ចំណុចភ្លឺស្វាងក្នុងការជំរុញព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍
កប.អនឡាញ - ក្នុងរយៈពេលកន្លងមកនេះ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន ត្រូវបានបន្តរក្សា និងអភិវឌ្ឍឥតឈប់ឈរនៅក្នុងវិស័យជាច្រើន ដោយកត់សម្គាល់នូវវឌ្ឍនភាពថ្មីៗទាំងទទឹង និងជម្រៅ។ នៅក្នុងរូបភាពរួមនេះ កិច្ចសហប្រតិបត្តិការការពារជាតិតែងតែត្រូវបានកំណត់ថាជាសសរស្តម្ភដ៏សំខាន់មួយ ដែលរួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយរវាងភាគីទាំងពីរ និងរដ្ឋទាំងពីរ ខណៈពេលដែលបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការគ្រប់គ្រង និងការពារព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
កម្មវិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន ដែលត្រូវបានអនុវត្តក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ពិតជាបានក្លាយជា "ចំណុចភ្លឺស្វាង" ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ដោយបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់ និងស្មារតីទទួលខុសត្រូវរបស់កងទ័ពប្រទេសទាំងពីរក្នុងការកសាងព្រំដែនប្រកបដោយស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍគ្នាទៅវិញទៅមក។ ដោយមានគោលដៅរួមគ្នាក្នុងការរក្សាបរិយាកាសសន្តិភាព និងពង្រឹងមិត្តភាព ក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារប្រទេសចិន តែងតែផ្លាស់ប្តូរ និងឯកភាពគ្នាលើគំនិតផ្តួចផ្តើមជាច្រើន ដើម្បីបង្កើនការសម្របសម្រួលតាមបណ្តោយព្រំដែន ជាពិសេសរវាងកងកម្លាំងការពារព្រំដែននៃភាគីទាំងពីរ។ ចាប់តាំងពីឆ្នាំ ២០១៤ មក ប្រទេសទាំងពីរបានសម្រេចរៀបចំកម្មវិធីផ្លាស់ប្តូរប្រចាំឆ្នាំ ដែលធ្វើឱ្យសកម្មភាពនេះក្លាយជាយន្តការសម្របសម្រួលដែលមានលក្ខណៈជាប្រព័ន្ធ ជាក់ស្តែង និងមានអត្ថន័យ។
នៅក្នុងកម្មវិធីជំនួបប្រាស្រ័យលើកដំបូងដែលបានធ្វើឡើងក្នុងខែមីនា ឆ្នាំ ២០១៤ នៅទីក្រុងម៉ុងកាយ ខេត្តក្វាងនិញ (វៀតណាម) និងទីក្រុងដុងស៊ីង ខេត្តក្វាងស៊ី (ចិន) គណៈប្រតិភូមកពីក្រសួងការពារប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃគំនិតផ្តួចផ្តើមកម្មវិធីជំនួបប្រាស្រ័យការពារព្រំដែន។ ភាគីទាំងពីរបានឯកភាពគ្នាថា ចាំបាច់ត្រូវពង្រីកកិច្ចប្រជុំ និងការផ្លាស់ប្តូរបន្ថែមទៀតនៅកម្រិតខ្ពស់ក្នុងទ្រង់ទ្រាយធំ និងនៅទូទាំងគ្រប់សាខានៃកងកម្លាំងប្រដាប់អាវុធ ដើម្បីបង្កើនការយល់ដឹង ការសម្របសម្រួល និងការជឿទុកចិត្ត។ ភាពជោគជ័យនៃកម្មវិធីដំបូងបានសម្គាល់ចំណុចចាប់ផ្តើមដ៏សំខាន់មួយ ដែលបង្កើតសន្ទុះដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរនិយាយដោយឡែក និងកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ចិននិយាយរួម។
    |
 |
|
ភាគីទាំងពីររៀបចំការល្បាត និងត្រួតពិនិត្យរួមគ្នាក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៥ (រូបថត៖ baobienphong.com.vn) |
រហូតមកដល់បច្ចុប្បន្ន ដោយមានការយកចិត្តទុកដាក់ និងការណែនាំយ៉ាងជិតស្និទ្ធពីថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋទាំងពីរ ក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារប្រទេសចិន បានសម្របសម្រួលរៀបចំជំនួបប្រាស្រ័យចំនួន ៩ លើកដោយជោគជ័យ និងកំពុងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់លើកទី ១០ នេះ។ ផ្តើមពីការអនុវត្តជាក់ស្តែង អាចបញ្ជាក់បានថា កម្មវិធីនេះបានក្លាយជាសកម្មភាពនិមិត្តរូបនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។ ជាបណ្តាញសំខាន់មួយដែលរួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយ និងពង្រឹងការសម្របសម្រួលដ៏សំខាន់រវាងកងកម្លាំងមុខងារ ដោយហេតុនេះរួមចំណែកជាក់ស្តែងក្នុងការកសាងតំបន់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទៅវិញទៅមក។
ឆ្លងកាត់ ៩ លើក កម្មវិធីនេះកាន់តែមានភាពច្នៃប្រឌិត ផ្លាស់ថ្មីយ៉ាងស៊ីជម្រៅទាំងទម្រង់ និងសកម្មភាព។ សកម្មភាពជាក់ស្តែងជាច្រើនផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការការពារព្រំដែនត្រូវបានអនុវត្ត ដូចជា៖ សិក្ខាសាលាមិត្តភាព; លំហាត់រួមគ្នាស្តីពីការសង្គ្រោះគ្រោះមហន្តរាយ និងការការពារ និងការគ្រប់គ្រងជំងឺរោគរាតត្បាតនៅតាមតំបន់ព្រំដែនវៀតណាម-ចិន; ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈរវាងកម្លាំងការពារព្រំដែន អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅសងខាង; ការល្បាតរួមគ្នា; ការពិនិត្យសុខភាព និងការចែកចាយថ្នាំដោយឥតគិតថ្លៃដល់ប្រជាជននៅតំបន់ព្រំដែន និងដាំដើមឈើមិត្តភាពជាដើម។ សកម្មភាពនីមួយៗមិនត្រឹមតែមានសារៈសំខាន់ចំពោះវិស័យការទូត និងការពារជាតិប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយស្មារតីសាមគ្គីភាព ការចែករំលែក និង "នៅជិតប្រជាជន យល់ដឹងពីប្រជាជន និងជួយប្រជាជន" ស្របតាមប្រពៃណីដ៏ល្អរបស់កងទ័ពប្រទេសទាំងពីរ។
រាល់ពេលដែលកម្មវិធីនេះកើតឡើង បរិយាកាសនៅសងខាងព្រំដែនកាន់តែមានភាពសប្បាយរីករាយ រំភើបចិត្តយ៉ាងខ្លាំង។ ការជួបជុំ ការចាប់ដៃគ្នាយ៉ាងណែន និងសកម្មភាពសហការជាក់ស្តែងជាច្រើនបានរួមចំណែកដល់ការលើកកម្ពស់មិត្តភាព និងពង្រឹងទំនុកចិត្តរវាងរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃតំបន់ព្រំដែននៃប្រទេសទាំងពីរ។ នេះក៏ជាកម្លាំងចលករដ៏សំខាន់មួយដើម្បីលើកកម្ពស់ការអភិវឌ្ឍជាក់ស្តែង ស្ថិរភាព និងចីរភាពនៃទំនាក់ទំនងវៀតណាម-ចិន។ ហើយក្នុងពេលជាមួយគ្នានេះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រវាងប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង ការពារព្រំដែន ការគ្រប់គ្រងអន្តោប្រវេសន៍ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មប្រភេទផ្សេងៗ។ ភារកិច្ចប្រចាំដូចជាការជួបជុំ ការល្បាតទ្វេភាគី និងការផ្លាស់ប្តូរព័ត៌មានតាមទូរស័ព្ទទាន់ហេតុការណ៍ត្រូវបានអនុវត្តជាប្រចាំ និងជាប្រព័ន្ធ។ ជាពិសេស ក្នុងអំឡុងពេលនៃការល្បាតរួម និងការផ្លាស់ប្តូរព័ត៌មាន ភាគីទាំងពីរក៏បានសហការគ្នាផ្សព្វផ្សាយព័ត៌មានផ្នែកច្បាប់ដល់ប្រជាជននៅសងខាងព្រំដែន ដោយរួមចំណែកដល់ការបង្កើនការយល់ដឹងរបស់សហគមន៍ ការទប់ស្កាត់ការរំលោភបំពានច្បាប់ប្រកបដោយប្រសិទ្ធភាព និងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន និងច្រកទ្វារព្រំដែន។
ដោយផ្អែកលើការយល់ដឹងយ៉ាងហ្មត់ចត់ និងការអនុវត្តយ៉ាងតឹងរ៉ឹងតាមរាល់ឯកសារផ្លូវច្បាប់នៅតាមព្រំដែនរវាងប្រទេសទាំងពីរ កងកម្លាំងការពារព្រំដែនវៀតណាម និងកងកម្លាំងការពារព្រំដែនចិន ក៏បានអនុវត្តគំរូចងមេត្រីភាពជាច្រើនយ៉ាងសកម្មផងដែរ ដែលនាំមកនូវលទ្ធផលជាក់ស្តែង។ កងទ័ពការពារព្រំដែននៅក្នុងខេត្តព្រំដែនភាគខាងជើងចំនួន ៧ នៃប្រទេសវៀតណាម ដែលមានព្រំប្រទល់ជាប់ខេត្តយូណាន និងក្វាងស៊ី (ប្រទេសចិន) រួមជាមួយសមភាគីមិត្តចិន បានអនុវត្តគំរូសហប្រតិបត្តិការនានាដូចជា៖ "កសាងព្រំដែនគំរូ" "ល្បាតសាមគ្គីភាព" "ដាំសួនមិត្តភាពការពារព្រំដែនវៀតណាម-ចិន" ធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយឆ្លងដែន និងផ្សព្វផ្សាយព័ត៌មានផ្លូវច្បាប់ ដោយមានប្រធានបទ "ពង្រឹងកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់រួមគ្នាដើម្បីកសាងព្រំដែនសន្តិភាព"...
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារវាងក្រសួងការពារប្រទេសទាំងពីរ វៀតណាម និងចិន ក្នុងក្របខ័ណ្ឌនៃកម្មវិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី ៩ នោះ រដ្ឋមន្ត្រីក្រសួងការពារប្រទេសទាំងពីរបានបញ្ជាក់ថា កម្មវិធីនេះរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីកាន់តែមានសារៈសំខាន់ និងបញ្ជាក់បន្ថែមទៀតអំពីតួនាទីរបស់កងទ័ពទាំងពីរ និងក្រសួងការពារប្រទេសទាំងពីរក្នុងការពង្រឹងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម និងចិន៕
បកប្រែដោយ Minh Trung