ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន លោក Nguyen Quang Tuan នាយករងនៃមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុងហាណូយ បានឲ្យដឹងថា កិត្តិនាមនេះមិនត្រឹមតែជាការទទួលស្គាល់ពីអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បើកឱកាសសម្រាប់ទីក្រុងហាណូយក្នុងការជម្រុញការសិក្សាពេញមួយជីវិត ពង្រីកការទទួលបានចំណេះដឹង និងកសាងសហគមន៍សិក្សាយ៉ាងទូលំទូលាយផងដែរ។
អ្នកសារព័ត៌មាន៖ តើអ្វីទៅជាអត្ថន័យធំបំផុតនៃការទទួលស្គាល់ទីក្រុងហាណូយជាសមាជិកនៃបណ្តាញ "ទីក្រុងសិក្សាសកល" ដោយអង្គការយូណេស្កូ?
លោក Nguyen Quang Tuan៖ ការទទួលស្គាល់ជាសមាជិកនៃបណ្តាញ "ទីក្រុងសិក្សាសកល" ដោយអង្គការយូណេស្កូ នាំមកនូវតម្លៃជាច្រើនសម្រាប់ប្រព័ន្ធអប់រំរបស់រដ្ឋធានី។ អត្ថន័យសំខាន់បំផុតទាំងបីគឺ៖ ការផ្លាស់ប្តូរពី "ការអប់រំបែបប្រពៃណី" ទៅជា "ការសិក្សាពេញមួយជីវិត" សម្រាប់ប្រជាជនទាំងអស់គ្នា; ការធ្វើឲ្យគុណភាពនៃការអប់រំបំពេញតាមស្តង់ដារអន្តរជាតិ តាមរយៈការទទួលធនធានសកល និងជម្រុញនវានុវត្តន៍; និងការលើកកម្ពស់តួនាទី និងរូបភាពនៃការអប់រំនៅរដ្ឋធានី។
អាចនិយាយបានថា អត្ថន័យធំបំផុតមិនមែនស្ថិតនៅក្នុងវិញ្ញាបនបត្ររបស់អង្គការយូណេស្កូនោះទេ ប៉ុន្តែបង្កើតការផ្លាស់ប្តូរផ្នត់គំនិត៖ ចាត់ទុកការសិក្សាជាកម្លាំងចលករចម្បងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយកសាងទីក្រុងហាណូយទៅជា "សាលាធំ" ដែលប្រជាពលរដ្ឋម្នាក់ៗ មានឱកាសសិក្សាពេញមួយជីវិត។
អ្នកសារព័ត៌មាន៖ ដើម្បីត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ តើអ្វីជាបញ្ហាប្រឈមដែលទីក្រុងហាណូយកំពុងជួបប្រទះ ហើយបញ្ហាប្រឈមទាំងនេះត្រូវបានដោះស្រាយយ៉ាងដូចម្តេច?
លោក Nguyen Quang Tuan៖ ដើម្បីទទួលបានការទទួលស្គាល់ដោយអង្គការយូណេស្កូ ទីក្រុងហាណូយមិនត្រឹមតែមានប្រៀបខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវប្រឈមមុខនឹង "ឧបសគ្គ" ពិសេសនៃទីក្រុងធំមួយដែលកំពុងអភិវឌ្ឍ។ ទីក្រុងហាណូយបាននិងកំពុងដោះស្រាយបញ្ហាប្រឈមធំៗចំនួនបី និងអនុវត្តយុទ្ធសាស្ត្រជាក់លាក់គឺ៖ ចំនួនសិស្សច្រើនពេកបើធៀបនឹងសមត្ថភាពនៃវិស័យអប់រំ និងគម្លាតក្នុងការទទួលបានការអប់រំ ការរក្សាវប្បធម៌សិក្សានៅក្នុងយុគសម័យឌីជីថល និងការរក្សាតម្លៃប្រពៃណីក្នុងសម័យទំនើប និងសមាហរណកម្ម។
ទីក្រុងហាណូយមានប្រព័ន្ធអប់រំធំជាងគេនៅក្នុងប្រទេស (សាលារៀនជិត ៣,០០០ ជាមួយសិស្សជាង ២.៣ លាននាក់)។ ចំនួនប្រជាជននៃទីក្រុងកំពុងកើនឡើង ខណៈដែលសាលារៀននៅមូលដ្ឋានជាយក្រុងប្រឈមមុខនឹងការលំបាកក្នុងការទទួលបានបច្ចេកវិទ្យា និងធនធានសិក្សាដែលមានគុណភាពខ្ពស់។ ដំណោះស្រាយដែលបានលើកឡើងគឺគំរូ "សាលាសុភមង្គល" ដែលមានគោលបំណងកាត់បន្ថយសម្ពាធសិក្សាលើសិស្ស និងផ្តោតលើសុខភាពផ្លូវចិត្ត ការបង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព រួសរាយរាក់ទាក់ ហើយបង្កើនការវិនិយោគលើបណ្តាញអ៊ីនធឺណិត និងមជ្ឈមណ្ឌលសិក្សាតាមអ៊ីនធឺណិតនៅតំបន់ដាច់ស្រយាល។
ទន្ទឹមនឹងនោះ ទីក្រុងហាណូយក៏រៀបចំយុទ្ធនាការជាប្រចាំដើម្បីបង្កើតទម្លាប់សិក្សាសម្រាប់មនុស្សគ្រប់វ័យ ដែលធ្វើឲ្យការសិក្សាក្លាយជាផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃ។
    |
 |
|
ការសម្តែងសិល្បៈនៅក្នុងពិធីទទួលកិត្តិនាម "ទីក្រុងសិក្សាសកល" របស់ទីក្រុងហាណូយ |
ក្នុងនាមជា “ទីក្រុងដើម្បីសន្តិភាព” និង “ទីក្រុងច្នៃប្រឌិត” ទីក្រុងហាណូយត្រូវតែដោះស្រាយបញ្ហាប្រឈម ដើម្បីធានាថាការអប់រំមិនត្រឹមតែបង្រៀនចំណេះដឹងថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងថែរក្សាអត្តសញ្ញាណវប្បធម៌របស់រដ្ឋធានីផងដែរ។ ដូច្នេះ ទីក្រុងហាណូយកំពុងបង្រៀនអំពីសិល្បៈប្រពៃណីនៅសាលារៀន ដោយធ្វើឲ្យបេតិកភណ្ឌក្លាយជា “សម្ភារៈសិក្សារស់រវើក” តាមរយៈគម្រោង “ឆាកនៅសាលា” និងប្រែក្លាយកេរិ៍្តដំណែលក្លាយជាកន្លែងសិក្សាអន្តរកម្ម ដែលធ្វើឲ្យការសិក្សាប្រវត្តិសាស្ត្រកាន់តែរស់រវើក និងជាក់ស្តែង។
អ្នកសារព័ត៌មាន៖ ចំណុចមួយក្នុងចំណោមចំណុចដែលអង្គការយូណេស្កូបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះទីក្រុងហាណូយគឺការចូលរួមពីសហគមន៍សិក្សា។ តើទីក្រុងគួរធ្វើអ្វីដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការតភ្ជាប់សហគមន៍សិក្សាជាមួយនឹងការសិក្សានៅក្នុងសាលារៀន?
លោក Nguyen Quang Tuan៖ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការតភ្ជាប់សហគមន៍សិក្សា និងសាលារៀន ទីក្រុងហាណូយកំពុងស្រាវជ្រាវ និងអនុវត្តគំរូ "សាលាបើកចំហ"។ ការតភ្ជាប់ដែលមានប្រសិទ្ធភាពបំផុត គឺការធ្វើឲ្យបេតិកភណ្ឌក្លាយជាថ្នាក់រៀន។ សិស្សរៀនអំពីប្រវត្តិសាស្ត្រនៅសាលាភូមិ ឬកេរិ៍្តដំណែលប្រវត្តិសាស្ត្រនៅមូលដ្ឋានដោយមានការណែនាំពីសិប្បករ មនុស្សចាស់... ការកសាង "បណ្តាញអ្នកជំនាញសហគមន៍" រួមជាមួយការអញ្ជើញសិល្បករនៅមូលដ្ឋានមកចែករំលែកជំនាញវិជ្ជាជីវៈ អប់រំអំពីសីលធម៌ ឬចែករំលែកបទពិសោធន៍ក្នុងជីវភាពរស់នៅក៏ជាវិធីសាស្រ្តគួរឲ្យកត់សម្គាល់ផងដែរ។ ទីក្រុងហាណូយក៏រៀបចំកម្មវិធីសិស្សណែនាំឲ្យមនុស្សចាស់អំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ហើយមនុស្សចាស់បង្រៀនអំពីវប្បធម៌ និងប្រវត្តិសាស្ត្រសម្រាប់សិស្ស។ នេះជាគំរូមួយដែលអង្គការយូណេស្កូលើកទឹកចិត្ត ពីព្រោះវាបង្កើតការតភ្ជាប់សង្គមប្រកបដោយចីរភាព។
អ្នកសារព័ត៌មាន៖ សូមអរគុណលោក!
បកប្រែដោយ Thuy Anh