លោកស្រី Tran Thi Thanh Huong លេខារងគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត An Giang ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តតាកែវ
កប.អនឡាញ - នៅព្រឹកថ្ងៃទី៣១ ខែមីនា គណៈប្រតិភូគណៈកម្មាធិការបក្សខេត្ត An Giang ដឹកនាំដោយលោកស្រី Tran Thi Thanh Huong លេខារងគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត An Giang បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណិជាតិខ្មែរនៅខេត្តតាកែវ។ លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំខេត្តតាកែវ បានទទួលគណៈប្រតិភូ។
ក្នុងនាមគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត An Giang និងប្រជាជនទាំងអស់នៅខេត្ត An Giang លោកស្រី Tran Thi Thanh Huong បានជូនពរលោក ញ៉ែម ស្រស់ និងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តតាកែវទាំងអស់ មានសុខភាពល្អ ព្រមទាំងបំពេញភារកិច្ចដោយជោគជ័យ។
លោកស្រី បានជូនពរដល់អាជ្ញាធរ និងប្រជាជនខេត្តតាកែវ សម្រេចបានសមិទ្ធផលកាន់តែច្រើនក្នុងការកសាង និងអភិវឌ្ឍខេត្តតាកែវ ហើយប្រជាជនមានជីវភាពធូរធារ និងសប្បាយរីករាយ ព្រមទាំងជូនពរឲ្យសាមគ្គីភាពប្រពៃណី មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងខេត្ត An Giang និងខេត្តតាកែវ ស្ថិតស្ថេរជារៀងរហូត។
    |
 |
|
លោកស្រី Tran Thi Thanh Huong ជូនអំណោយ និងជូនពរឆ្នាំថ្មីដល់ខេត្តតាកែវ (រូបថត៖ baoangiang.com.vn) |
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខេត្ត An Giang និងខេត្តតាកែវ តែងតែពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ លើវិស័យជាច្រើន ដូចជា កសិកម្ម សុខាភិបាល ពាណិជ្ជកម្ម ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមតាមតំបន់ព្រំដែន ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន និងធុរកិច្ចនៃខេត្តទាំងពីរ ក្នុងការឆ្លងដែនដើម្បីធ្វើពាណិជ្ជកម្ម ក៏ដូចជាការស្វែងរកឱកាសវិនិយោគ កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍផលិតកម្ម និងការពង្រីកទីផ្សារនាំចូល នាំចេញ។ តាមរយៈនោះ ជម្រុញឲ្យទំហំនៃការនាំចូលនិងនាំចេញ នៅតំបន់ព្រំដែននៃខេត្តទាំងពីរ សម្រេចបានជិត ៦៣០ លានដុល្លារអាមេរិកនៅឆ្នាំ២០២៥ រួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសប្រជាជនដែលរស់នៅក្នុងតំបន់ព្រំដែននៃខេត្តទាំងពីរ។
លោកស្រី Tran Thi Thanh Huong សង្ឃឹមថា ខេត្តទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន និងធុរកិច្ចនៃខេត្តទាំងពីរ ធ្វើពាណិជ្ជកម្ម ផ្លាស់ប្តូរទំនិញ និងពង្រីកទីផ្សារនាំចូល និងនាំចេញ ហើយជម្រុញវិស័យផ្សេងៗ៖ កសិកម្ម សុខាភិបាល ពាណិជ្ជកម្ម កីឡា ការងាររណសិរ្ស និងអង្គការមហាជន...
ក្នុងនាមថ្នាក់ដឹកនាំខេត្តតាកែវ លោក ញ៉ែម ស្រស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនាដែលលោកស្រី Tran Thi Thanh Huong ថ្នាក់ដឹកនាំ និងប្រជាជនខេត្ត An Giang ជូនដល់អាជ្ញាធរ និងប្រជាជនខេត្តតាកែវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ខេត្តតាកែវមានបំណងចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ មិត្តភាព និងគ្រប់ជ្រុងជ្រោយជាមួយខេត្ត An Giang លើវិស័យសំខាន់ៗ ដោយរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅតំបន់ព្រំដែន៕
បកប្រែដោយ Thuy Anh