អ្នកយកព័ត៌មាន៖ តើអ្វីជាសារៈសំខាន់ អត្ថន័យ និងគោលបំណងនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ និងកម្ពុជារបស់លោក Tran Cam Tu?

លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម៖ អនុវត្តតាមកម្មវិធីកិច្ចការបរទេសឆ្នាំ ២០២៦ របស់ថ្នាក់ដឹកនាំសំខាន់ៗ និងតាមការអញ្ជើញរបស់លោក Vilay Lakhamphong សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងសម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ និងប្រទេសកម្ពុជានៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមទៅកាន់ប្រទេសជិតខាងទាំងពីរនេះ ដែលធ្វើឡើងនៅពេលវេលាដ៏សំខាន់ខាងនយោបាយ និងវប្បធម៌យ៉ាងស៊ីជម្រៅ។ ប្រជាជនឡាវ និងកម្ពុជា កំពុងត្រៀមខ្លួនរៀបចំអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី និងបុណ្យប៊ុនពីម៉ៃ ដែលជាពិធីបុណ្យបង្ហាញពីអត្តសញ្ញាណវប្បធម៌ សាមគ្គីភាពសហគមន៍ និងចំណងមិត្តភាពយូរអង្វែងរវាងប្រទេសឥណ្ឌូចិនទាំងបី។ ក្នុងពេលជាមួយគ្នានេះ ដំណើរទស្សនកិច្ចនេះបានកើតឡើងភ្លាមៗបន្ទាប់ពីប្រទេសវៀតណាមបានរៀបចំមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមដោយជោគជ័យ បានជ្រើសរើសរដ្ឋសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់កម្រិត និងបានបញ្ចប់ការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវឧបករណ៍ដឹកនាំរបស់ខ្លួន និងអនុវត្តទិសដៅយុទ្ធសាស្ត្រថ្មីៗ។

ជាពិសេស ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅនៅក្នុងបរិបទនៃពិភពលោក និងតំបន់ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ការពង្រឹង និងពង្រីកទំនាក់ទំនងវៀតណាម-ឡាវ-កម្ពុជាគឺមានសារៈសំខាន់ណាស់ ជាពិសេសនៅពេលដែលប្រទេសទាំងបីកំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍន៍ ទំនើបកម្ម និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ដែលតម្រូវឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីចាប់ៗទាញយកឱកាស កាត់បន្ថយហានិភ័យ និងលើកកម្ពស់ការអភិវឌ្ឍ។

ដូច្នេះ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ខ្លាំងណាស់។ ទីមួយ វាបញ្ជាក់ជាថ្មីនូវគោលនយោបាយការបរទេសដ៏ស៊ីសង្វាក់គ្នារបស់វៀតណាមក្នុងការឱ្យតម្លៃ និងផ្តល់អាទិភាពដល់ទំនាក់ទំនងជាមួយឡាវ និងកម្ពុជា។ ទីពីរ វាពង្រឹងមូលដ្ឋានគ្រឹះនៃទំនុកចិត្តនយោបាយរវាងភាគីទាំងបី និងរដ្ឋទាំងបី។ ទីបី វាពិនិត្យ និងជំរុញការអនុវត្តការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ដោយរួមចំណែកដល់ការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា ទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី មានប្រសិទ្ធភាព ជាក់ស្តែង និងអាចទុកចិត្តបាន។ ទីបួន ពង្រឹងការផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយអំពីសាមគ្គីភាព មិត្តភាព និងចំណងជិតស្និទ្ធរវាងវៀតណាមនិងឡាវ វៀតណាមនិងកម្ពុជា ដោយហេតុនេះពង្រឹងមូលដ្ឋានគ្រឹះរឹងមាំនៃទំនាក់ទំនង និងចំណងយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ និងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងវៀតណាម និងកម្ពុជា។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក Tran Cam Tu  នឹងមានជំនួបសវនាការសម្រាប់ផ្លាស់ប្តូរទស្សនៈជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសឡាវ និងកម្ពុជា លើទិសដៅសំខាន់ៗ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ ដោយសង្កត់ធ្ងន់លើការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងដែលសម្រេចបានរួចហើយ។ ការផ្តោតសំខាន់គឺលើការធ្វើឱ្យស៊ីជម្រៅ និងពង្រឹងទំនាក់ទំនង ដោយភ្ជាប់ទៅនឹងផលប្រយោជន៍ជាក់លាក់របស់ប្រជាជន ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ពាណិជ្ជកម្មព្រំដែន ការអប់រំ និងបណ្តុះបណ្តាល និងការផ្លាស់ប្តូរឌីជីថល។

leftcenterrightdel
លោក Nguyen Manh Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម​ (រូបថត៖ vnanet.vn)

អ្នកយកព័ត៌មានៈ តើលោកអាចឱ្យដឹងអំពីស្ថានភាពថ្មីៗនៃទំនាក់ទំនងវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា និងការរំពឹងទុកសម្រាប់ដំណើរទស្សនកិច្ចនេះបានទេ?

លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម៖  ក្នុងរយៈពេលថ្មីៗនេះ ទំនាក់ទំនងវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា បានបន្តអភិវឌ្ឍជាវិជ្ជមាន និងទូលំទូលាយ ដោយសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើនលើគ្រប់វិស័យ។

សម្រាប់ប្រទេសឡាវ ទំនាក់ទំនងនយោបាយនៅតែជាមូលដ្ឋានគ្រឹះដ៏រឹងមាំ។ កម្រិតខ្ពស់នៃការជឿទុកចិត្តរវាងភាគីទាំងពីរ និងរដ្ឋទាំងពីរត្រូវបានបង្ហាញតាមរយៈទំនាក់ទំនងកម្រិតខ្ពស់ជាញឹកញាប់ យន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាអន្តរជាតិ។ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្ស ភាគីទាំងពីរបានអនុវត្តយ៉ាងឆាប់រហ័សនូវរាល់ខ្លឹមសារ "មានលក្ខលក្ខណៈផ្សារភ្ជាប់ជាយុទ្ធសាស្ត្រ" ដែលជាគោលគំនិតដែលឆ្លុះបញ្ចាំងពីកម្រិតកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅ និងស៊ីសង្វាក់គ្នា ពីចក្ខុវិស័យអភិវឌ្ឍន៍ រហូតដល់គោលនយោបាយជាក់លាក់។

នៅក្នុងវិស័យសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង។ ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២៥ ត្រូវបានគេរំពឹងថានឹងឈានដល់ជិត ៣ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជិត ៣៣% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ ដែលជាតួលេខបង្ហាញពីសន្ទុះកំណើនគួរឱ្យចាប់អារម្មណ៍។ បច្ចុប្បន្នវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទីបីរបស់ប្រទេសឡាវ និងជាវិនិយោគិនឈានមុខគេមួយ ដែលមានគម្រោងចំនួន ២៧៤ ដោយមានដើមទុនសរុបជិត ៦ ពាន់លានដុល្លារអាមេរិក។

កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខនៅតែបន្តជាសសរស្តម្ភសំខាន់ៗ ដែលរួមចំណែកដល់ការរក្សាស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ជាពិសេសនៅតំបន់ព្រំដែន។ ក្នុងពេលជាមួយគ្នានេះ វិស័យអប់រំ វប្បធម៌ សុខាភិបាល និងកសិកម្ម ក៏សម្រេចបានលទ្ធផលវិជ្ជមានជាច្រើនផងដែរ ដែលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ទាក់ទងនឹងប្រទេសកម្ពុជា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានវឌ្ឍនភាពយ៉ាងខ្លាំង។ ទំនុកចិត្តនយោបាយត្រូវបានពង្រឹងយ៉ាងរឹងមាំដោយផ្អែកលើគោលការណ៍ដែលបានព្រមព្រៀងគ្នានៅកម្រិតខ្ពស់។ ទាក់ទងនឹងសេដ្ឋកិច្ច វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជានៅទូទាំងពិភពលោក និងធំជាងគេនៅក្នុងអាស៊ាន។ នៅឆ្នាំ ២០២៥ ចំណូលពាណិជ្ជកម្មទ្វេភាគីត្រូវបានគេរំពឹងថានឹងឈានដល់ជាង ១១.៣ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជិត ១២% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

បច្ចុប្បន្ន វៀតណាមមានគម្រោងវិនិយោគចំនួន ២២៩ នៅកម្ពុជា ដែលមានដើមទុនសរុបជិត ៣ ពាន់លានដុល្លារអាមេរិក ដោយផ្តោតលើវិស័យសំខាន់ៗដូចជា កសិកម្ម ទូរគមនាគមន៍ ធនាគារ និងថាមពល។ គម្រោងទាំងនេះមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារផងដែរ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់។

កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរនៅតែបន្តពង្រឹង ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាស្ថិរភាពនៅតំបន់ព្រំដែន។ ក្នុងពេលជាមួយគ្នានេះ វិស័យវប្បធម៌ និងសង្គម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការផ្លាស់ប្ដូររវាងប្រជាជន ត្រូវបានលើកកម្ពស់យ៉ាងខ្លាំង ជាពិសេសកិច្ចសហប្រតិបត្តិការរវាងតំបន់ព្រំដែនសង្ខាង។

ទំនាក់ទំនងវៀតណាម-ឡាវ-កម្ពុជាបច្ចុប្បន្ន ត្រូវបានបង្កើតឡើងដោយផ្អែកលើសសរស្តម្ភសំខាន់ៗចំនួនបី៖ ទំនុកចិត្តនយោបាយខ្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងការផ្លាស់ប្ដូររវាងប្រជាជនកាន់តែជិតស្និទ្ធ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសទាំងបីដើម្បីអភិវឌ្ឍជាមួយគ្នាក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។

ជាមួយនឹងមូលដ្ឋានគ្រឹះនោះ ដំណើរទស្សនកិច្ចរបស់លោក Tran Cam Tu ត្រូវបានគេរំពឹងថា នឹងបង្កើតការផ្លាស់ប្តូរថ្មីៗ ជាពិសេសនៅក្នុងទិដ្ឋភាពជាច្រើន៖

ទីមួយ លើកកម្ពស់ការអនុវត្តការប្តេជ្ញាចិត្តកម្រិតខ្ពស់ ធានានូវនិរន្តរភាព និងប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ។ ទីពីរ ពង្រឹងការតភ្ជាប់សេដ្ឋកិច្ច ជាពិសេសនៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល និងការផ្លាស់ប្តូរឌីជីថល។ ទីបី ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ - ជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ទីបួន លើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន ជាពិសេសក្នុងចំណោមយុវជនជំនាន់ក្រោយដើម្បីពង្រឹងមូលដ្ឋានគ្រឹះសង្គមសម្រាប់ទំនាក់ទំនងរយៈពេលវែង។

អាចបញ្ជាក់បានថា ដំណើរទស្សនកិច្ចនេះមិនត្រឹមតែមានសារៈសំខាន់ខាងការទូតប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍សំខាន់មួយ ដែលរួមចំណែកដល់ការកំណត់ទិសដៅថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា ក្នុងរយៈពេលខាងមុខ។

ជាមួយនឹងការប្តេជ្ញាចិត្តខាងនយោបាយដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំនៃបក្សទាំងបី និងរដ្ឋទាំងបី រួមជាមួយនឹងប្រពៃណីនៃសាមគ្គីភាព និងចំណងមិត្តភាពជិតស្និទ្ធរវាងប្រជាជនវៀតណាម ឡាវ និងកម្ពុជា យើងមានហេតុផលគ្រប់បែបយ៉ាងដើម្បីជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យ ដោយរួមចំណែកដល់ការពង្រឹង និងលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងប្រទេសទាំងបី ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់។

អ្នកយកព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Minh Trung