ថ្លែងនៅក្នុងកម្មវិធីនោះ តំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក Le Minh Ngoc ទីប្រឹក្សា បានបញ្ជាក់ថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាង ដែលមានប្រពៃណីសាមគ្គីភាព និងជួយគ្នាទៅវិញទៅមក ជាមួយនឹងទំនាក់ទំនងសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រួមទាំងវិស័យសុខាភិបាលផងដែរ។

ដោយសង្កត់ធ្ងន់ថា សកម្មភាពពិនិត្យ និងព្យាបាលជំងឺ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ លោក Le Minh Ngoc បានចាត់ទុកថា នេះគឺជាសកម្មភាពប្រចាំឆ្នាំដ៏មានអត្ថន័យ និងមានប្រយោជន៍ រួមចំណែកដល់ការលើកកម្ពស់សុខភាពរបស់ប្រជាជន។ សកម្មភាពនេះក៏រួមចំណែកដល់ការផ្តល់សេវាថែទាំសុខភាពដល់គ្រួសារ ក៏ដូចជាការពង្រីកប្រព័ន្ធថែទាំសុខភាពសម្រាប់ប្រជាជនកម្ពុជា។

leftcenterrightdel
គ្រូពេទ្យនៃមន្ទីរពេទ្យជោរៃ - ភ្នំពេញ ពិនិត្យសុខភាព និងផ្ដល់យោបល់អំពីការថែទាំសុខភាពជូនប្រជាជនដែលចូលរួមក្នុងកម្មវិធី (រូបថត៖ vnanet.vn)

លោក Le Minh Ngoc បានសម្តែងក្តីសង្ឃឹមថា ប្រជាជនកម្ពុជា និងប្រជាជនដើមកំណើតវៀតណាម នឹងបន្តរក្សាប្រពៃណីនៃសាមគ្គីភាព សេចក្តីស្រឡាញ់ ការជួយគាំទ្រគ្នាទៅវិញទៅមក ចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សា និងពូនជ្រំទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ក៏ដូចជាចូលរួមក្នុងការកសាងប្រទេសកម្ពុជាស្រស់ស្អាត និងរីកចម្រើន។

ចែករំលែកជាមួយអ្នកយកព័ត៌មាន លោក Ton Thanh Tra នាយកមន្ទីរពេទ្យជោរៃ ភ្នំពេញ បានឲ្យដឹងថា នេះគឺជាសកម្មភាពសប្បុរសធម៌ដែលផ្តោតលើសហគមន៍ ដែលមន្ទីរពេទ្យបានរៀបចំជាប្រចាំអស់រយៈពេលជាង ១០ ឆ្នាំមកហើយ នៅក្នុងមូលដ្ឋានជាច្រើននៅប្រទេសកម្ពុជា។ តាមរយៈកម្មវិធីនេះ ដោយមានការគាំទ្រ និងកិច្ចសហការពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងអាជ្ញាធរមូលដ្ឋាន មន្ទីរពេទ្យជោរៃ ភ្នំពេញ មានគោលបំណងផ្តល់សេវាថែទាំសុខភាព ដើម្បីជួយប្រជាជនឲ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើង ដោយមិនគិតពីថាតើពួកគេមានដើមកំណើតវៀតណាម ឬកម្ពុជានោះទេ។

ក្នុងក្របខ័ណ្ឌនៃកម្មវិធីនៅខេត្តព្រៃវែង ក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យចំនួន ២៦ នាក់ មកពីមន្ទីរពេទ្យជោរៃ ភ្នំពេញ រួមជាមួយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ បានពិនិត្យសុខភាព និងផ្ដល់យោបល់អំពីការថែទាំសុខភាពសម្រាប់មនុស្ស ៥០០ នាក់នៅក្នុងតំបន់នោះ រួមទាំងប្រជាជនដើមកំណើតវៀតណាម ២៥០ នាក់ និងប្រជាជនកម្ពុជា ២៥០ នាក់។

ទន្ទឹមនឹងការពិនិត្យសុខភាព ការផ្ដល់យោបល់ និងការចែកថ្នាំពេទ្យដោយឥតគិតថ្លៃ កម្មវិធីនេះក៏បានផ្តល់អំណោយដល់ប្រជាជនចំនួន ៥០០ ក្នុងគោលបំណងជួយកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅរបស់ប្រជាជននៅមូលដ្ឋាន៕

បកប្រែដោយ Thuy Anh