គ្រូពេទ្យយោធាមួកខៀវផ្សព្វផ្សាយស្មារតីនៃទិវាគ្រូពេទ្យវៀតណាម
កប.អនឡាញ - ដើម្បីអបអរសាទរខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៥៥ / ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦) កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ៧ បានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ដែលរួមចំណែកដល់ការបញ្ជាក់ពីសមត្ថភាពវិជ្ជាជីវៈ និងស្មារតីមេត្តាករុណារបស់បុគ្គលិកពេទ្យយោធាវៀតណាមក្នុងការអនុវត្តបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
មន្ទីរពេទ្យបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រមួយដែលមានការចូលរួមពីតំណាងមកពីមន្ទីរពេទ្យកម្រិត ១ ក្នុងតំបន់ Unity និង បុគ្គលិកពេទ្យយោធាមកពីអង្គភាពផ្សេងទៀត។ សិក្ខាសាលានេះផ្តោតលើការផ្លាស់ប្តូរបញ្ហាវេជ្ជសាស្ត្រទូទៅនៅឯតំបន់ និងស្ថានបេសកកម្ម ធ្វើបច្ចុប្បន្នភាពព័ត៌មានវេជ្ជសាស្ត្រថ្មីៗទូទាំងពិភពលោក ចែករំលែកបទពិសោធន៍ក្នុងការបង្ការ គ្រប់គ្រង និងព្យាបាលជំងឺគ្រុនចាញ់ និងការគ្រប់គ្រងភាពតានតឹងក្នុងបរិយាកាសនៃបេសកកម្មរក្សាសន្តិភាព។
តំណាងមកពីមន្ទីរពេទ្យកម្រិត១ និងអង្គភាពផ្សេងទៀតបានជូនពរដល់កងពេទ្យយោធាវៀតណាមក្នុងឱកាសទិវាគ្រូពេទ្យវៀតណាម២៧ ខែកុម្ភៈ ខណៈពេលដែលទទួលស្គាល់ការចូលរួមចំណែកវិជ្ជមាន និងមានប្រសិទ្ធភាពរបស់កងពេទ្យកម្រិត ២ លេខ ៧ ក្នុងការងារវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
    |
 |
|
នាយទាហាន និងមេបញ្ជាការនៃកងពេទ្យកម្រិត២ លេខ៧ ចុះសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យBentiu |
បន្ថែមពីលើសកម្មភាពវិជ្ជាជីវៈ កងពេទ្យកម្រិត២ លេខ៧ ក៏ពង្រឹងសកម្មភាព ជួយគាំទ្រដល់ប្រព័ន្ធសុខាភិបាលក្នុងតំបន់។ គណៈប្រតិភូមួយនៃកងពេទ្យវៀតណាម នាថ្មីៗនេះ បានធ្វើការជាមួយទីភ្នាក់ងារសុខាភិបាលនៃរដ្ឋ Unity ដើម្បីស្វែងយល់ពីស្ថានភាពទូទៅនៃវិស័យសុខាភិបាលនៅក្នុងតំបន់ ជាពិសេសការលំបាក និងបញ្ហាប្រឈមទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ បុគ្គលិក និងសមត្ថភាពវិជ្ជាជីវៈ។
ដោយផ្អែកលើមូលដ្ឋាននេះ មន្ទីរពេទ្យកម្រិត២ លេខ៧ និងទីភ្នាក់ងារនានាបានឯកភាពគ្នាលើផែនការជួយគាំទ្ររយៈពេលវែងសម្រាប់មន្ទីរពេទ្យ Bentiu ដោយផ្តោតលើ៖ ការពង្រឹងការបណ្តុះបណ្តាល ការផ្ទេរបច្ចេកទេស និងជំនាញវេជ្ជសាស្ត្រ ការសម្របសម្រួលដើម្បីបង្កើនសមត្ថភាពសម្រាប់ការព្យាបាលបន្ទាន់ ការវះកាត់ និងការបង្ការ និងគ្រប់គ្រងជំងឺ ការជួយគាំទ្រសម្ភារៈថវិកា។ ក្នុងឱកាសនេះ តំណាងមកពីកងពេទ្យកម្រិត២ លេខ៧ បានប្រគល់សម្ភារៈវេជ្ជសាស្ត្រមួយចំនួន ជូនមន្ទីរពេទ្យ Bentiu៕
បកប្រែដោយ Duy Hoan