បន្ថែមកម្លាំងចលករថ្មីដល់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី
កប.អនឡាញ - "ដំណើរទស្សនកិច្ចរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានបន្ថែមកម្លាំងចលករថ្មីដល់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី"។
នេះគឺជាសេចក្តីថ្លែងការណ៍របស់ លោក Marco Della Seta ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំប្រទេសវៀតណាម មុនពេលដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសអ៊ីតាលីរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែមេសា។
    |
 |
|
លោក Marco Della Seta ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំប្រទេសវៀតណាម (ប្រភព៖ ស្ថានទូតអ៊ីតាលីប្រចាំប្រទេសវៀតណាម) |
យោងតាម លោកឯកអគ្គរដ្ឋទូត Marco Della Seta ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ជាពិសេស ពីព្រោះវាកើតឡើងភ្លាមៗបន្ទាប់ពីលោក Tran Thanh Man ប្រធានរដ្ឋសភា ត្រូវបានជ្រើសតាំងសាជាថ្មីជាប្រធានរដ្ឋសភា នីតិកាលទី ១៦ ហើយជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកក្នុងឋានៈថ្មីនេះ ដោយហេតុនេះបង្ហាញពីសញ្ញានយោបាយដ៏រឹងមាំមួយ។ លើសពីនេះ នេះគឺជាគណៈប្រតិភូជាន់ខ្ពស់លើកដំបូងដែលដឹកនាំដោយប្រធានស្ថាប័ននីតិបញ្ញត្តិ។
លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា សភាគឺជាចំណុចកណ្តាលនៃដំណើរការនីតិបញ្ញត្តិ និងការអនុម័តបទប្បញ្ញត្តិសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម វិនិយោគ ថាមពល ការពារជាតិ និងសន្តិសុខ។ ដូច្នេះ សម្រាប់សេដ្ឋកិច្ចពីរដែលមានការតភ្ជាប់គ្នាកាន់តែខ្លាំងឡើងដូចជាប្រទេសអ៊ីតាលី និងវៀតណាម ការសន្ទនារវាងស្ថាប័ននីតិប្បញ្ញត្តិគឺមានសារៈសំខាន់ណាស់ ដើម្បីធានាថាក្របខ័ណ្ឌច្បាប់របស់ភាគីទាំងពីរត្រូវបានសម្របសម្រួល ឆ្ពោះទៅមុខ និងគាំទ្រគោលដៅរួម។
លោកឯកអគ្គរដ្ឋទូត Marco Della Seta បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Tran Thanh Man ប្រធានរដ្ឋសភា ឆ្លុះបញ្ចាំងពីលក្ខណៈឆ្ពោះទៅមុខនៃភាពជាដៃគូរវាងវៀតណាម និងអ៊ីតាលី។ រួមជាមួយនឹងកិច្ចប្រជុំនានានៅទីក្រុងរ៉ូម រួមទាំងកិច្ចប្រជុំជាមួយប្រធានាធិបតី Sergio Mattarella លោក Tran Thanh Man ប្រធានរដ្ឋសភា ក៏នឹងទៅទស្សនាប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ច និងនវានុវត្តន៍របស់ប្រទេសអ៊ីតាលី និងបើកកិច្ចសន្ទនាគោលនយោបាយនៅទីក្រុងមីឡាន ដោយជំរុញការផ្លាស់ប្តូររវាងស្ថាប័ន និងអង្គភាពអាជីវកម្មនានា។ នេះនឹងបន្ថែមកម្លាំងចលករថ្មីដល់ភាពជាដៃគូដ៏រឹងមាំ និងស្វាហាប់រវាងប្រទេសទាំងពីរ។
បកប្រែដោយ Duy Hoan