បញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាមទទួលជួបនាយកអង្គការជលសាស្រ្តអន្តរជាតិ
កប.អនឡាញ -នៅថ្ងៃទី ៦ ខែមីនា នៅទីក្រុង Hai Phong លោកឧត្តមនាវីត្រី Nguyen Van Bach មេបញ្ជាការរង នាយសេនាធិការនៃកងទ័ពជើងទឹក និងជាអនុប្រធានគណៈកម្មាធិការជលសាស្រ្តវៀតណាម បានទទួលជួបលោកឧត្តមនាវីត្រី Luigi Sinapi នាយកអង្គការជលសាស្រ្តអន្តរជាតិ (IHO)។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអ៊ីតាលី ដែលត្រូវបានពង្រឹង និងអភិវឌ្ឍជាបន្តបន្ទាប់ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៣ មក។ ភាគីទាំងពីរក៏បានពិភាក្សាអំពីទំនាក់ទំនងសហប្រតិបត្តិការរវាងគណៈកម្មាធិការជលសាស្ដ្រវៀតណាម និង IHO ផងដែរ។
    |
 |
|
លោកឧត្តមនាវីត្រី Nguyen Van Bach ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមនាវីត្រី Luigi Sinapi នាយកអង្គការជលសាស្ដ្រអន្តរជាតិ (IHO) |
លោកឧត្តមនាវីត្រី Luigi Sinapi ក៏បានចែករំលែកថា នាពេលឆាប់ៗនេះ លោកនឹងឈរឈ្មោះជាបេក្ខជនសម្រាប់មុខតំណែងអគ្គលេខាធិការនៃអង្គការ IHO។ ប្រសិនបើត្រូវបានបណ្ដាប្រទេសជ្រើសតាំងជាអគ្គលេខាធិការ លោកនឹងខិតខំបំពេញល្អនូវភារកិច្ចដែលបានប្រគល់ឲ្យ។ លោកឧត្តមនាវីត្រី Luigi Sinapi មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការជលសាស្ដ្រវៀតណាម នាពេលខាងមុខ។
លោកឧត្តមនាវីត្រី Nguyen Van Bach ឲ្យដឹងថា វៀតណាមបានទទួលឯកសារឈរឈ្មោះជាបេក្ខជនសម្រាប់មុខតំណែងជាអ្នកដឹកនាំរបស់ IHO ក្នុងអាណត្តិខាងមុខ រួមទាំងឯកសារចំនួនបួនសម្រាប់មុខតំណែងជាអគ្គលេខាធិការ និងនាយក។ គោលជំហរជាប់លាប់របស់វៀតណាមគឺគាំទ្របេក្ខជនដែលមានសមត្ថភាពវិជ្ជាជីវៈពិតប្រាកដ លទ្ធភាពដឹកនាំ និងស្មារតីទទួលខុសត្រូវអន្តរជាតិដែលសមស្របសម្រាប់មុខតំណែងសំខាន់ៗទាំងនេះ។
ការជ្រើសរើសបុគ្គលដែលមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់នឹងរួមចំណែកដល់ការរក្សាកិត្យានុភាព អព្យាក្រឹតភាព និងប្រសិទ្ធភាពសម្រាប់ប្រតិបត្តិការរបស់អង្គការ៕
បកប្រែដោយ Thanh Cong