leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម​ នាថ្ងៃទី ៤ ខែមីនា បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តបង្កើតក្រុមការងារមួយដើម្បីធានាសន្តិសុខថាមពល ក្នុងការប្រឈមមុខនឹងការវិវត្តដ៏ស្មុគស្មាញនៃជម្លោះនៅមជ្ឈិមបូព៌ា។ ក្រុមការងារមានភារកិច្ចតាមដាន វាយតម្លៃ និងព្យាករណ៍ ហើយ​រៀបចំអនុវត្ត ត្រួតពិនិត្យ បូកសរុប ក៏ដូចជាដោះស្រាយការលំបាក និងឧបសគ្គទាក់ទងនឹងការធានាការផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់ផលិតកម្ម សកម្មភាពអាជីវកម្ម និងការប្រើប្រាស់របស់ប្រជាជន។

លោកស្រី Pham Thu Hang បានឲ្យដឹងថា “ក្រុមការងារនេះក៏នឹងធ្វើការស្រាវជ្រាវដើម្បីដាក់ចេញទិសដៅ ដំណោះស្រាយ យន្តការ និងគោលនយោបាយដើម្បីដោះស្រាយការលំបាក និងឧបសគ្គ មានការព្យាករណ៍ មានគោលនយោបាយដែលអាចបត់បែនបាន ទាន់ពេលវេលា និងមានប្រសិទ្ធភាព មិនឲ្យកើតមានការភ្ញាក់ផ្អើល ឬភាពអសកម្មណាមួយទាក់ទងនឹងសន្តិសុខថាមពល។ ក្នុងនាមជាសមាជិកនៃក្រុមការងារ ក្រសួងការបរទេសក៏នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីអនុវត្តភារកិច្ចពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសន្តិសុខថាមពលក្នុងស្ថានភាពជម្លោះ”។

អ្នកនាំពាក្យក្រសួងការបរទេសក៏បានធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីស្ថានភាពទាក់ទងនឹងការការពារពលរដ្ឋផងដែរ ដោយបញ្ជាក់ថា បច្ចុប្បន្នមានពលរដ្ឋវៀតណាមជាង ១២.០០០ នាក់រស់នៅ សិក្សា និងធ្វើការនៅមជ្ឈិមបូព៌ា។ ពលរដ្ឋវៀតណាមនៅទីនោះជាទូទៅមានស្ថិរភាព ហើយមិនទាន់មានព័ត៌មានណាមួយអំពីពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះនោះទេ។ ក្រសួងការបរទេសបានត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំផែនការជម្លៀសពលរដ្ឋវៀតណាមចេញពីតំបន់ដែលរងផលប៉ះពាល់ និងណែនាំពលរដ្ឋឱ្យទាក់ទងតាម​ខ្សែទូរស័ព្ទការពារពលរដ្ឋទាំងនៅក្នុងប្រទេសវៀតណាម និងនៅស្ថានបេសកកម្មការទូតនៅមជ្ឈិមបូព៌ា។

បកប្រែដោយ Duy Hoan