ការផ្សព្វផ្សាយសារៈសំខាន់នៃមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម នៅកម្ពុជា
កប.អនឡាញ - នៅព្រឹកថ្ងៃទី ៨ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានរៀបចំការតាំងពិព័រណ៍រូបថតមួយអំពីទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា និងសិក្ខាសាលាមួយស្តីពី "បក្សកុម្មុយនិស្តវៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី"។ ព្រឹត្តិការណ៍ទាំងពីរនេះគឺជាផ្នែកមួយនៃសកម្មភាពជាបន្តបន្ទាប់ដែលរៀបចំដោយស្ថានទូតដើម្បីអបអរសាទរមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី ១៩-២៥ ខែមករា នៅទីក្រុងហាណូយ។
ប្រតិភូអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះមានអ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិមកពីរាល់ស្ថាប័នស្រាវជ្រាវឈានមុខគេរបស់កម្ពុជា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា តំណាងសមាគមខ្មែរ-វៀតណាមប្រចាំនៅកម្ពុជា សមាគមពាណិជ្ជកម្មវៀតណាម-កម្ពុជា និងគណៈប្រតិភូនិស្សិតវៀតណាមប្រចាំនៅកម្ពុជាជាដើម។
    |
 |
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ណែនាំដល់វាគ្មិនអំពីសារៈសំខាន់នៃការតាំងពិព័រណ៍រូបថតស្តីពីទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា |
នៅក្នុងសុន្ទរកថាបើករបស់លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍបក្ស និងប្រទេសជាតិ ដែលមានសារៈសំខាន់ជាការសម្រេចចិត្តសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសវៀតណាមក្នុងយុគសម័យថ្មី។ មហាសន្និបាតលើកទី១៤ របស់បក្សមិនត្រឹមតែសង្ខេបបូកសរុបអំពីការអភិវឌ្ឍក្នុងរយៈពេល ៥ ឆ្នាំកន្លងមក និងកំណត់គោលដៅ និងភារកិច្ចសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់គន្លងនៃការគិតជាយុទ្ធសាស្ត្រ ចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍របស់ប្រទេសរហូតដល់ពាក់កណ្តាលសតវត្សរ៍ទី ២១ ផងដែរ។
វាគ្មិនទាំងអស់បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីរបស់បក្សកុម្មុយនិស្តវៀតណាម ចាប់ពីការបង្កើតឡើងរហូតដល់បច្ចុប្បន្នក្នុងការកសាង និងការពារប្រទេសវៀតណាម ក៏ដូចជាក្នុងការជួយប្រទេសជិតខាង រួមទាំងកម្ពុជាក្នុងការរំដោះ កសាង និងអភិវឌ្ឍប្រទេសជាតិ។ វាគ្មិនបានសរសើរសមត្ថភាពដ៏គួរឱ្យចាប់អារម្មណ៍របស់បក្សកុម្មុយនិស្តវៀតណាមក្នុងការ "សម្របខ្លួន និងការផ្លាស់ថ្មីយ៉ាងខ្លាំង" ដោយកត់សម្គាល់ថា ការសម្រេចចិត្តទាន់ពេលវេលា និងមានលក្ខណៈស្ថាបនាបានជួយវៀតណាមឱ្យផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីប្រទេសក្រីក្រ និងរងការបំផ្លិចបំផ្លាញដោយសង្គ្រាមទៅជាប្រទេសដែលមានចំណូលមធ្យមខ្ពស់ មានស្ថិរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
រាល់វាគ្មិនក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះគោលនយោបាយការបរទេស និងគោលការណ៍ណែនាំរបស់វៀតណាមក្រោមការដឹកនាំរបស់បក្ស ដែលបានរួមចំណែកដល់ការកសាងប្រទេសវៀតណាមមួយប្រកបដោយសន្តិភាព និងស្ថិរភាព ជាមួយនិងកិត្យានុភាពកាន់តែលេចធ្លោឡើងទាំងក្នុងតំបន់ និងអន្តរជាតិ។
    |
 |
|
វាគ្មិនអញ្ជើញចូលរួមសិក្ខាសាលា |
ទាក់ទងនឹងទំនាក់ទំនងវៀតណាម-កម្ពុជា វាគ្មិនបានកត់សម្គាល់ថា វៀតណាមបានកសាងទំនុកចិត្តជាយុទ្ធសាស្ត្រជាមួយកម្ពុជា ហើយសមិទ្ធផលសំខាន់ៗនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរបានក្លាយជាមរតកដ៏សំខាន់ដែលត្រូវការអភិវឌ្ឍ និងទទួលមរតកបន្ថែមទៀត។ ដោយសម្តែងក្តីសង្ឃឹមថា បន្ទាប់ពីមហាសន្និបាតបក្សលើកទី ១៤ ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរវៀតណាម និងកម្ពុជា នឹងកាន់តែជិតស្និទ្ធ និងជាក់ស្តែងលើគ្រប់វិស័យ។ វាគ្មិនទាំងអស់ក៏បានលើកឡើងដំណោះស្រាយជាក់លាក់មួយចំនួនដើម្បីបង្កើនប្រសិទ្ធភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចជាការពង្រឹងយន្តការពិគ្រោះយោបល់ និងសម្របសម្រួលជាយុទ្ធសាស្ត្រ ការបង្កើតយន្តការធ្វើការរួមគ្នាលើការទូត ការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច ការបង្កើនកម្រិតនៃផលប្រយោជន៍ដែលជាប់ទាក់ទងគ្នាក្នុងវិស័យផ្សេងៗ ការលើកកម្ពស់ការវិនិយោគរួមគ្នា ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាឌីជីថល និងសេដ្ឋកិច្ចបៃតង កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងទន្លេមេគង្គ និងការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព។ល។
នៅក្នុងពិព័រណ៍រូបថត អ្នកចូលរួមត្រូវបានណែនាំអំពីរូបភាពប្រវត្តិសាស្ត្រល្បីៗ និងរស់រវើកនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរចាប់ពីទសវត្សរ៍ឆ្នាំ ១៩៦០ ដល់បច្ចុប្បន្ន ជាពិសេសរូបភាពនៃអគ្គមគ្គុទេសក៍វៀតណាម និងកម្ពុជា ដូចជាលោកប្រធានហូជីមិញ និងព្រះបាទនរោត្តមសីហនុ ដែលជាអ្នកបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៦៧។
ព្រឹត្តិការណ៍ទាំងពីរដែលបានរៀបចំដោយជោគជ័យនេះបានរួមចំណែកជួយដល់ប្រតិភូកម្ពុជា និងវៀតណាមឲ្យយល់កាន់តែច្បាស់អំពីទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ សារៈសំខាន់នៃមហាសន្និបាតបក្សលើកទី ១៤ និង “ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការទូលំទូលាយ និងនិរន្តរភាពយូរអង្វែង” រវាងវៀតណាម និងកម្ពុជា៕
បកប្រែដោយ Minh Trung