គណៈប្រតិភូខេត្តស្ទឹងត្រែងជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្ត Gia Lai
កប.អនឡាញ - នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ លោកស្រី Nguyen Thi Thanh Lich អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai វៀតណាម បានទទួលគណៈប្រតិភូខេត្តស្ទឹងត្រែង (ព្រះរាជាណាចក្រកម្ពុជា) ដឹកនាំដោយលោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង ដែលបានមកជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម។
ក្នុងជំនួប លោកស្រី Nguyen Thi Thanh Lich បានសម្តែងសេចក្តីសោមនស្សរីករាយដោយបានទទួលស្វាគមន៍គណៈប្រតិភូស្ទឹងត្រែង ក្នុងបរិយាកាសដើមឆ្នាំថ្មី ព្រមទាំងជូនពរថ្នាក់ដឹកនាំ និងប្រជាជនខេត្តស្ទឹងត្រែង ឲ្យមានសុខភាពល្អ។
លោកស្រី Nguyen Thi Thanh Lich បានបញ្ជាក់ថា ខេត្ត Gia Lai តែងតែយកចិត្តទុកដាក់ជាពិសេសចំពោះការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយមូលដ្ឋាននានានៃព្រះរាជាណាចក្រកម្ពុជា រួមទាំងខេត្តស្ទឹងត្រែងផងដែរ។
    |
 |
|
លោកស្រី Nguyen Thi Thanh Lich ទទួលជួបគណៈប្រតិភូខេត្តស្ទឹងត្រែង (រូបថត៖ baogialai.com.vn) |
លោកស្រីក៏បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh ក្នុងការជម្រុញពាណិជ្ជកម្ម និងការតភ្ជាប់សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍រវាងខេត្ត Gia Lai និងខេត្តភាគឦសាននានានៃប្រទេសកម្ពុជា។ ខេត្ត Gia Lai មាននបំណងចង់ថា មូលដ្ឋានទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធ ទាញយកអត្ថប្រយោជន៍ សក្តានុពលប្រកបដោយប្រសិទ្ធភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។
បច្ចុប្បន្ន ធុរកិច្ចខេត្ត Gia Lai មានគម្រោងវិនិយោគចំនួន ១៩ នៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីសរុបជាង ៩១៣ លានដុល្លារអាមេរិក។ ក្នុងនោះ ធុរកិច្ចចំនួន ៣ កំពុងមានគម្រោងវិនិយោគចំនួន ៣ នៅខេត្តស្ទឹងត្រែង ដែលមានដើមទុនចុះបញ្ជីសរុបជាង ៧៤.៥ លានដុល្លារអាមេរិក ក្នុងវិស័យសំណង់ និងកសិកម្ម (កៅស៊ូ ដើមឈើហូបផ្លែ)។
លោក ម៉ែន គុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ថ្នាក់ដឹកនាំខេត្ត Gia Lai ហើយជូនពរគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Gia Lai ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងឆ្នាំថ្មី។
គណៈប្រតិភូក៏បានសម្តែងបំណងចង់បន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ និងការផ្លាស់ប្តូរមិត្តភាពជាមួយខេត្ត Gia Lai រួមចំណែកដល់ការជម្រុញការអភិវឌ្ឍនៃមូលដ្ឋាននីមួយៗ៕
បកប្រែដោយ Thuy Anh