ព្រឹត្តិការណ៍សំខាន់មួយដែលបញ្ជាក់ពីសមត្ថភាពរបស់វៀតណាមក្នុងការបណ្តុះបណ្តាលហ្វឹកហ្វឺនរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
កប.អនឡាញ - អង្គការសហប្រជាជាតិបានទទួលស្គាល់ជាផ្លូវការនូវវគ្គសិក្សានាយទាហានសេនាធិការអង្គការសហប្រជាជាតិ (UNSOC) ដែលរៀបចំដោយនាយកដ្ឋានរក្សាសន្តិភាពវៀតណាមថា បានបំពេញតាមស្តង់ដារបណ្តុះបណ្តាលមុនពេលដាក់ពង្រាយរបស់អង្គការសហប្រជាជាតិ។ នេះគឺជាលើកទីមួយហើយដែលវៀតណាមមានវគ្គសិក្សាបណ្តុះបណ្តាលរក្សាសន្តិភាពដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ដែលសម្គាល់ពីការអភិវឌ្ឍដ៏សំខាន់មួយនៅក្នុងសមត្ថភាពបណ្តុះបណ្តាល និងការធ្វើសមាហរណកម្មអន្តរជាតិនៃកងកម្លាំងរក្សាសន្តិភាពរបស់វៀតណាម។
នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ អនុលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព លោក Jean-Pierre Lacroix បានចុះហត្ថលេខាលើវិញ្ញាបនបត្រដែលទទួលស្គាល់វគ្គសិក្សានាយទាហានសេនាធិការអង្គការសហប្រជាជាតិ (UNSOC) ដែលរៀបចំដោយនាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានបំពេញតាមស្តង់ដារបណ្តុះបណ្តាលហ្វឹកហ្វឺនមុនពេលដាក់ពង្រាយរបស់អង្គការសហប្រជាជាតិ។ បន្ទាប់មក នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Harinder Sood ប្រធានស្ថាប័នបណ្តុះបណ្តាលហ្វឹកហ្វឺនរួមបញ្ចូលគ្នា (Integrated Training Service - ITS) នៃនាយកដ្ឋានប្រតិបត្តិការសន្តិភាព (Department of Peace Operations - DPO) ដែលបានប្រគល់វិញ្ញាបនបត្រនេះដោយផ្ទាល់ដល់ប្រទេសវៀតណាមតាមរយៈវរសេនីយ៍ឯក Nguyen Duc Quan អនុព័ន្ធយោធាវៀតណាមប្រចាំអង្គការសហប្រជាជាតិ។
    |
 |
|
សិក្ខាកាមថតរូបអនុស្សាវរីយ៍នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺន UNSOC 2026 |
ការទទួលស្គាល់របស់អង្គការសហប្រជាជាតិចំពោះវគ្គ UNSOC របស់វៀតណាម គឺមានសារៈសំខាន់ជាពិសេស ព្រោះវាជាលើកដំបូងចាប់តាំងពីវៀតណាមបានចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលវគ្គហ្វឹកហ្វឺនរៀបចំដោយវៀតណាមត្រូវបានទទួលស្គាល់ថាបំពេញតាមស្តង់ដារអន្តរជាតិ។ នេះជាព្រឹត្តិការណ៍សំខាន់មួយបង្ហាញពីការអភិវឌ្ឍគុណភាពនៅក្នុងសមត្ថភាពរបស់វៀតណាម ក្នុងការរៀបចំការហ្វឹកហ្វឺនរក្សាសន្តិភាព ដោយបញ្ជាក់ថាជំនាញវិជ្ជាជីវៈ វិធីសាស្រ្តបណ្តុះបណ្តាល និងកម្មវិធីហ្វឹកហ្វឺនសិក្សារបស់វៀតណាម បំពេញតាមស្តង់ដាររបស់អង្គការសហប្រជាជាតិយ៉ាងពេញលេញ។
យោងតាមបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ ការទទួលស្គាល់វគ្គហ្វឹកហ្វឺនត្រូវតែឆ្លងកាត់ដំណើរការវាយតម្លៃច្រើនជំហានយ៉ាងម៉ត់ចត់ ចាប់ពីការពិនិត្យឡើងវិញនូវឯកសារកម្មវិធីបណ្តុះបណ្តាល និងការវាយតម្លៃឯកសារបណ្តុះបណ្តាល រហូតដល់ការធ្វើការវាយតម្លៃនៅនឹងកន្លែងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល ការចងក្រងរបាយការណ៍ដ៏ទូលំទូលាយ និងការណែនាំអំពីវិញ្ញាបនបត្រ។ មានតែវគ្គហ្វឹកហ្វឺនដែលបំពេញបានតាមស្តង់ដារពេញលេញទាក់ទងនឹងខ្លឹមសារនៃកម្មវិធី វិធីសាស្រ្តបង្រៀន គ្រូបង្វឹក និងលក្ខខណ្ឌធានាការហ្វឹកហ្វឺនប៉ុណ្ណោះទើបតែត្រូវបានទទួលស្គាល់ទេ។
យោងតាមការស្ថិតិរបស់អង្គការសហប្រជាជាតិ បច្ចុប្បន្នមានតែប្រហែល ៥០ ប្រទេសប៉ុណ្ណោះនៅទូទាំងពិភពលោកដែលមានវគ្គបណ្តុះបណ្តាលត្រូវបានទទួលស្គាល់តាមស្តង់ដារ រួមទាំងប្រទេសចំនួន ១៤ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រទេសចំនួន ៤ នៅអាស៊ីអាគ្នេយ៍។ ការដែលប្រទេសវៀតណាមស្ថិតក្នុងក្រុមប្រទេសនេះបង្ហាញថា សមត្ថភាពហ្វឹកហ្វឺនរក្សាសន្តិភាពរបស់វៀតណាមកំពុងខិតជិតស្តង់ដារអន្តរជាតិបន្តិចម្តងៗ។
វគ្គបណ្តុះបណ្តាល UNSOC ឆ្នាំ ២០២៦ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការនៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម ដោយមានការចូលរួមពីសិក្ខាកាមចំនួន ៤១ នាក់មកពីប្រទេសវៀតណាម និងប្រទេសជាច្រើនទៀត។ វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រពីប្រទេសកាណាដា តាមរយៈកម្មវិធីហ្វឹកហ្វឺន និងកិច្ចសហប្រតិបត្តិការយោធា (Military Training and Cooperation Program – MTCP)។ គ្រូបង្វឹកគឺជានាយទាហានវៀតណាម ដែលមានបទពិសោធន៍ជាក់ស្តែងក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងត្រូវបានបណ្តុះបណ្តាលយ៉ាងល្អក្នុងជំនាញគរុកោសល្យ។
កម្មវិធីហ្វឹកហ្វឺននេះត្រូវបានកសាងឡើងដើម្បីប្រកាន់ខ្ជាប់យ៉ាងជិតស្និទ្ធនូវស្តង់ដារហ្វឹកហ្វឺនមុនពេលដាក់ពង្រាយរបស់អង្គការសហប្រជាជាតិ ដោយអនុវត្តវិធីសាស្រ្តគរុកោសល្យទំនើបៗ និងផ្តោតលើសិក្ខាកាម។ ខ្លឹមសារនៃវគ្គហ្វឹកហ្វឺនត្រូវបានរៀបចំឡើងតាមគំរូ BOPPPS - វិធីសាស្រ្តកសាងមេរៀនដែលប្រើក្នុងប្រព័ន្ធហ្វឹកហ្វឺនរបស់អង្គការសហប្រជាជាតិ - រួមបញ្ចូលគ្នារវាងទ្រឹស្តី ការពិភាក្សាជាក្រុម ការសិក្សាករណី ជាមួយនិងលំហាត់ក្លែងធ្វើជាក់ស្តែង។
ក្នុងអំឡុងពេលបីសប្តាហ៍នៃការបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅ សិក្ខាកាមត្រូវបានបំពាក់បំប៉នចំណេះដឹងទូលំទូលាយអំពីរចនាសម្ព័ន្ធចាត់តាំងអង្គការ និងយន្តការប្រតិបត្តិការរបស់អង្គការសហប្រជាជាតិក្នុងវិស័យរក្សាសន្តិភាព តួនាទីរបស់នាយទាហានសេនាធិការនៅទីស្នាក់ការបេសកកម្មរក្សាសន្តិភាព នីតិវិធីផែនការយោធាក៏ដូចជាការសម្របសម្រួលពហុជាតិ និងពហុវិស័យក្នុងបរិយាកាសរក្សាសន្តិភាព។
លទ្ធផលវាយតម្លៃពីទីភ្នាក់ងារហ្វឹកហ្វឺនរួមបញ្ចូលគ្នារបស់អង្គការសហប្រជាជាតិបានបង្ហាញថា វគ្គ UNSOC របស់នាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានបំពេញតាមស្តង់ដារបណ្តុះបណ្តាលរបស់អង្គការសហប្រជាជាតិយ៉ាងពេញលេញ។ អ្នកជំនាញបានវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីហ្វឹកហ្វឺន ប្រព័ន្ធឯកសារហ្វឹកហ្វឺនត្រូវបានកសាងយ៉ាងត្រឹមត្រូវ វិធីសាស្រ្តល្អៗ និងក្រុមគ្រូបង្វឹកដែលមានបទពិសោធន៍ជាក់ស្តែងយ៉ាងទូលំទូលាយ។ ភាពជោគជ័យនៃវគ្គសិក្សា UNSOC មិនត្រឹមតែបញ្ជាក់ពីសមត្ថភាពបណ្តុះបណ្តាលរបស់នាយកដ្ឋានរក្សាសន្តិភាពវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាព និងតួនាទីរបស់វៀតណាមក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។
ប្រទេសវៀតណាមបានបង្ហាញការគាំទ្រយ៉ាងខ្លាំង និងសកម្មចំពោះរាល់គំនិតផ្តួចផ្តើមក្នុងការលើកស្ទួយគុណភាពហ្វឹកហ្វឺន និងការត្រៀមខ្លួនចាត់តាំងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិសុខ។ ការរៀបចំយ៉ាងហ្មត់ចត់ និងការរៀបចំវគ្គហ្វឹកហ្វឺន UNSOC ប្រកបដោយជោគជ័យ ស្របតាមស្តង់ដាររបស់អង្គការសហប្រជាជាតិ គឺជាជំហានជាក់ស្តែងមួយដែលបង្ហាញពីការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរបស់វៀតណាម។
ដូច្នេះ ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ និងដៃគូអន្តរជាតិ ការទទួលស្គាល់វគ្គ UNSOC របស់វៀតណាមបំពេញបានស្តង់ដារ បានផ្តល់មូលដ្ឋានសម្រាប់នាយកដ្ឋានរក្សាសន្តិភាពវៀតណាម រៀបចំវគ្គហ្វឹកហ្វឺនស្របតាមស្តង់ដាររបស់អង្គការសហប្រជាជាតិ និងចេញវិញ្ញាបនបត្រដល់អ្នកហ្វឹកហាត់ដែលមានសមត្ថភាពមុនពេលដាក់ពង្រាយកម្លាំងទៅបំពេញបេសកកម្មរក្សាសន្តិភាព។ វិញ្ញាបនបត្រទាំងនេះមានសុពលភាពសម្រាប់ទាំងអ្នកហ្វឹកហាត់វៀតណាម និងអន្តរជាតិដែលចូលរួមក្នុងវគ្គនេះ ដោយហេតុនោះរួមចំណែកដល់ការធ្វើឱ្យស្តង់ដារនៃការបណ្តុះបណ្តាលហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពស្របតាមស្តង់ដាររបស់អង្គការសហប្រជាជាតិ។ នេះក៏ផ្តល់នូវមូលដ្ឋានច្បាប់ដ៏សំខាន់មួយសម្រាប់នាយកដ្ឋានរក្សាសន្តិភាពវៀតណាមដើម្បីបន្តពង្រីកសកម្មភាពបណ្តុះបណ្តាលស្តង់ដារអន្តរជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជាមួយដៃគូ និងអភិវឌ្ឍបន្តិចម្តងៗនូវវគ្គសិក្សាបណ្តុះបណ្តាលហ្វឹកហ្វឺនផ្សេងទៀតដែលមានសក្តានុពលក្នុងការទទួលស្គាល់ថាបំពេញតាមស្តង់ដាររបស់អង្គការសហប្រជាជាតិ។ ប្រការនេះរួមចំណែកដល់ការបង្កើនការត្រៀមខ្លួនរបស់វៀតណាមក្នុងការដាក់ពង្រាយកងកម្លាំង ខណៈពេលដែលបញ្ជាក់ពីតួនាទី និងការទទួលខុសត្រូវកាន់តែសកម្មរបស់វៀតណាមនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ៕
បកប្រែដោយ Minh Trung