ក្នុងឱកាសដែលលោក To Lam អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ លោក Le Minh Hung ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី និងលោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសឡាវ ចិន កម្ពុជា គុយបា រុស្ស៊ី និងឥណ្ឌា បានផ្ញើសារសារអបអរសាទរ។
    |
 |
|
លោក To Lam អគ្គលេខាបក្ស ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ |
(i) លោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានសម្តែងទំនុកចិត្តថា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម រួមជាមួយថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋវៀតណាម នឹងបន្តដឹកនាំប្រជាជន និងប្រទេសវៀតណាមសម្រេចបាននូវភាពជោគជ័យថ្មីៗក្នុងការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយសម្រេចបាននូវគោលដៅគឺ ប្រជាជនមានសម្បូរធូរធារ ប្រទេសរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។
លោក ថងលូន ស៊ីស៊ូលីត ត្រៀមខ្លួនរួចជាស្រេចសហការជាមួយលោក To Lam ដើម្បីបន្តពូនជ្រំ និងពង្រឹងចំណងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃបទេសទាំងពីរឲ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។
(ii) លោក ស៊ី ជីនពីង អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជាសហគមន៍ចែករំលែកអនាគតមានអត្ថន័យជាយុទ្ធសាស្ត្រ។ ក្រោមការតម្រង់ទិសរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ ទំនាក់ទំនងចិន-វៀតណាម មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ហើយកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រប្រកបដោយភាពទូលំទូលាយ និងសម្រេចបានលទ្ធផលជាច្រើន។
លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គឺស្របតាមផលប្រយោជន៍រួមរបស់បក្សទាំងពីរ និងប្រទេសទាំងពីរ។ លោកក៏បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចសហការជាមួយលោក To Lam ដើម្បីបន្តរក្សាការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ និងតម្រង់ទិសចំពោះការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម បន្តឆ្ពោះទៅមុខ និងធ្វើឲ្យមានការរីកចម្រើនយ៉ាងខ្លាំងក្លានូវបុព្វហេតុសង្គមនិយមរបស់ប្រទេសនីមួយៗ។
(iii) ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរជូនចំពោះលោក To Lam អគ្គលេខាបក្ស ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម និងបានសង្កត់ធ្ងន់ថា នេះគឺជាសក្ខីភាពនៃសមត្ថភាពដឹកនាំដ៏ឆ្នើម និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ក្នុងការដឹកនាំប្រទេសវៀតណាមឆ្ពោះទៅរកការអភិវឌ្ឍដ៏ខ្លាំងក្លា និងវិបុលភាព។
ថ្នាក់ដឹកនាំកម្ពុជាជឿជាក់ថា ក្រោមការដឹកនាំរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តពង្រឹង និងដំឡើងកម្រិតកម្ពស់ថ្មីមួយទៀត ព្រមទាំងប្តេជ្ញាចិត្តបន្តសហការយ៉ាងជិតស្និទ្ធជាមួយលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងពហុភាគី។
(iv) លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានអបអរសាទរជូនចំពោះលោក To Lam អគ្គលេខាបក្ស ដែលត្រូវបានជ្រើសតាំងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានរដ្ឋ បានវាយតម្លៃថា ការសម្រេចចិត្តរបស់រដ្ឋសភា បានបង្ហាញជាថ្មីម្តងទៀតនូវកិត្យានុភាពនយោបាយខ្ពស់បំផុតរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ និងការគាំទ្រយ៉ាងទូលំទូលាយបំផុតចំពោះមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតី ជឿជាក់ថា ការដែលលោក To Lam អគ្គលេខាបក្ស ចូលកាន់តំណែងជាប្រធានរដ្ឋ នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី និងវៀតណាម។ លោកបានសម្តែងសេចក្តីសោមនស្សរីករាយក្នុងការបន្តការសន្ទនាប្រកបដោយស្ថាបនា និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ To Lam អគ្គលេខាបក្ស ប្រធានរដ្ឋ លើប្រធានបទសំខាន់ៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ។
(v) ក្នុងឱកាសនេះ លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានផ្ញើសារអបអរសាទរជូនចំពោះលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ដោយសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ចំណងមិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍកាន់តែរឹងមាំថែមទៀត និងសម្តែងបំណងចង់សហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនេះ លោក សូណិចសាយ ស៊ីផាន់ដូន នាយករដ្ឋមន្ត្រីឡាវ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារអបអរសាទរជូនចំពោះលោក Le Minh Hung ដែលត្រូវបានបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី។
នៅក្នុងសារអបអរសាទរ លោក Esteban Lazo Hernandez ប្រធានរដ្ឋសភាគុយបា បានអបអរសាទរជូនចំពោះ លោក Tran Thanh Man ដែលត្រូវបានបោះឆ្នោតជ្រើសតាំងសាជាថ្មីជាប្រធានរដ្ឋសភា នីតិកាលទី ១៦៕
បកប្រែដោយ Duy Hoan