អ្នកយកព័ត៌មាន៖ តើលោកអាចឲ្យដឹងអំពីគោលបំណង អត្ថន័យ និងសកម្មភាពសំខាន់ៗមួយចំនួននៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជារបស់លោក​ To Lam អគ្គលេខាបក្ស បានទេ?

លោក Nguyen Manh Cuong៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក To Lam អគ្គលេខាបក្ស នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ។

រួមជាមួយនឹងដំណើរទស្សនកិច្ចផ្លូវនៅប្រទេសឡាវ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា គឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក To Lam អគ្គលេខាបក្សបន្ទាប់ពីការបញ្ចប់ដោយជោគជ័យនៃមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ និងអត្ថន័យនយោបាយពិសេស ដោយបង្ហាញពីសារដ៏រឹងមាំមួយពីបក្ស និងរដ្ឋវៀតណាម ក៏ដូចជាពីលោក To Lam អគ្គលេខាបក្សផ្ទាល់ ដែលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពដល់ការអភិវឌ្ឍ និងពូនជ្រំទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតស្ថិរយូរអង្វែងរវាងវៀតណាម និងកម្ពុជា។

leftcenterrightdel
លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបទេសវៀតណាម

ដំណើរទស្សនកិច្ចនេះជាឱកាសដើម្បីមេដឹកនាំកំពូលនៃប្រទេសទាំងពីរបង្កើនការពិភាក្សា ពង្រឹងទំនុកចិត្តនយោបាយ និងលើកកម្ពស់ការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានប្រកបដោយប្រសិទ្ធភាព។ នេះមិនត្រឹមតែធ្វើឱ្យចំណងមិត្តភាពជាប្រពៃណីរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរកាន់តែស៊ីជម្រៅប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្លាំងចលកដើម្បីជម្រុញទំនាក់ទំនងវៀតណាម-កម្ពុជាឡើងដល់កម្រិតកំពស់ថ្មីមួយទៀត ស្របតាមបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានក្នុងការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់។

អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃយ៉ាងដូចម្តេចចំពោះសមិទ្ធផលលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-កម្ពុជាក្នុងរយៈពេលកន្លងមក?

លោក Nguyen Manh Cuong៖ អាចនិយាយបានថា ទំនាក់ទំនងវៀតណាម-កម្ពុជាក្នុងរយៈពេលកន្លងមកនេះសម្រេចបានលទ្ធផលវិជ្ជមាន និងជាក់ស្តែង។

ចំណុចលេចធ្លោបំផុតគឺទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹង ដែលបង្កើតជាមូលដ្ឋានរឹងមាំសម្រាប់តម្រង់ទិសចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែបំពេញទស្សនកិច្ចទៅវិញទៅមក និងជូបប្រជុំពិភាក្សាការងារជាមួយគ្នា។ ភាគីទាំងពីរក៏បានរៀបចំយន្តការសហប្រតិបត្តិការទ្វេភាគីសំខាន់ៗផងដែរ ដូចជាសម័យប្រជុំលើកទី ២១ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស និងសន្និសីទលើកទី ១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ខេត្តជាប់ព្រំដែន។ ការបំពេញទស្សនកិច្ច និងការជួបជុំពិភាក្សាការងារនៅកម្រិតខ្ពស់បានរួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយ និងដាក់ចេញទិសដៅដើម្បីជំនះការលំបាក និងបញ្ហាឧបសគ្គក្នុងកិច្ចសហប្រតិបត្តិការ ដោយបង្កើនប្រសិទ្ធភាពនៃការសម្របសម្រួលរវាងប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិសន្តិសុខ គឺជាសសរស្តម្ភដ៏រឹងមាំមួយនៅក្នុងទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរបានអនុវត្តកម្មវិធី និងផែនការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដោយរួមចំណែកដល់ការធានាការពារជាតិសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសង្គមនៅក្នុងប្រទេសនីមួយៗ។ កសាងខ្សែបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍរួមគ្នា ដោយប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងណាមួយប្រើប្រាស់ទឹកដីរបស់មិនអនុញ្ញាតឱ្យកម្លាំងណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសម្ខាងដើម្បីបំផ្លាញប្រទេសម្ខាងទៀតឡើយ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់។ ពាណិជ្ជកម្មទ្វេភាគីសរុបក្នុងឆ្នាំ២០២៥ បានឈានដល់ ១១.៣៣ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ វៀតណាមមានគម្រោងវិនិយោគសចំនួន២២៩ នៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីសរុបចំនួន២.៩៤ ពាន់លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់លេខពីរក្នុងចំណោមគោលដៅវិនិយោគនៅក្រៅប្រទេសចំនួន ៨៥ របស់វៀតណាម។

កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរនៅតែបន្តពង្រឹងជានិច្ច។ ចលនា "បណ្តុះពន្លកមិត្តភាព" ការផ្លាស់ប្តូរ និងចងសម្ព័ន្ធមេត្រីភាពរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរត្រូវបានលើកកម្ពស់ ដោយមិនត្រឹមតែកំណត់ចំពោះខេត្តដែលមានព្រំដែនរួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកដល់ខេត្តដទៃទៀតផងដែរ។ តាមរយៈសកម្មភាពអប់រំ ការផ្លាស់ប្តូរវប្បធម៌ និងការចងសម្ព័ន្ធមេត្រីភាពនានា ការយោគយល់ និងការស្រលាញ់រាប់អានគ្នា រវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ ត្រូវបានពង្រឹងកាន់តែខ្លាំងឡើង ដែលក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់មិត្តភាពរវាងវៀតណាម និងកម្ពុជា។

ក្រៅពីនេះ ភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ និងលើកកម្ពស់ស្មារតីសាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌអាស៊ាន អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ដោយរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាស៊ានក្នុងការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍នៅក្នុងតំបន់ និងអន្តរជាតិ។

អ្នកយកព័ត៌មាន៖ តើវៀតណាមមានការរំពឹងទុកអ្វីខ្លះចំពោះដំណើរទស្សនកិច្ចដ៏សំខាន់នេះរបស់លោកអគ្គលេខាបក្ស?

លោក Nguyen Manh Cuong៖ ដូចដែលខ្ញុំបានចែករំលែក ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជារបស់លោក To Lam អគ្គលេខាបក្សកើតឡើងនៅពេលវេលាដ៏សំខាន់មួយនៅពេលដែលប្រទេសទាំងពីរកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយដែលរួមទាំងឱកាស និងបញ្ហាប្រឈម។ ក្នុងក្របខ័ណ្ឌទ្វេភាគី ទំនាក់ទំនងវៀតណាម-កម្ពុជា ទទួលបានវឌ្ឍនភាពគួរឱ្យលើកទឹកចិត្តនៅឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសទាំងពីរនៅតែមានសក្តានុពល និងឱកាសជាច្រើនត្រូវជម្រុញបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងឲ្យឡើងដល់កម្រិតកំពស់ថ្មីមួយទៀត ដោយបំពេញនូវសេចក្តីប្រាថ្នារបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញជាសហប្រធាននៃកិច្ចប្រជុំកំពូលទ្វេភាគីរវាងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងកិច្ចប្រជុំកំពូលត្រីភាគី រវាងអ្នកដឹកនាំកំពូលបក្សកុម្មុយនីស្តវៀតណាម គណបក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តន៍ឡាវ នៅកម្ពុជា។ ដូច្នេះ អាចនិយាយបានថា ទាំងវៀតណាម និងកម្ពុជា បង្ហាញពីទំនុកចិត្ត ករប្តេជ្ញាចិត្ត និងការរំពឹងទុកខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះរបស់អគ្គលេខាបក្ស។

ក្នុងនោះសំខាន់បំផុតគឺ ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងបង្កើតនូវចំណុចរបត់ដ៏សំខាន់មួយ បើកដំណាក់កាលថ្មីមួយសម្រាប់ទំនាក់ទំនងវៀតណាម-កម្ពុជា ជាមួយនឹងទំនុកចិត្តនយោបាយកាន់តែប្រសើរឡើង កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងទូលំទូលាយ និងចំណងមិត្តភាពកាន់តែជិតស្និទ្ធ។

ដោយផ្អែកលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបាននាពេលកន្លងមក ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងបើកឱកាសសម្រាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ និងស៊ីជម្រៅរវាងប្រទេសទាំងពីរនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយបង្កើតផលប្រយោជន៍ជាយុទ្ធសាស្ត្រដែលជាប់ទាក់ទងគ្នានៅក្នុងវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម វិនិយោគ ខ្សែសង្វាក់ផ្គត់ផ្គង់ កសិកម្ម ឧស្សាហកម្មកែច្នៃ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងការដឹកជញ្ជូន។

លើសពីនេះ ដំណើរទស្សនកិច្ចនេះនឹងជួយឲ្យមានការឯកភាពលើការយល់ដឹងនៅកម្រិតខ្ពស់បំផុតរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ ដោយកំណត់ទិសដៅសំខាន់ៗ និងបង្កើតមូលដ្ឋានគ្រឹះនយោបាយដ៏សំខាន់មួយ ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនដោយផ្អែកលើការយោគយល់គ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នា ដែលនាំទៅរកការអភិវឌ្ឍប្រកបដោយស្ថិរភាព ចីរភាព និងយូរអង្វែងនៃទំនាក់ទំនងវៀតណាម-កម្ពុជានាពេលខាងមុខ។

លើសពីនេះ កិច្ចប្រជុំកំពូលត្រីភាគីរវាងអ្នកដឹកនាំកំពូលបក្សកុម្មុយនីស្តវៀតណាម គណបក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តន៍ឡាវ  ក្នុងឱកាសនេះ បញ្ជាក់ពីតម្លៃប្រវត្តិសាស្ត្រ និងអត្ថន័យជាយុទ្ធសាស្ត្រនៃចំណងសាមគ្គីភាពពិសេស  និងភាពស្មោះត្រង់វាងភាគីទាំងពីរ និងប្រទេសទាំងពីរគឺវៀតណាម និងកម្ពុជា ក៏ដូចជារវាងបក្សទាំងបី និងបក្សប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ។

ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្សមិនត្រឹមតែរួមចំណែកដល់ការពង្រឹងមូលដ្ឋានគ្រឹះនយោបាយដ៏រឹងមាំសម្រាប់ទំនាក់ទំនងវៀតណាម-កម្ពុជាប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្លាំងចលករថ្មីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ ក៏ដូចជារវាងគណបក្សទាំងបី និងប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់។

អ្នកយកព័ត៌មាន៖ អរគុណច្រើន!

បកប្រែដោយ Duy Hoan