាងច្បាស់នៅលើទឹកមុខរបស់យើងខ្ញុំទាំងអស់គ្នា ពីព្រោះគ្រប់គ្នាពិតជាចង់បាននៅលើនាវាដែលមានតម្លៃរាប់ពាន់លានដុល្លារនេះយូរជាងនេះបន្តិចទៀត!
បកប្រែដោយ Minh Trung