យោងតាមគណៈកម្មាធិការប្រជាជនខេត្ត Dong Nai រហូតមកដល់ពេលបច្ចុប្បន្ន ខេត្តមាននិស្សិតឡាវ និងនិស្សិតកម្ពុជាចំនួន ៧៣ នាក់ដែលកំពុងសិក្សានៅមហាវិទ្យាល័យ និងអនុមហាវិទ្យាល័យចំនួន ៥ ក្នុងខេត្ត។ ក្នុងអំឡុងពេលសិក្សានៅខេត្ត Dong Nai និស្សិតឡាវ និងនិស្សិតកម្ពុជាតែងតែទទួលបានការយកចិត្តទុកដាក់ ការជួយគាំទ្រ ទទួលបានចំណេះដឹង និងជំនាញជាច្រើនដើម្បីចូលរួមការកសាង និងការពារមាតុភូមិរបស់ពួកគេក្រោយពីបញ្ចប់ការសិក្សានៅទីនេះ។

leftcenterrightdel
និស្សិតឡាវ និងនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅខេត្ត Dong Nai ជូនពរឆ្នាំថ្មីដល់ប្រតិភូ (រូបថត៖ vnanet.vn)

លោក ចាន់ សូរីកា អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា និងលោក Phonesy Bounmixay អគ្គកុងស៊ុលឡាវប្រចាំទីក្រុងហូជីមិញ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត Dong Nai មន្ទីរ ស្ថាប័ន មហាវិទ្យាល័យ និងអនុមហាវិទ្យាល័យនានាក្នុងខេត្ត Dong Nai ដែលបានយកចិត្តទុកដាក់ និងជួយគាំទ្រនិស្សិតឡាវ និងនិស្សិតកម្ពុជា ក្នុងការសិក្សា និងការចូលរួមសកម្មភាពនានា ជាពិសេសក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ហើយសង្ឃឹមថា ទំនាក់ទំនងមិត្តភាពជាពិសេសរវាងប្រទេសទាំងបីស្រស់បំព្រងជានិច្ចកាល ស្ថិតស្ថិជាអមត។

លោកស្រី Nguyen Thi Hoang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Nai បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្ថាប័នគ្រប់លំដាប់ថ្នាក់ខេត្ត Dong Nai មានសកម្មភាពសហប្រតិបត្តិការដ៏រស់រវើកជាច្រើនជាមួយមូលដ្ឋាន និងដៃគូនៅក្នុងប្រទេសឡាវ និងកម្ពុជា ហើយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតឡាវ និងនិស្សិតកម្ពុជាក្នុងការសិក្សានៅក្នុងខេត្តតាមរយៈការគាំទ្រការបណ្តុះបណ្តាល។ ក្នុងបំណងបង្កើតលក្ខណៈងាយស្រួលសម្រាប់និស្សិតឡាវ និងនិស្សិតកម្ពុជាអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណី អាជ្ញាធរខេត្ត Dong Nai រៀបចំការជួបជុំសម្រាប់និស្សិតឡាវ និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅក្នុងខេត្តជារៀងរាល់ឆ្នាំ។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំខេត្ត Dong Nai បានជូនផ្កា និងអំណោយដល់ស្ថានអគ្គកុងស៊ុលកម្ពុជា និងឡាវប្រចាំទីក្រុងហូជីមិញ ហើយប្រគល់អំណោយដល់តំណាងនិស្សិតឡាវ និងនិស្សិតកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ៕

បកប្រែដោយ Thuy Anh