ក្នុងឱកាសដែលលោក To Lam អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; លោក Le Minh Hung ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; និងលោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្នាក់ដឹកនាំនៃប្រទេសគុយបា កូរ៉េខាងជើង សហរដ្ឋអាមេរិក បេឡារុស កាហ្សាក់ស្ថាន ម៉ុងហ្គោលី ប៉ាឡេស្ទីន និងនីការ៉ាហ្គា បានផ្ញើសារទូរលេខ លិខិត និងសារអបអរសាទរ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ស្បថចូលកាន់តំណែង

លោក Miguel Diaz Canel លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា បានអបអរសាទរជូនចំពោះលោក To Lam អគ្គលេខាបក្ស ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម និងបានបញ្ជាក់ជាថ្មីនូវឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការពិសេសរវាងប្រទេសទាំងពីរ។

លោក គីម ជុងអ៊ុន អគ្គលេខាបក្ស និងជាប្រធានក្រុមប្រឹក្សាកិច្ចការរដ្ឋកូរ៉េខាងជើង បានសង្កត់ធ្ងន់ថា ការដែលលោក To Lam ចូលកាន់តំណែងជាប្រធានរដ្ឋវៀតណាម បានឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការរំពឹងទុកយ៉ាងខ្លាំងរបស់បក្ស និងប្រជាជនវៀតណាមទាំងមូលលើរូបលោក ដែលជាមនុស្សម្នាក់បានដឹកនាំការអភិវឌ្ឍប្រទេសជាតិឲ្យក្លាយជាប្រទេសរីកចម្រើន និងធ្វើឲ្យជីវភាពប្រជាជនប្រសើរឡើង។ លោក គីម ជុងអ៊ុន អគ្គលេខាបក្ស និងជាប្រធានក្រុមប្រឹក្សាកិច្ចការរដ្ឋ បានសម្តែងទំនុកចិត្តថា ដោយផ្អែកលើកិច្ចព្រមព្រៀងដែលសម្រេចបានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងខែតុលា ឆ្នាំ២០២៥ នៅទីក្រុងព្យុងយ៉ាងនោះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រពៃណីរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរនឹងបន្តពង្រឹង និងអភិវឌ្ឍស្របតាមបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងនាមរដ្ឋាភិបាលសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ រដ្ឋមន្ត្រីការបរទេស បានផ្ញើសារអបអរសាទរជូនចំពើលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ; លោក Le Minh Hung នាយករដ្ឋមន្ត្រី។ នៅក្នុងសារអបអរសារទរនោះ លោក រូប៊ីអូ បានថ្លែងថា សហរដ្ឋអាមេរិកឱ្យតម្លៃខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ខ្លួនជាមួយវៀតណាម ដែលបានកសាងឡើងអស់រយៈពេលជាងបីទសវត្សរ៍នៃមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ សូមកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់វៀតណាមក្នុងការលើកកម្ពស់វិបុលភាពសេដ្ឋកិច្ច ការពង្រីកការផ្លាស់ប្តូរប្រជាជន និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏សេរី និងបើកចំហ។ ហើយទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ  លោក Le Minh Hung នាយករដ្ឋមន្ត្រី និងជាមួយវៀតណាម ដើម្បីលើកកម្ពស់សន្តិភាព និងវិបុលភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ខណៈពេលដែលបន្តធ្វើឱ្យប្រទេសទាំងពីរមានសុវត្ថិភាព រឹងមាំ និងរីកចម្រើនជាងមុន។

លោក Alexander Lukashenko ប្រធានាធិបតីបេឡារុស បានសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំរបស់លោក To Lam វៀតណាមនឹងរីកចម្រើនឥតឈប់ឈរលើមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន ព្រមទាំងបានសង្កត់ធ្ងន់ថា ភាពជាដៃគូយុទ្ធសាស្ត្រជួយពង្រីកកិច្ចសហប្រតិបត្តិការវៀតណាម-បេឡារុសប្រកបដោយគុណភាព ដោយលទ្ធផលជាក់ស្តែងមួយដែលសម្រេចបានថ្មីៗនេះ គឺការអនុវត្តកាតលើកលែងទិដ្ឋាការ និងការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។

លោក Kassym-Jomart Tokayev  ប្រធានាធិបតីកាហ្សាក់ស្ថាន; មេដឹកនាំនៃប្រទេសម៉ុងហ្គោលី រួមទាំងលោកប្រធានាធិបតី Ukhnaa Khurelsukh, លោកនាយករដ្ឋមន្ត្រី Nyam-Osor Uchral, លោកប្រធានសភា Sandag Byambatsogt; លោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីន; លោក Daniel Ortega Saavedra ប្រធានាធិបតីនីការ៉ាហ្គា; និងលោក Rosario Murillo សហប្រធានាធិបតី … ក៏បានផ្ញើលិខិតអបអរសាទរជូនចំពោះលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក Le Minh Hung នាយករដ្ឋមន្ត្រី និងលោក Tran Thanh Man ប្រធានរដ្ឋសភា ផងដែរ៕

បកប្រែដោយ Duy Hoan