    |
 |
|
លោកឯកអគ្គរដ្ឋទូត Bui Van Nghi និង លោក Olival Freire Junior សាស្ត្រាចារ្យ-បណ្ឌិតវិទ្យាសាស្ត្រ រូបវិទូផ្នែកកង់ទិច ប្រធានក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រេស៊ីល |
នេះត្រូវបានបញ្ជាក់ដោយលោក Bui Van Nghi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រេស៊ីលក្នុងអំឡុងពេលជួបជាមួយ លោក Olival Freire Junior សាស្ត្រាចារ្យ-បណ្ឌិតវិទ្យាសាស្ត្រ រូបវិទូផ្នែកកង់ទិច ប្រធានក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រេស៊ីល។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Bui Van Nghi បានចែករំលែកព័ត៌មានមួយចំនួនអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម និងសមិទ្ធផលក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងប្រេស៊ីលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
លោកឯកអគ្គរដ្ឋទូត Bui Van Nghi បានសង្កត់ធ្ងន់ថា ចាប់តាំងពីវៀតណាម និងប្រេស៊ីលបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ទំនាក់ទំនងទ្វេភាគីបានបន្តអភិវឌ្ឍជាវិជ្ជមាន និងទូលំទូលាយនៅក្នុងវិស័យជាច្រើន ដោយទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាការចូលរួមពីប្រជាជន អង្គភាពអាជីវកម្ម និងខេត្តក្រុងនានានៃប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ច ការជួបប្រជុំ និងទំនាក់ទំនងទ្វេភាគី។
ជាពិសេស នៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ចំណូលពាណិជ្ជកម្មទ្វេភាគីត្រូវបានគេព្យាករថានឹងឈានដល់ ៧.៧៦ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥ ដោយមានគោលបំណងកើនឡើងដល់ ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០៣០។ ប្រេស៊ីលនៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅអាមេរិកឡាទីន ខណៈដែលវៀតណាមដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រេស៊ីលក្នុងការចូលទៅកាន់ទីផ្សារអាស៊ាន ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិក។
យោងតាមលោកឯកអគ្គរដ្ឋទូត Bui Van Nghi ក្រៅពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរមានសក្តានុពល ជាច្រើនសម្រាប់ពង្រីក និងអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល វប្បធម៌ និងសិល្បៈ កីឡា និងទេសចរណ៍ ជាពិសេសវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកឯកអគ្គរដ្ឋទូត Bui Van Nghi បានមានប្រសាសន៍ថា វៀតណាមកំពុងពន្លឿនការអនុវត្តគោលនយោបាយសំខាន់ៗលើការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្របតាមសេចក្តីសម្រេចលេខ 57-NQ/TW ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។ ដោយផ្អែកលើចំណុចនេះ វៀតណាមចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រេស៊ីលក្នុងវិស័យដែលមានឧត្តមភាពដូចជាថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាបរិស្ថាន ខណៈពេលដែលពង្រីកទៅជាបច្ចេកវិទ្យាស្នូលដូចជា បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាកង់ទិច និងឧស្សាហកម្មស៊ីមីកុងដុកទ័រ… ទាំងនេះគឺជាវិស័យសំខាន់ៗដែលវៀតណាមកំពុងផ្តល់អាទិភាពសម្រាប់ការអភិវឌ្ឍ ដោយមានផែនការបណ្តុះបណ្តាលវិស្វករស៊ីមីកុងដុកទ័រប្រមាណ ៥០០០០ នាក់នៅឆ្នាំ ២០៣០ ដើម្បីកសាងកម្លាំងពលកម្មដែលមានគុណភាពខ្ពស់បម្រើដល់សេដ្ឋកិច្ចឌីជីថលដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។
លោកឯកអគ្គរដ្ឋទូត Bui Van Nghi បានសម្តែងក្តីសង្ឃឹមថា នាពេលអនាគត ក្រុមប្រឹក្សាជាតិប្រេស៊ីលសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងពង្រឹងទំនាក់ទំនងជាមួយស្ថាប័នស្រាវជ្រាវឈានមុខគេនៅវៀតណាម…
សាស្ត្រាចារ្យ-បណ្ឌិតវិទ្យាសាស្ត្រ Olival Freire Junior បានមានប្រសាសន៍ថា ក្រុមប្រឹក្សាជាតិប្រេស៊ីលសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានចំណាប់អារម្មណ៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍ជាមួយបណ្តាប្រទេសអាស៊ី រួមទាំងវៀតណាមផងដែរ។
លោក Olival Freire ប្រធានក្រុមប្រឹក្សាជាតិប្រេស៊ីលសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានសម្តែងបំណងប្រាថ្នារបស់លោកក្នុងការពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង និងរយៈពេលវែងក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាមួយវៀតណាម។
ដោយសង្កត់ធ្ងន់លើសក្តានុពលដ៏ធំធេងរវាងប្រេស៊ីល និងវៀតណាមក្នុងការតភ្ជាប់វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ លោក Freire បានលើកទឹកចិត្តវៀតណាមឱ្យពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គភាពអាជីវកម្មប្រេស៊ីលដែលធ្វើប្រតិបត្តិការក្នុងវិស័យស្រាវជ្រាវ បច្ចេកវិទ្យា និងនវានុវត្តន៍។
ជាពិសេស ភាគីប្រេស៊ីលបានវាយតម្លៃខ្ពស់ចំពោះការរំពឹងទុកសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានឧត្តមភាពដូចជា កសិកម្មបច្ចេកវិទ្យាខ្ពស់ ការផលិតអេតាណុល (ជីវឥន្ធនៈពីអំពៅ) គ្រឿងអេឡិចត្រូនិច និងឧស្សាហកម្មស៊ីមីកុងដុកទ័រ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តខ្លឹមសារសហប្រតិបត្តិការបន្ទាប់ពីកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការចម្រុះស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រេស៊ីល និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមក្នុងខែកញ្ញា ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការធ្វើឱ្យការសន្យានានាបានក្លាយជាគម្រោងសហប្រតិបត្តិការជាក់ស្តែង។
ក្នុងពេលជាមួយគ្នានេះ ភាគីទាំងពីរបានឯកភាពបន្តពិនិត្យ និងកំណត់វិស័យអាទិភាព និងស្វែងរកឱកាសសហប្រតិបត្តិការថ្មីៗប្រកបដោយភាពសកម្មនាពេលអនាគត ស្របតាមតម្រូវការអភិវឌ្ឍន៍ និងចំណុចខ្លាំងរបស់ប្រទេសនីមួយៗ៕
បកប្រែដោយ Duy Hoan