វៀតណាមឱ្យតម្លៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី
កប.អនឡាញ - នារសៀលថ្ងៃទី ៥ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Aleksandr Kurenkov រដ្ឋមន្ត្រីក្រសួងស្ថានភាពអាសន្ននៃសហព័ន្ធរុស្ស៊ី។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វៀតណាមតែងតែឱ្យតម្លៃ និងចង់បន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងពីរ ដើម្បីស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។ វៀតណាមមានគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ីលើគ្រប់វិស័យ ជាពិសេសថាមពល ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដើម្បីសន្តិវិធី ប្រេង និងឧស្ម័ន កិច្ចសហប្រតិបត្តិការសមុទ្រ ការពារជាតិ សន្តិសុខ បច្ចេកទេសយោធា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលវិទ្យាសាស្ត្រមូលដ្ឋាន សិល្បៈ កីឡា និងការដឹកជញ្ជូន។ល។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Aleksandr Kurenkov រដ្ឋមន្ត្រីក្រសួងស្ថានភាពអាសន្ននៃសហព័ន្ធរុស្ស៊ី (រូបថត៖ baochinhphu.vn) |
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹង និងបង្កើនទំនុកចិត្តខាងនយោបាយ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសន្យា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា និងលទ្ធផលនៃដំណើរទស្សនកិច្ចកម្រិតខ្ពស់ បន្តរក្សាជាប្រចាំ និងមានប្រសិទ្ធភាពនូវយន្តការពិគ្រោះយោបល់ និងការសន្ទនាលើវិស័យការពារជាតិ និងសន្តិសុខ ពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍លើការព្រមាន ការបង្ការស្ថានភាពអាសន្ន ការស្វែងរក និងជួយសង្គ្រោះ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីរុស្ស៊ីជំរុញការផ្ទេរបច្ចេកវិទ្យា និងការតភ្ជាប់ផលិតយានយន្ត និងឧបករណ៍បច្ចេកទេស រៀបចំលំហាត់សមយុទ្ធរួម និងបន្តគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាល និងហ្វឹកហាត់ធនធានមនុស្សក្នុងវិស័យនេះ។
លោក Aleksandr Kurenkov រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងស្ថានភាពអាសន្នរុស្ស៊ីមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាភ្នាក់ងាររបស់វៀតណាម រួមចំណែកដល់ការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Aleksandr Kurenkov រដ្ឋមន្ត្រី បានសម្តែងទំនុកចិត្តថា ដោយមានកិច្ចសន្យាខាងនយោបាយ និងការគាំទ្រយ៉ាងខ្លាំងពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ភាគីទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានសក្តានុពល និងតម្រូវការ ជាពិសេសក្នុងការឆ្លើយតបទៅនឹងស្ថានភាពអាសន្ន និងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ៕
បកប្រែដោយ Huyen Trang