នៅខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ និងពិព័រណ៍ APAIE នៅទីក្រុងហុងកុង (ប្រទេសចិន)។ តើលោកស្រីអាចប្រាប់ពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះបានទេ ជាពិសេស នេះជាលើកដំបូងដែលវៀតណាមមានស្តង់នៅឯពិព័រណ៍នេះ?
ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ វៀតណាមចូលរួមជាផ្លូវការនៅក្នុងសន្និសីទ និងពិព័រណ៍អប់រំអន្តរជាតិអាស៊ី-ប៉ាស៊ីហ្វិក (APAIE) ឆ្នាំ២០២៦។ នេះគឺជាព្រឹត្តិការណ៍អប់រំដ៏មានកិត្យានុភាពមួយនៅលើពិភពលោក ដែលមានការចូលរួមពីប្រតិភូប្រមាណ ២,៥០០ នាក់ មកពីជាង ៦៥ ប្រទេស។
ការរៀបចំពិព័រណ៍អប់រំលើកដំបូងរបស់វៀតណាមនៅ APAIE មានសារៈសំខាន់ខ្លាំង។ សូមរំលឹកដែរថា គ្រឹះស្ថានឧត្តមសិក្សាវៀតណាមភាគច្រើនបានចូលរួមដោយខ្លួនឯង ប៉ុន្តែលើកនេះវៀតណាមបានចូលរួមក្នុងតួនាទីជាប្រទេសមួយ ដោយបញ្ជាក់ពីការទទួលស្គាល់នៅលើផែនទីអប់រំក្នុងតំបន់ រួមចំណែកបញ្ជាក់ពីតួនាទីជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ការអប់រំកម្រិតឧត្តមសិក្សានិយាយដោយឡែក និងវិស័យអប់រំនិយាយរួម។
    |
 |
|
លោកស្រី Nguyen Thu Thuy នាយិកានាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម (រូបថត៖ baotintuc.vn) |
នេះគឺជាជំហានជាក់ស្តែងមួយក្នុងការអនុវត្តគោលនយោបាយសំខាន់ៗរបស់បក្ស និងរដ្ឋ ដូចជាសេចក្តីសន្និដ្ឋានលេខ 91-KL/TW របស់ការិយាល័យនយោបាយស្តីពីការបន្តអនុវត្តសេចក្តីសម្រេចលេខ 29-NQ/TW ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១១ ស្តីពីកំណែទម្រង់ជាមូលដ្ឋានៃវិស័យអប់រំ និងបណ្តុះបណ្តាល សេចក្តីសម្រេចលេខ 59-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី សេចក្តីសម្រេចលេខ 71-NQ/TW ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍការអប់រំ និងការបណ្តុះបណ្តាល ក៏ដូចជាសេចក្តីសម្រេចលេខ 1600/QD-TTg ចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៤ របស់នាយករដ្ឋមន្ត្រី ស្តីពីការអនុម័តលើគម្រោងធ្វើសមាហរណកម្មអន្តរជាតិក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលដល់ឆ្នាំ២០៣០។ តាមរយៈព្រឹត្តិការណ៍នេះ យើងចង់ផ្ញើសារថា ការអប់រំកម្រិតឧត្តមសិក្សារបស់វៀតណាម គឺជាប្រព័ន្ធអេកូឡូស៊ីដ៏ស្វាហាប់ ដោយផ្តោតលើគុណភាព និងត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយដៃគូសកល។
ការចូលរួមក្នុង APAIE 2026 ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងវិស័យអប់រំសកល ព្រមទាំងបលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងតួនាទីរបស់វិស័យអប់រំវៀតណាមនៅលើឆាកអន្តរជាតិ។
សូមលោកស្រីប្រាប់អំពីគោលដៅជាក់លាក់ដែលក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម កំណត់នៅពេលសម្រេចចិត្តចូលរួមក្នុងព្រឹត្តិការណ៍នេះ?
យើងចូលរួមក្នុង APAIE 2026 ជាមួយនឹងគោលបំណងសំខាន់ៗជាច្រើន។ ទីមួយគឺលើកកម្ពស់តួនាទីរបស់ខ្លួន។ វិស័យអប់រំរបស់វៀតណាមត្រូវបង្កើនការទទួលស្គាល់នៅក្នុងវេទិកាអប់រំសំខាន់ៗ រួមជាមួយប្រទេសដូចជាប្រទេសចិន ថៃ និងម៉ាឡេស៊ី... ដើម្បីផ្សព្វផ្សាយរូបភាពនៃប្រទេសជាតិ។ ទីពីរគឺទាក់ទាញធនធាន និងការវិនិយោគ។ នេះគឺជាឱកាសមួយដើម្បីជួបជាមួយវិនិយោគិន និងសាកលវិទ្យាល័យល្បីៗនៅលើពិភពលោក ក្នុងបំណងជម្រុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវ និងបង្កើនវត្តមានអប់រំអន្តរជាតិស្របតាមបទប្បញ្ញត្តិរបស់វៀតណាម។ ទីបីជំរុញការទាក់ទាញនិស្សិតអន្តរជាតិ។
តើគណៈប្រតិភូវៀតណាមដែលចូលរួមលើកនេះមានទំហំប៉ុណ្ណា? តើចំណុចសំខាន់ៗអ្វីខ្លះអំពីគ្រឹះស្ថានអប់រំវៀតណាមត្រូវបានផ្សព្វផ្សាយដល់មិត្តភក្តិអន្តរជាតិ?
ពិព័រណ៍អប់រំវៀតណាមនៅ APAIE 2026 មានការចូលរួមពីគ្រឹះស្ថានអប់រំកម្រិតឧត្តមសិក្សា និងអង្គការអប់រំគំរូចំនួន១៧។ ការចូលរួមនៃគ្រឹះស្ថានអប់រំទាំង១៧ បានបង្ហាញពីគំរូ និងវិស័យបណ្ដុះបណ្ដាលផ្សេងៗគ្នា ដោយបង្ហាញពីភាពចម្រុះ និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មនៃប្រព័ន្ធអប់រំរបស់ប្រទេសវៀតណាមនិយាយរួម និងការអប់រំកម្រិតឧត្តមសិក្សានិយាយដោយឡែក។
នៅក្នុងព្រឹត្តិការណ៍នេះ តើសកម្មភាពសំខាន់ៗអ្វីខ្លះដែលគណៈប្រតិភូវៀតណាមនឹងរៀបចំដើម្បីសម្រេចគោលដៅដែលបានកំណត់?
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅក្នុងរយៈពេល ៥ ថ្ងៃ គណៈប្រតិភូវៀតណាមនឹងផ្តោតលើសកម្មភាពសំខាន់ៗចំនួនបី។ ទីមួយគឺ ការចូលរួមសិក្ខាសាលានានា។ ទីពីរការបង្កើតទំនាក់ទំនងជាមួយដៃគូ។ សាកលវិទ្យាល័យនឹងធ្វើការដោយផ្ទាល់ជាមួយដៃគូអន្តរជាតិដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរនិស្សិត គ្រូបង្រៀន និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ។ ទីបី ផ្តោតលើការផ្សព្វផ្សាយដោយផ្ទាល់ ផ្តោតលើការរៀបចំពិព័រណ៍អប់រំវៀតណាម ដើម្បីបង្ហាញពីសក្តានុពលអប់រំរបស់ប្រទេសវៀតណាមដល់ប្រតិភូរាប់ពាន់នាក់ដែលចូលរួមព្រឹត្តិការណ៍។
យើងជឿជាក់ថា ជាមួយនឹងការត្រៀមរៀបចំយ៉ាងហ្មត់ចត់ ប្រទេសវៀតណាមនឹងបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អនៅឯ APAIE 2026 ដោយបើកជំពូកថ្មីមួយសម្រាប់ការធ្វើសមាហរណកម្មអប់រំអន្តរជាតិរបស់ប្រទេសជាតិ។
សូមអរគុណលោកស្រី!
បកប្រែដោយ Thuy Anh