លោក Tran Thanh Man ប្រធានរដ្ឋសភា ជួបជាមួយអគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំទីក្រុង Torino
កប.អនឡាញ - នាព្រឹកថ្ងៃទី១២ ខែមេសា ម៉ោងក្នុងតំបន់ (រសៀលថ្ងៃដដែល ម៉ោងនៅទីក្រុងហាណូយ) ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអ៊ីតាលី នៅទីក្រុង Milan លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបជាមួយលោកស្រី Sandra Scagliotti អគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំទីក្រុង Torino និងស្វាមីរបស់លោកស្រី។
លោក Tran Thanh Man ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវការនៅអ៊ីតាលី ប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍជាវិជ្ជមានបន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតជាង ៥០ ឆ្នាំ និងការអនុវត្តក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាង ១០ ឆ្នាំ។ ប្រទេសទាំងពីរសហប្រតិបត្តិការគ្នាប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយលើវិស័យជាច្រើន ដូចជានយោបាយ ការទូត ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ការអប់រំ និងបណ្តុះបណ្តាល ការពារជាតិ សន្តិសុខ និងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ ដូចជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
    |
 |
|
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបលោកស្រី Sandra Scagliotti អគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំទីក្រុង Torino |
ដោយចែករំលែកអំពីដំណើរទស្សនកិច្ចលើកនេះ លោក Tran Thanh Man ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា នៅថ្ងៃទី១១ ខែមេសា លោកបានជួបជាមួយសម្តេចប៉ាប Leo XIV និងនាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់។ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ លោកនឹងជួបសវនាការជាមួយលោកប្រធានាធិបតី ជួបពិភាក្សាជាមួយលោកប្រធានសភាជាន់ទាប និងមានជំនួបជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាអ៊ីតាលី ក៏ដូចជាអភិបាលក្រុង Milan។ល។ ដោយសង្កត់ធ្ងន់ថា នៅក្នុងជំនួបទាំងឡាយ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីវិធានការដើម្បីជំរុញកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី ឲ្យកាន់តែស៊ីជម្រៅថែមទៀត ឆ្ពោះទៅរកការតម្លើងទំនាក់ទំនងនាពេលខាងមុខ លោក Tran Thanh Man ប្រធានរដ្ឋសភាមានបំណងថា ភាគីអ៊ីតាលីបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ស្ថាប័ន អង្គការ និងសមាគមនៃប្រទេសទាំងពីរ ពង្រីកតួនាទីជាស្ពានតភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយជាក់ស្តែង និងមានប្រសិទ្ធភាព។
លោកស្រី Sandra Scagliotti អគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំទីក្រុង Torino បានអបអរសាទរជូនចំពោះលោកប្រធានរដ្ឋសភា ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងសារជាថ្មីឱ្យកាន់តំណែងជាប្រធានរដ្ឋសភាវៀតណាម។ លោកស្រី Sandra Scagliotti សម្តែងនូវទំនុកចិត្តថា ក្រោមការដឹកនាំរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ និងថ្នាក់ដឹកនាំជាន់ខ្ពស់ដែលទើបតែត្រូវបានតែងតាំងថ្មី វៀតណាមនឹងអនុវត្តការសម្រេចចិត្តជាយុទ្ធសាស្ត្រប្រកបដោយជោគជ័យ នាំប្រទេសឈានចូលក្នុងយុគសម័យនៃការអភិវឌ្ឍថ្មីដោយផ្អែកលើខឿនសេដ្ឋកិច្ចម្ចាស់ការ ខ្លួនទីពឹងខ្លួន និងឆ្ពោះទៅជីវភាពរស់នៅសុភមង្គលរបស់ប្រជាជន។ លោកស្រី Sandra Scagliotti បានចែករំលែកអំពីមនោសញ្ចាតនាវិជ្ជមានរបស់លោកស្រីចំពោះប្រទេសវៀតណាម។ លោកស្រីអបអរសាទរចំពោះប្រទេសវៀតណាមសព្វថ្ងៃនេះ បានក្លាយជាប្រទេសមួយដែលមាននវានុវត្តន៍ វិបុលភាព និងសន្តិភាព និងកំពុងជំរុញពិភពលោកដ៏ល្អប្រសើរសម្រាប់ប្រជាជនទាំងអស់។ ចំពោះលោកស្រី ការផ្សព្វផ្សាយអំពីទឹកដី និងមនុស្សវៀតណាម បានក្លាយជាកាតព្វកិច្ចដ៏ពិសិដ្ឋមួយ៕
បកប្រែដោយ Huyen Trang