លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធាន SOM ASEAN - វៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន។

នៅក្នុងកិច្ចប្រជុំនេះ ប្រទេសនានាបានផ្តោតលើការពិនិត្យឡើងវិញនូវការអនុវត្តការសន្យា និងការផ្តល់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ (គ្រោងនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ ២០២៦) និងពិភាក្សាលើទិសដៅ និងវិធានការដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងបរិបទដែលពិភពលោកពោរពេញទៅដោយការប្រែប្រួល និងបញ្ហាប្រឈម។

អង្គប្រជុំបានកត់សម្គាល់នូវវឌ្ឍនភាពក្នុងការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ហើយការសន្យា និងការផ្តល់អាទិភាពសម្រាប់ឆ្នាំ ២០២៦ បន្តសម្រេចបានលទ្ធផលជាវិជ្ជមាន។ ហ្វីលីពីនដែលជាប្រទេសប្រធានអាស៊ានឆ្នាំ២០២៦ បញ្ជាក់ពីការប្តេជ្ញាចិត្តជាមួយប្រទេសអាស៊ានសម្រេចបាននូវគោលដៅ និងអាទិភាពដែលបានកំណត់ក្នុងឆ្នាំ ២០២៦ រួមទាំងអាទិភាពលើការរក្សាសន្តិភាព និងសន្តិសុខ ឆ្លើយតបទៅនឹងការគំរាមកំហែងដែលកំពុងកើតមានឡើង កិច្ចសហប្រតិបត្តិការតាមផ្លូវសមុទ្រ ពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម បង្កើនការធ្វើបរិវត្ដកម្មឌីជីថល និងសេដ្ឋកិច្ចច្នៃប្រឌិត គាំទ្រសហគ្រាសធុនតូច និងមធ្យម បង្កើនការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងបរិយាបន្ន និងលើកកម្ពស់តួនាទីរបស់ប្រជាជន...

leftcenterrightdel
មន្ត្រីជាន់ខ្ពស់មកពីប្រទេសសមាជិកចំនួន១១ និងថ្នាក់ដឹកនាំលេខាធិការដ្ឋានអាស៊ាន ចូលរួមកិច្ចប្រជុំ (រូបថត៖ ក្រសួងការបរទេសវៀតណាម)

ប្រទេសនានាក៏បានពិភាក្សា និងឯកភាពលើខ្លឹមសារ​ និងទិសដៅសំខាន់ៗជាច្រើន រួមទាំងការពិចារណាលើការពង្រីកទំនាក់ទំនងការបរទេសរបស់អាស៊ាន បង្កើនការសម្របសម្រួលនៅអង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិ លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការ និងវេទិកាដែលដឹកនាំដោយអាស៊ាន បន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងយន្តការរបស់អាស៊ាន។

ទាក់ទងនឹងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ (គ្រោងនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ២០២៦) មន្ត្រីជាន់ខ្ពស់អាស៊ានបានឯកភាពថា ក្នុងបរិបទដែលតំបន់កំពុងប្រឈមមុខនឹងផលប៉ះពាល់អវិជ្ជមានពីការប្រែប្រួលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចពិភពលោក នេះគឺជាឱកាសមួយសម្រាប់ថ្នាក់ដឹកនាំអាស៊ានវាយតម្លៃ និងដាក់ចេញយុទ្ធសាស្ត្រ និងផែនការឆ្លើយតបរបស់ប្លុកទាំងមូល។ ដូច្នេះ ប្រទេសនានាបានពិភាក្សា និងឯកភាពគ្នាលើទិសដៅសំខាន់ៗដើម្បីរាយការណ៍ជូនរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់សម្រាប់ពិចារណានិងសម្រេចចិត្ត។

ហ្វីលីពីន បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ដោយជោគជ័យ ទោះបីជាមានការលំបាកមួយចំនួនក៏ដោយ ព្រមទាំងផ្តល់ព័ត៌មានបន្ថែមអំពីគំនិតផ្តួចផ្តើមមួយចំនួនដែលគ្រោងនឹងដាក់ចេញក្នុងកិច្ចប្រជុំកំពូលលើកនេះ រួមទាំងគំនិតផ្តួចផ្តើម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក Dang Hoang Giang អនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលពិភពលោកបន្ដមានការវិវឌ្ឍ និងបញ្ហាប្រឈមជាច្រើន អាស៊ានគួរតែខិតខំពង្រឹងសាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងប្លុក ក៏ដូចជាជាមួយដៃគូ កែលម្អវិធីសាស្រ្ត និងក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ ព្រមទាំងលើកកម្ពស់តួនាទី និងសំឡេងនៅអង្គការសហប្រជាជាតិ និងវេទិកាពហុភាគី។

ចំពោះជម្លោះនៅមជ្ឈិមបូព៌ាដែលប៉ះពាល់អវិជ្ជមានលើប្រទេសអាស៊ាន លោក Dang Hoang Giang បានស្នើអាស៊ានពិចារណា និងបង្កើតយុទ្ធសាស្ត្រឆ្លើយតបទៅនឹងគ្រប់ទិដ្ឋភាព រួមទាំងនយោបាយ សេដ្ឋកិច្ច ថាមពល ស្បៀងអាហារ និងសង្គម ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ដើម្បីពិចារណា និងអនុម័ត។

ក្នុងឱកាសនេះ លោក Dang Hoang Giang បានផ្តល់ព័ត៌មានអំពីផែនការរៀបចំវេទិកាអនាគតអាស៊ានឆ្នាំ ២០២៦ ដោយបន្តបង្កើនគំនិតផ្តួចផ្តើមរបស់វៀតណាមលើការលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដោះស្រាយជម្លោះ និងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ជាដើម៕

បកប្រែដោយ Pham Diep