វៀតណាមបញ្ជាក់ពីតួនាទីទទួលខុសត្រូវនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
កប.អនឡាញ - សម័យប្រជុំជាប្រចាំលើកទី ៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ទើបតែបញ្ចប់នៅទីក្រុងហ្សឺណែវ បន្ទាប់ពីធ្វើការជាបន្តបន្ទាប់រយៈពេលប្រាំមួយសប្តាហ៍ ដែលបង្ហាញពីការចូលរួមយ៉ាងសកម្ម និងការរួមចំណែកជាក់ស្តែងរបស់វៀតណាម ក្នុងបរិបទស្ថានភាពសកលដ៏ស្មុគស្មាញជាបន្តបន្ទាប់។
សម័យប្រជុំដែលធ្វើឡើងចាប់ពីថ្ងៃទី ២៣ ខែកុម្ភៈ ដល់ថ្ងៃទី ៣១ ខែមីនា បានប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ដោយសារជម្លោះ និងអស្ថិរភាពនៅតែបន្តកើតមាននៅក្នុងតំបន់ជាច្រើននៃពិភពលោក។ ជាពិសេស ក្នុងអំឡុងពេលសម័យប្រជុំ ភាពតានតឹងថ្មីទាក់ទងនឹងជម្លោះនៅមជ្ឈិមបូព៌ាបាននាំឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្ស កោះប្រជុំពិភាក្សាបន្ទាន់ចំនួនពីរនៅថ្ងៃទី ២៥ និង ២៧ ខែមីនា។
សម័យប្រជុំនេះសម្រេចបានលទ្ធផលលេចធ្លោជាច្រើន រួមទាំងការរៀបចំសម័យប្រជុំកម្រិតខ្ពស់ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាង ១២០ នាក់មកពីប្រទេសផ្សេងៗ ពិភាក្សា និងពិចារណាលើសេចក្តីសម្រេចចិត្តចំនួន ៣៨ ធ្វើកិច្ចពិភាក្សាតាមប្រធានបទជាច្រើនលើបញ្ហាសិទ្ធិមនុស្សសំខាន់ៗ និងបញ្ចប់នីតិវិធីអនុម័តលទ្ធផលនៃការពិនិត្យឡើងវិញជាសកលតាមកាលកំណត់លើកទី ៤ (UPR) នៃប្រទេសចំនួន ១៣។
    |
 |
|
កិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ |
ក្នុងអំឡុងនៃសម័យប្រជុំ គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្ម មានទំនួលខុសត្រូវ ក្នុងដំណើរការពិគ្រោះយោបល់លើសេចក្តីសម្រេចចិត្តចំនួន ៣៨ និងបានអនុវត្តគំនិតផ្តួចផ្តើមលេចធ្លោពីរ។ ទីមួយ វៀតណាមបានបង្កើត និងបង្ហាញសេចក្តីថ្លែងការណ៍រួមស្តីពីសមភាពយេនឌ័រក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលឧបត្ថម្ភដោយប្រទេសចំនួន ៦៧។ ទីពីរ វៀតណាមបានធ្វើជាសហប្រធានព្រឹត្តិការណ៍មួយជាមួយកូរ៉េខាងត្បូង ជប៉ុន និងថៃ ស្តីពីផលប៉ះពាល់នៃការក្លែងបន្លំតាមអ៊ីនធឺណិតលើសិទ្ធិមនុស្ស។
លើសពីនេះ វៀតណាមបានធ្វើជាប្រធានក្នុងការរៀបចំ និងបង្ហាញសេចក្តីថ្លែងការណ៍រួមអាស៊ាននៅក្នុងសម័យប្រជុំស្តីពីហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមកាតព្វកិច្ចទាក់ទងនឹងសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។ គណៈប្រតិភូវៀតណាមក៏បានថ្លែងសេចក្តីថ្លែងការណ៍ជាតិនៅក្នុងវគ្គពិភាក្សា និងសន្ទនាសំខាន់ៗជាច្រើននៃកិច្ចប្រជុំផងដែរ។
ការចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវរបស់គណៈប្រតិភូវៀតណាមនៅក្នុងសម័យប្រជុំលើកទី ៦១ បានបញ្ជាក់បន្ថែមទៀតអំពីគោលនយោបាយ និងជំហរឥតងាករេរបស់វៀតណាមក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ ក្នុងពេលជាមួយគ្នានេះ បង្ហាញពីការត្រៀមខ្លួនរបស់វៀតណាមក្នុងការបំពេញអាណត្តិឆ្នាំ ២០២៦-២០២៨ របស់ខ្លួនក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាមួយនឹងផ្នត់គំនិតថ្មី ការតាំងចិត្តថ្មី ដែលបានបង្កើតឡើងតាមរយៈសមិទ្ធផលអភិវឌ្ឍន៍របស់ខ្លួន និងព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ប្រទេស។
ក្នុងបរិបទនៃស្ថានភាពសកលដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន វៀតណាមនឹងបន្តសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់ការសន្ទនា និងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ការពារតម្លៃរួមរបស់មនុស្សជាតិ និងរួមចំណែកយ៉ាងសំខាន់ និងមានទំនួលខុសត្រូវចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសិទ្ធិមនុស្សសម្រាប់មនុស្សទាំងអស់គ្នា៕
បកប្រែដោយ Duy Hoan