ទីក្រុងហាណូយកំណត់គោលដៅឱ្យសាលាវិទ្យាល័យចំនួន ១០០% អនុវត្ត AI នៅឆ្នាំ ២០៣៥
កប.អនឡាញ - នៅថ្ងៃទី ៤ ខែមីនា មន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុងហាណូយ បានរៀបចំសន្និសីទបង្វឹកបង្ហាត់ដោយផ្ទាល់ និងតាមប្រព័ន្ធវិធីអូដើម្បីសាកល្បងការអនុវត្តការអប់រំដោយបញ្ញាសិប្បនិម្មិត (AI) សម្រាប់សិស្សសាលាវិទ្យាល័យដល់ក្រុមកម្មាភិបាលគ្រប់គ្រង និងគ្រូបង្រៀន។
វិស័យអប់រំទីក្រុងហាណូយបានកំណត់ថា សសរស្តម្ភសមត្ថភាពស្នូលចំនួនបួនដែលត្រូវផ្តល់ជូនសិស្សរួមមាន៖ ផ្នត់គំនិតប្រកាន់យកមនុស្សជាស្នូល; ក្រមសីលធម៌ក្នុងការប្រើប្រាស់ AI; ចំណេះដឹងបច្ចេកទេស និងជំនាញប្រើប្រាស់; សមត្ថភាពក្នុងការរចនាប្រព័ន្ធ AI នៅកម្រិតសមស្រប។ គោលដៅដល់ឆ្នាំ ២០៣០ ទីក្រុងហាណូយមានសាលាវិទ្យាល័យចំនួន ៥០% អនុវត្ត AI ក្នុងការគ្រប់គ្រង និងបង្រៀន ហើយនិង ១០០% នៅឆ្នាំ ២០៣៥។
សាលារៀនទាំងឡាយត្រូវធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន រួមបញ្ចូលខ្លឹមសារ AI ទៅក្នុងមុខវិជ្ជាព័ត៌មានវិទ្យា និងមុខវិជ្ជាផ្សេងទៀត ព្រមទាំងគ្រូបង្រៀនបន្តរៀនដោយខ្លួនឯង និងលើកកម្ពស់ជំនាញក្នុងការអនុវត្ត AI ដោយសុវត្ថិភាព និងមានប្រសិទ្ធភាព៕
បកប្រែដោយ Pham Diep