សហភាពអឺរ៉ុបគឺជាដៃគូដែលគួរឲ្យទុកចិត្តរបស់វៀតណាម
កប.អនឡាញ - នៅរសៀលថ្ងៃទី ៥ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយឯកអគ្គរដ្ឋទូត និងភារធារីប្រចាំទីក្រុងហាណូយចំនួន ២០ រូបនៃសហភាពអឺរ៉ុប (EU) និងប្រទេសសមាជិកសហភាពអឺរ៉ុប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សហភាពអឺរ៉ុប និងបណ្តាប្រទេសសមាជិក គឺជាដៃគូដ៏សំខាន់ក្នុងគោលនយោបាយការបរទេសរបស់វៀតណាម ដោយសម្តែងនូវការពេញចិត្តចំពោះការវិវឌ្ឍវិជ្ជមាននៅក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូត។ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) បានរួមចំណែកធ្វើឲ្យសហភាពអឺរ៉ុបក្លាយជាដៃគូពាណិជ្ជកម្មធំទីបួនរបស់វៀតណាម ខណៈដែលវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុបនៅក្នុងអាស៊ាន។ កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ ការប្រែប្រួលអាកាសធាតុ កសិកម្ម យុត្តិធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បរិស្ថានជាដើម ក៏កំពុងពង្រីកជាមួយនឹងសក្តានុពលជាច្រើនផងដែរ។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយឯកអគ្គរដ្ឋទូត និងភារធារីនៃ EU (រូបថត៖ vnanet.vn) |
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីផ្តល់ផលប្រយោជន៍ទៅវិញទៅមក អនុវត្ត EVFTA ប្រកបដោយប្រសិទ្ធភាព ជម្រុញពាណិជ្ជកម្មបើកចំហ និងមានតុល្យភាព។ លោកក៏បានអំពាវនាវឲ្យឯកអគ្គរដ្ឋទូត និងភារធារីសហភាពអឺរ៉ុបជំរុញបណ្តាប្រទេសសមាជិកដែលនៅសល់ឲ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរវាងវៀតណាម និងសហភាពអឺរ៉ុប (EVIPA) នៅពេលឆាប់ៗនេះ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរបៃតង ការធ្វើបរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ល។
ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) និងមានបំណងថា បណ្តាប្រទេសសហភាពអឺរ៉ុបទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ហើយគាំទ្រដល់ការដាក់ "កាតលឿង" របស់សហភាពអឺរ៉ុបឱ្យបានឆាប់ៗ និងជួយវៀតណាមក្នុងការអភិវឌ្ឍវិស័យនេសាទទំនើប និងប្រកបដោយចីរភាព។
ក្នុងនាមបណ្តាប្រទេសសហភាពអឺរ៉ុប លោក Rafael De Bustamante ភារធារីស្តីទីនៃសហភាពអឺរ៉ុបប្រចាំវៀតណាម បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់វៀតណាម។ លោកបានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់របស់សហភាពអឺរ៉ុបនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងក្នុងអាស៊ាន។ លោកបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប មានបំណងចង់ពង្រឹងទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យជាមួយវៀតណាម។ បណ្តាឯកអគ្គរដ្ឋទូត និងភារធារីសហភាពអឺរ៉ុបមានបញ្ជាក់ពីកិច្ចសហការអនុវត្ត EVFTA ប្រកបដោយប្រសិទ្ធភាព និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកំណើនបៃតង ដែលជាប្រៀបខ្លាំងរបស់សហភាពអឺរ៉ុប។ បណ្តាប្រទេសសហភាពអឺរ៉ុបទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹង IUU ហើយសម្តែងបំណងចង់សហប្រតិបត្តិការជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍវិស័យនេសាទប្រកបដោយចីរភាព។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត និងភារធារីសហភាពអឺរ៉ុបទាំងឡាយក៏បានស្នើឲ្យវៀតណាមសហការ និងផ្តល់ជំនួយផ្នែកកិច្ចការកុងស៊ុល និងការការពារពលរដ្ឋ៕
បកប្រែដោយ Thuy Anh