យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម តបតាមការអញ្ជើញរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម បំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែមេសា។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅរាជធានីភ្នំពេញ មុនដំណើរទស្សនកិច្ចនេះ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាបានសង្កត់ធ្ងន់ថា៖ ដោយផ្អែកលើទំនាក់ទំនងជិតស្និទ្ធជិតប្រាំមួយទសវត្សរ៍រវាងប្រទេសទាំងពីរ ក៏ដូចជាស្ថានភាពតំបន់ និងពិភពលោកដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននាពេលបច្ចុប្បន្ន សាមគ្គីភាពរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ដែលត្រូវបានចិញ្ចឹមបីបាច់ពូនជ្រំតាមរយៈចក្ខុវិស័យ និងការប្តេជ្ញាចិត្តរួមគ្នារបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលត្រូវការបណ្តុះ ថែរក្សា និងអភិវឌ្ឍសម្រាប់មនុស្សជំនាន់ក្រោយ។ ប្រការនេះគឺជាមូលដ្ឋានសម្រាប់ការដាក់ទំនុកចិត្តលើការទម្លាយដ៏ទូលំទូលាយ មានប្រសិទ្ធភាព និងជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងវៀតណាម និងកម្ពុជាក្នុងបរិបទថ្មី។
    |
 |
|
លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា (រូបថត៖ vnanet.vn) |
- យោងតាមកាលវិភាគដែលបានគ្រោងទុក លោក Tran Cam Tu នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកបំពេញដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១០ ខែមេសា តាមការអញ្ជើញរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ។ តើលោកវាយតម្លៃគោលបំណង និងសារៈសំខាន់នៃដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោក Tran Cam Tu យ៉ាងដូចម្តេច?
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu៖ ដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជារបស់លោក Tran Cam Tu និងគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម នឹងកើតឡើងនៅក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញខ្លាំងនៅក្នុងតំបន់ និងពិភពលោក ជាមួយនឹងភាពមិនប្រាកដប្រជាជាច្រើន ការផ្លាស់ប្តូរដែលមិនអាចទាយទុកជាមុនបាន និងជម្លោះដែលកើតឡើងនៅក្នុងវិស័យជាច្រើន។
ទន្ទឹមនឹងនេះ ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងកម្ពុជា ត្រូវបានពង្រឹង និងលើកកម្ពស់ក្នុងរយៈពេលថ្មីៗនេះ កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ នៅក្នុងបរិបទនេះ ដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជារបស់លោក Tran Cam Tu គឺមានសារៈសំខាន់ណាស់។
ទីមួយដំណើរទស្សនកិច្ចនេះគឺជាដំណើរទស្សនកិច្ច ក្រៅប្រទេសលើកដំបូងរបស់សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស បន្ទាប់ពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងតួនាទីជាថ្នាក់ដឹកនាំសំខាន់ៗរបស់បក្ស និងរដ្ឋ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងភ្លាមៗបន្ទាប់ពីសម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៦ បានបញ្ចប់ការបំពេញបង្គ្រប់រាល់តំណែងថ្នាក់ដឹកនាំរដ្ឋ ដែលបង្ហាញពីអាទិភាពខ្ពស់របស់បក្ស និងរដ្ឋវៀតណាមក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រពៃណីជាមួយកម្ពុជា។
ទីពីរដំណើរទស្សនកិច្ចនេះធ្វើឡើងមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា ដូច្នេះលោក Tran Cam Tu នឹងតំណាងឱ្យថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ ប្រជាជន និងមិត្តភក្តិកម្ពុជា។
ទីបីខ្លឹមសារដ៏សំខាន់មួយនៃដំណើរទស្សនកិច្ចនេះគឺដើម្បីពិនិត្យ និងពិភាក្សាអំពីការអនុវត្តនូវរាល់កិច្ចព្រមព្រៀងដែលសម្រេចបានដោយថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងអំឡុងពេលកិច្ចប្រជុំជាន់ខ្ពស់នៅទីក្រុងភ្នំពេញកាលពីខែកុម្ភៈកន្លងទៅ។
ក្នុងស្មារតីនោះ យោងតាមកាលវិភាគដែលបានគ្រោងទុក ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះមកកាន់ព្រះរាជាណាចក្រកម្ពុជា លោក Tran Cam Tu នឹងមានជំនួបពិភាក្សា សវនាការសំខាន់ៗជាមួយថ្នាក់ដឹកនាំនៃគណបក្ស ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងសកម្មភាពសំខាន់ៗជាច្រើនទៀត។
- ដំណើរទស្សនកិច្ចរបស់លោក Tran Cam Tu ធ្វើឡើងក្នុងបរិបទដែលប្រទេសទាំងពីរកំពុងរៀបចំអបអរសាទរខួបលើកទី ៥៩ នៃការបង្កើតទំនាក់ទំនងការទូត និងទន្ទឹងរង់ចាំខួបលើកទី ៦០ នៃទំនាក់ទំនងការទូតវៀតណាម-កម្ពុជា (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ / ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៧)។ ក្នុងឱកាសនេះ តើលោកឯកអគ្គរដ្ឋទូតអាចចែករំលែកសមិទ្ធផលសំខាន់ៗនៅក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះបានទេ?
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu៖ អស់រយៈពេល ៥៩ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ប្រជាជនវៀតណាម និងកម្ពុជា តែងតែឈរជើងជាមួយគ្នា រួបរួមគ្នា ចែករំលែក និងគាំទ្រគ្នាទៅវិញទៅមកគ្រាលំបាកវេទនា។ អស់រយៈពេល ៥៩ ឆ្នាំកន្លងមកនេះទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ត្រូវបានបណ្តុះពង្រឹងពង្រីកដោយថ្នាក់ដឹកនាំ និងប្រជាជនជំនាន់ក្រោយៗនៃប្រទេសទាំងពីរស្របតាមបាវចនា “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពរយៈពេលវែង” ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
ទំនាក់ទំនងនយោបាយ និងការទូតតែងតែដើរតួនាទីស្នូលក្នុងការដឹកនាំទិសដៅរួមនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានរក្សាទំនាក់ទំនងជាប់លាប់ និងផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ និងគ្រប់កម្រិតថ្នាក់ សម្របសម្រួលការរៀបចំយន្តការសហប្រតិបត្តិការទ្វេភាគីតាមរយៈគ្រប់បណ្តាញទាំងអស់។ លើសពីនេះ ភាគីទាំងពីរសហការយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ក៏ដូចជាយន្តការត្រីភាគីរវាងវៀតណាម ឡាវ និងកម្ពុជា ដោយហេតុនេះបង្ហាញពីការឯកភាពគ្នា និងការទទួលខុសត្រូវក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខនៅតែត្រូវបានបន្តពង្រឹង ដោយដើរតួជាសសរស្តម្ភសំខាន់មួយនៅក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា។ ភាគីទាំងពីរមានជំហររឹងមាំក្នុងគោលការណ៍មិនអនុញ្ញាតឱ្យកងកម្លាំងអរិភាពណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយដើម្បីប៉ះពាល់ដល់សន្តិសុខ និងផលប្រយោជន៍របស់ប្រទេសមួយទៀតឡើយ។ នេះធានាថាប្រទេសនីមួយៗមានមូលដ្ឋានយុទ្ធសាស្ត្ររឹងមាំ គ្មានការគំរាមកំហែងពីគ្រប់ទិសទីនៃព្រំដែន។ កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក៏បានទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនដូចជាការរត់ពន្ធ ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សប្រកបដោយប្រសិទ្ធភាព ដែលរួមចំណែកដល់ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន។
ដោយផ្អែកលើសន្ធិសញ្ញា កិច្ចព្រមព្រៀង និងការយោគយល់គ្នាដែលសម្រេចបានដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ និងប្រជាជននៃតំបន់ព្រំដែននៃភាគីទាំងពីរកំពុងខិតខំកសាងព្រំដែនរួមមួយប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារផ្លូវច្បាប់ចំនួនពីរ ដែលទទួលស្គាល់ការសម្រេចបានប្រហែល ៨៤% នៃការបោះបង្គោលព្រំដែន ហើយកំពុងបន្តការចរចាដើម្បីដោះស្រាយព្រំដែនគោកដែលនៅសល់ ១៦%។
សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាកម្លាំងចលករនៅពីក្រោយកិច្ចសហប្រតិបត្តិការដ៏សំខាន់ និងជាចំណុចសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍយ៉ាងខ្លាំង និងបំពេញបន្ថែមគ្នាទៅវិញទៅមក។ បច្ចុប្បន្នប្រទេសវៀតណាមគឺជាអ្នកវិនិយោគធំជាងគេទី ៥ នៅកម្ពុជា ជាមួយនឹងគម្រោងជាង ២០០ និងដើមទុនចុះបញ្ជីសរុបជិត ៣ ពាន់លានដុល្លារអាមេរិក។
ការអប់រំ ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស តែងតែជាចំណាប់អារម្មណ៍ពិសេសរបស់ប្រទេសទាំងពីរ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែង។ ជារៀងរាល់ឆ្នាំ វៀតណាមផ្តល់អាហារូបករណ៍រយៈពេលខ្លី និងរយៈពេលវែងរាប់រយដល់និស្សិតកម្ពុជា។
ផ្ទុយទៅវិញ កម្ពុជាក៏ផ្តល់អាហារូបករណ៍សម្រាប់ការបណ្តុះបណ្តាលភាសា និងវប្បធម៌ខ្មែរដល់ប្រទេសវៀតណាមផងដែរ។ ភាគីទាំងពីរលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបណ្តុះបណ្តាលបុគ្គលិក និងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ ដើម្បីបម្រើដល់ការធ្វើសមាហរណកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងពីរ។
នៅក្នុងវិស័យថែទាំសុខភាព ពលរដ្ឋកម្ពុជា ជាពិសេសអ្នកដែលនៅតាមខេត្តជាប់ព្រំដែន ទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ការវះកាត់ភ្នែក និងចែកថ្នាំពីក្រុមគ្រូពេទ្យវៀតណាម។ ពលរដ្ឋកម្ពុជាដែលស្វែងរកការថែទាំសុខភាពនៅប្រទេសវៀតណាម ត្រូវបានគិតថ្លៃដូចគ្នានឹងពលរដ្ឋវៀតណាមដែរ។ ប្រទេសទាំងពីរក៏សហការយ៉ាងជិតស្និទ្ធក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត ដោយផ្តល់វ៉ាក់សាំង និងសម្ភារៈវេជ្ជសាស្ត្រដល់គ្នាទៅវិញទៅមកទាន់ពេលវេលា។
ជាចុងក្រោយ ទំនាក់ទំនងជិតស្និទ្ធ និងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជាបង្កើនតួនាទី និងជំហររបស់ប្រទេសនីមួយៗនៅលើឆាកអន្តរជាតិ។ កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីររួមចំណែកដល់ការពង្រឹងសាមគ្គីភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក និងជាកត្តាសំខាន់មួយដែលនាំមកនូវវិបុលភាព និងសុភមង្គលដល់ប្រជាជននៃប្រទេសនីមួយៗ។
- ដំណើរទស្សនកិច្ចរបស់លោក Tran Cam Tu ត្រូវបានគេមើលឃើញថា ជាជំហានមួយក្នុងការអនុវត្ត និងធ្វើឱ្យខ្លឹមសារនៃកិច្ចប្រជុំកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរកាន់តែច្បាស់លាស់នៅដើមខែកុម្ភៈ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ព្រះរាជាណាចក្រកម្ពុជារបស់លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។ តើលោកគិតយ៉ាងណាចំពោះតួនាទីនាំមុខ និងសារៈសំខាន់នៃការទូតរវាងបក្សទាំងពីរក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងមូលរវាងវៀតណាម និងកម្ពុជា ក្នុងរយៈពេលបច្ចុប្បន្ន ដោយសារស្ថានភាពក្នុងតំបន់ និងពិភពលោកដែលមិនអាចទាយទុកជាមុនបាន?
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu៖ ជាការពិតជាក់ស្តែងថ្មីៗនេះបានបង្ហាញថា ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា គឺជាមូលដ្ឋានគ្រឹះនយោបាយដ៏រឹងមាំ ដែលដើរតួនាទីស្នូលក្នុងការណែនាំ និងដឹកនាំគ្រប់ទិដ្ឋភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាពិសេស ការជឿទុកចិត្តខាងនយោបាយរវាងបក្សទាំងពីរ និងប្រទេសទាំងពីរវៀតណាម និងកម្ពុជា គឺជា “យុថ្កា” ដ៏រឹងមាំ និងជាមូលដ្ឋានគ្រឹះសម្រាប់ការសម្រេចបាននូវបាវចនា “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងនិរន្តរភាពរយៈពេលវែង”។
ការជឿទុកចិត្តខាងនយោបាយនេះបានជួយណែនាំទិសដៅយុទ្ធសាស្ត្រនៃគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានពង្រឹងតាមរយៈកិច្ចប្រជុំជាប្រចាំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ។ តាមរយៈកិច្ចប្រជុំទាំងនេះ បញ្ហាដែលនៅសេសសល់អាចត្រូវបានដោះស្រាយក្នុងស្មារតីសាមគ្គីភាព មិត្តភាព ភាពស្មោះត្រង់ និងជំនួយទៅវិញទៅមករវាងប្រទេសជិតខាងទាំងពីរ។ នៅក្នុងកិច្ចប្រជុំទាំងនេះ ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរបានឯកភាពគ្នាលើចក្ខុវិស័យសម្រាប់ទិសដៅសហប្រតិបត្តិការ ដែលបន្ទាប់មកត្រូវបានអនុវត្តដោយក្រសួង ស្ថាប័ន និងមូលដ្ឋាននៃភាគីទាំងពីរ។
ដោយផ្អែកលើប្រវត្តិជិតប្រាំមួយទសវត្សរ៍នៃទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាស្ថានភាពតំបន់ និងសកលលោកដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននាពេលបច្ចុប្បន្ន ខ្ញុំជឿជាក់ថា សាមគ្គីភាពរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ដែលបានពូនជ្រំចិញ្ចឹមបីបាច់តាមរយៈចក្ខុវិស័យ និងការប្តេជ្ញាចិត្តរួមគ្នារបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលត្រូវតែថែរក្សា និងអភិវឌ្ឍសម្រាប់មនុស្សជំនាន់ក្រោយ។
នេះក៏ជាមូលដ្ឋានគ្រឹះសម្រាប់យើងក្នុងការដាក់ទំនុកចិត្តរបស់យើងលើការទម្លាយដ៏ទូលំទូលាយ មានប្រសិទ្ធភាព និងជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងវៀតណាម និងកម្ពុជាក្នុងបរិបទថ្មី។
- សូមអរគុណលោកឯកអគ្គរដ្ឋទូត។
បកប្រែដោយ Minh Trung