ផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាមមុនដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា (RAC) បានសម្តែងជំនឿរបស់លោកថា ដំណើរទស្សនកិច្ចនេះនឹងបើកជំពូកថ្មីមួយ ដែលធ្វើឲ្យទំនាក់ទំនងកម្ពុជា-វៀតណាមកាន់តែស៊ីជម្រៅ និងរឹងមាំ នាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់ដំណើរការអភិវឌ្ឍន៍ដោយសន្តិភាព និងវិបុលភាពរួម។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅទីក្រុងភ្នំពេញ លោកបណ្ឌិត ស៊ឺន សំ បានលើកឡើងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្ហាញពីកម្រិតខ្ពស់នៃទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា (CPP) និងបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជារវាងប្រទេសទាំងពីរ។ អ្នកជំនាញ RAC បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅបន្ទាប់ពីលោកត្រូវបានជ្រើសតាំងឡើងវិញជាអគ្គលេខាបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមសម្រាប់នីតិកាលទី ១៤ ដែលបង្ហាញពីការផ្តល់អាទិភាពខ្ពស់របស់វៀតណាមចំពោះទំនាក់ទំនងជាមួយកម្ពុជា ស្របតាមបាវចនា “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពរយៈពេលវែង" ដែលជាគោលការណ៍ណែនាំសម្រាប់ទំនាក់ទំនងទ្វេភាគីរយៈពេលវែង។

leftcenterrightdel
លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា (RAC) (រូបថត៖ vnanet.vn)

យោងតាមអ្នកវិភាគគោលនយោបាយឈានមុខគេនៅទីក្រុងភ្នំពេញ ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានៅដើមខែកុម្ភៈ របស់លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក។ ដូច្នេះ ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ ការពារជាតិ និងកិច្ចការព្រំដែន ដោយនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃភាគីទាំងពីរ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ រួមទាំងក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ីអាគ្នេយ៍។

ជាពិសេស យោងតាមអ្នកជំនាញរូបនេះការដែលព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី ទទួល ជួបសវនាការជាមួយលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពកក់ក្តៅ និងតម្លៃខ្ពស់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាមូលដ្ឋានគ្រឹះនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រលើគ្រប់វិស័យ។ អ្នកជំនាញបានសម្តែងការរំពឹងទុកថា៖ “ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងបើកជំពូកថ្មីមួយ ធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រឹងទំនាក់ទំនងកម្ពុជា-វៀតណាម នាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់ដំណើរការអភិវឌ្ឍន៍ដោយសន្តិភាព និងវិបុលភាពរួម”។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ដោយគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា គណបក្សកាន់អំណាចនៅកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល​ចំនួនបីនៅសប្តាហ៍នេះ។ ក្នុងនោះរួមមានកិច្ចប្រជុំកំពូល​ទ្វេភាគីរវាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាមួយនិងការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក To Lam អគ្គលេខាបក្ស។

នៅក្នុងបទសម្ភាសន៍មួយនៅ RAC លោកបណ្ឌិត ស៊ឺន សំ បានថ្លែងថា កិច្ចប្រជុំកំពូល​រវាងគណបក្ស​ទាំងពីរក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាបក្សវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងមានសារៈសំខាន់។ យោងតាមអ្នកវិភាគគោលនយោបាយកម្ពុជា បរិបទនៃកិច្ចប្រជុំដែលបានធ្វើឡើងបន្ទាប់ពីការបញ្ចប់ដោយជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងលោក To Lam ត្រូវបានជ្រើសតាំងជាអគ្គលេខាបក្សឡើងវិញ បង្ហាញពីកម្រិតខ្ពស់នៃការជឿទុកចិត្ត និងការគាំទ្រពីបក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាម។

រីឯខ្លួនវិញ គណបក្សប្រជាជនកម្ពុជា ក៏បានសម្តែងការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះលទ្ធផលនៃមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាម ដោយបានផ្ញើសារលិខិតអបអរសាទរ និងចាត់តាំងគណៈប្រតិភូជាន់ខ្ពស់មួយទៅវៀតណាមអបអរសាទរដោយផ្ទាល់។ លោក ស៊ឺន សំ បានមានប្រសាសន៍ថា “កិច្ចប្រជុំកំពូលទ្វេភាញី​នាពេលខាងមុខមិនត្រឹមតែជាការបន្តទំនាក់ទំនងធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ ដើម្បីរក្សា និងពង្រឹងទំនាក់ទំនងតាមរយៈបណ្តាញបក្ស និងរដ្ឋ ស្របតាមបាវចនានៃ “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង”។

ពីទស្សនៈនោះ អ្នកវិភាគ RAC បានសង្ខេបពីសារៈសំខាន់នៃកិច្ចប្រជុំកម្រិតខ្ពស់នាពេលខាងមុខតាមរយៈចំណុចជាច្រើន។ ទីមួយ ទាក់ទងនឹងការពង្រឹងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក កិច្ចប្រជុំផ្ទាល់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា ជួយពង្រឹងភាពស្និទ្ធស្នាល និងការជឿទុកចិត្ត ជាពិសេសនៅក្នុងបរិបទថ្មី បន្ទាប់ពីការផ្លាស់ប្តូររចនាសម្ព័ន្ធថ្នាក់ដឹកនាំ និងការប្តេជ្ញាចិត្តថ្មីរបស់ភាគីទាំងពីរ។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី និងគោលដៅនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដ៏សំខាន់ យោងតាមអ្នកជំនាញកម្ពុជា កិច្ចប្រជុំនាពេលខាងមុខនឹងផ្តោតលើការពិភាក្សាជាក់លាក់អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ផ្លូវគមនាគមន៍ ថាមពល និងឌីជីថលូបនីយកម្ម កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ព្រំដែន ការពារជាតិ សន្តិសុខ និងការគ្រប់គ្រងបញ្ហាប្រឈមរួមដូចជាធនធានទឹក និងការប្រែប្រួលអាកាសធាតុ ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

ដោយពង្រីកដល់កម្រិតតំបន់ លោក សឺន សំ ជឿជាក់ថា កិច្ចប្រជុំកម្រិតខ្ពស់នាពេលខាងមុខនឹងរួមចំណែកដល់ការធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ក្នុងបរិបទដែលទំនាក់ទំនងកម្ពុជា-វៀតណាម ត្រូវបានចាត់ទុកថាជាកត្តាស្នូលក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ីអាគ្នេយ៍។ លោកបានសង្កត់ធ្ងន់ថា៖ “កិច្ចប្រជុំកំពូល​នេះជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន និងបញ្ហាតំបន់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល និងរក្សាបរិយាកាសសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន”។

ដោយឈរលើទស្សនៈនេះ អ្នកវិភាគគោលនយោបាយឈានមុខគេនៅភ្នំពេញ-លោកបណ្ឌិត ស៊ឺន សំ បានបង្ហាញទំនុកចិត្តថា កិច្ចប្រជុំកម្រិតខ្ពស់នាពេលខាងមុខនឹងមិនត្រឹមតែបញ្ជាក់ជាថ្មីនូវចំណងមិត្តភាពជាប្រវត្តិសាស្ត្រ និងការប្តេជ្ញាចិត្តយូរអង្វែងរបស់ភាគីទាំងពីរ និងប្រទេសជិតខាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកជំពូកថ្មីមួយ ដែលធ្វើឲ្យស៊ីជម្រៅ និងពង្រឹងទំនាក់ទំនងកម្ពុជា-វៀតណាម និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងបន្ថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមរបស់អាស៊ីអាគ្នេយ៍។ លោកបានសង្កត់ធ្ងន់ថា "នេះគឺជាសញ្ញាវិជ្ជមាន និងរឹងមាំសម្រាប់អនាគតនៃទំនាក់ទំនងទ្វេភាគីដ៏ល្អឥតខ្ចោះ"៕

បកប្រែដោយ Minh Trung