វេទិកាយុវជនវៀតណាមនៅ Kyushu ប្រទេសជប៉ុន ឆ្នាំ២០២៦៖ តភ្ជាប់ចំណេះដឹង - កសាងអនាគត
កប.អនឡាញ - វេទិកាយុវជនវៀតណាមនៅ Kyushu ឆ្នាំ២០២៦ ត្រូវបានចាត់ទុកថាជាជំហានជាក់ស្តែងមួយក្នុងការលើកកម្ពស់ធនធានបញ្ញាយុវជនវៀតណាមនៅបរទេស។
វេទិកាយុវជនវៀតណាមនៅ Kyushu ឆ្នាំ២០២៦ ដែលមានប្រធានបទ “តភ្ជាប់ចំណេះដឹង - កសាងអនាគត” ទើបតែត្រូវបានធ្វើឡើងនៅខេត្ត Fukuoka ភាគខាងត្បូងប្រទេសជប៉ុន ដោយទាក់ទាញបញ្ញវន្ត សហគ្រិន និស្សិត និងយុវជនវៀតណាមជាច្រើនដែលរស់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសជប៉ុន។ ព្រឹត្តិការណ៍នេះត្រូវបានឧបត្ថម្ភដោយស្ថានកុងស៊ុលវៀតណាមប្រចាំ Fukuoka និងរៀបចំឡើងដោយសហការជាមួយសមាគមវៀតណាមនៅ Kyushu។
វេទិកានេះមានវគ្គពិភាក្សាស៊ីជម្រៅចំនួនបីស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍ ការធ្វើសមាហរណកម្មអន្តរជាតិ និងការអភិវឌ្ឍអាជីព វប្បធម៌វៀតណាមនិងការអភិរក្សភាសាវៀតណាម ដោយមានការចូលរួមពីវាគ្មិនចំនួន ១៣ រូបមកពីវិស័យផ្សេងៗ។ លោក Nguyen Duy Anh សមាជិកគណៈកម្មាធិការមជ្ឈិមនៃរណសិរ្សមាតុភូមិវៀតណាម និងជាប្រធានគណៈកម្មការរៀបចំវេទិកា បានសង្កត់ធ្ងន់ថា វេទិកានេះមិនមែនគ្រាន់តែជាកម្មវិធីផ្លាស់ប្តូរនោះទេ ប៉ុន្តែជាកន្លែងសម្រាប់ការតភ្ជាប់មួយ៖ “វេទិកានេះបានប្រមូលផ្តុំមតិយោបល់ដ៏មានតម្លៃជាច្រើនពីអ្នកជំនាញ និងយុវជន ហើយបានបង្កើតគំនិតផ្តួចផ្តើមជាក់ស្តែងលើបណ្តាញវប្បធម៌យុវជន - ចំណេះដឹង - នវានុវត្តន៍ - ភាពច្នៃប្រឌិតនៅក្នុងតំបន់ Kyushu។ វេទិកានេះមិនបានឈប់នៅត្រឹមការផ្លាស់ប្តូរនោះទេ ប៉ុន្តែបានបង្កើតទំនាក់ទំនង និងជម្រុញស្មារតីនៃការធ្វើសកម្មភាពនៅក្នុងសហគមន៍យុវជនវៀតណាមនៅប្រទេសជប៉ុន”។
វេទិកាយុវជនវៀតណាមនៅ Kyushu 2026 ត្រូវបានចាត់ទុកថាជាជំហានជាក់ស្តែងមួយក្នុងការពង្រីកធនធានបញ្ញារបស់យុវជនវៀតណាមនៅបរទេស - រួមចំណែកដល់ដំណើរអភិវឌ្ឍន៍របស់ប្រទេសនៅក្នុងយុគសម័យថ្មី។
បកប្រែដោយ Pham Diep