សក្ខីភាពដ៏រស់រវើកនៃសាមគ្គីភាពដ៏កម្រ និងពិសេសរវាងវៀតណាម និងឡាវ
កប.អនឡាញ - នៅរសៀលថ្ងៃទី ៩ ខែមេសា នៅទីក្រុងវៀងចន្ទន៍ លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានជួបសវនាការជាមួយលោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងជំនួបនេះលោអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានអបអរសាទរយ៉ាងកក់ក្តៅចំពោះការដែលលោក To Lam ត្រូវបានរដ្ឋសភានីតិកាលទី ១៦ ជ្រើសតាំងជាប្រធានរដ្ឋ លោក Le Minh Hung ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី លោក Tran Thanh Man ត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភា រួមទាំងមុខតំណែងផ្សេងទៀតរបស់បក្ស និងរដ្ឋ ដែលត្រូវបានបង្គ្រប់។
លោក Tran Cam Tu បានអបអរសាទរយ៉ាងកក់ក្តៅចំពោះរាល់សមិទ្ធផលសំខាន់ៗសម្រេចបានក្នុងរយៈពេលថ្មីៗនេះ និងបានសម្តែងជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ដែលដឹកនាំដោយលោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ប្រទេសបងប្អូនឡាវនឹងបន្តសម្រេចបានជ័យជម្នះកាន់តែច្រើននៅក្នុងដំណើរផ្លាស់ប្តូររបស់ខ្លួន។
ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពរបស់បក្ស និងប្រទេសនីមួយៗបន្ទាប់ពីការបោះឆ្នោតរដ្ឋសភា ជាពិសេសទិសដៅសំខាន់ៗក្នុងការកសាងបក្ស ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការពារជាតិ និងសន្តិសុខ និងការធ្វើសមាហរណកម្មអន្តរជាតិ ព្រមទាំងបានសម្តែងការរីករាយចំពោះការវិវឌ្ឍថ្មីៗនៃមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ។ ទាក់ទងនឹងទិសដៅសហប្រតិបត្តិការនាពេលអនាគត ភាគីទាំងពីរបានឯកភាពបន្តលើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគណៈប្រតិភូគ្រប់កម្រិតថ្នាក់ និងអនុវត្តរាល់កិច្ចព្រមព្រៀងដែលសម្រេចបានប្រកបដោយប្រសិទ្ធភាព។
បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ ការបង្ការ និងគ្រប់គ្រងឧក្រិដ្ឋកម្ម ជាពិសេសការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងសន្តិសុខតាមអ៊ីនធឺណិត ការលើកកម្ពស់ការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធដោយផ្តោតលើការអនុវត្តគម្រោងសំខាន់ៗ រួមទាំងគម្រោងតភ្ជាប់ការដឹកជញ្ជូនរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសម្របសម្រួលជំហររបស់គ្នានៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ស្របពេលស្ថានភាពសកលលោកដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងមិនអាចទាយទុកជាមុនបាន។
    |
 |
|
លោក Tran Cam Tu បំពេញដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ |
* នៅថ្ងៃដដែលនោះលោក Tran Cam Tu ក៏បានជួបសវនាការជាមួយលោក សុន សៃ ស៊ីផាន់ដូន នាយករដ្ឋមន្ត្រីឡាវ។ លោក សុន សៃ ស៊ីផាន់ដូន បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក Tran Cam Tu មានសារៈសំខាន់យ៉ាងខ្លាំង ដែលរួមចំណែកដល់ការពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ លោកបានអបអរសាទរយ៉ាងកក់ក្តៅ និងកោតសរសើរយ៉ាងខ្លាំងចំពោះរាល់សមិទ្ធផលដ៏អស្ចារ្យ និងទូលំទូលាយដែលវៀតណាមសម្រេចបានក្នុងរយៈពេលថ្មីៗនេះ ជាពិសេសលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ការធានាសន្តិសុខសង្គម និងការលើកកម្ពស់ឋានៈ និងកិត្យានុភាពអន្តរជាតិរបស់ខ្លួន។
លោក Tran Cam Tu បានបញ្ជាក់ពីគោលនយោបាយជាប់លាប់របស់វៀតណាម ដែលតែងតែឱ្យតម្លៃ និងផ្តល់អាទិភាពខ្ពស់បំផុតដល់ការពង្រឹង និពង្រីកទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ។
ភាគីទាំងពីរបានឯកភាពគ្នាលើវិធានការនានាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ខណៈពេលដែលបង្កើតសន្ទុះដ៏រឹងមាំដើម្បីលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពរវាងបក្សទាំងពីរ និងប្រទេសទាំងពីរនៅក្នុងដំណាក់កាលថ្មី។ សម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានរវាងបក្សទាំងពីរ និងរដ្ឋាភិបាលទាំងពីរប្រកបដោយប្រសិទ្ធភាព ជាពិសេសលទ្ធផលនៃកិច្ចប្រជុំប្រចាំឆ្នាំរវាងការិយាល័យនយោបាយទាំងពីរ (ខែធ្នូ ឆ្នាំ២០២៥) កិច្ចព្រមព្រៀងស្តីពីផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៦ យុទ្ធសាស្ត្រសហប្រតិបត្តិការសម្រាប់រយៈពេល២០២១-២០៣០ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីសម្រាប់រយៈពេល ២០២៦-២០៣០។
    |
 |
|
លោក Tran Cam Tu ជួបពិភាក្សាជាមួយលោក វីឡៃ ឡាក់ខាំផុង សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ នៃគណៈលេខាមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ |
* នៅព្រឹកថ្ងៃទី៩ ខែមេសា នៅទីក្រុងវៀងចន្ទន៍ ភ្លាមៗបន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការ លោក Tran Cam Tu បានជួបពិភាក្សាជាមួយលោក វីឡៃ ឡាក់ខាំផុង សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ។
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅអំពីស្ថានភាពរបស់បក្ស និងប្រទេសនីមួយៗ ដោយចែករំលែកបទពិសោធន៍ដ៏មានតម្លៃជាច្រើនក្នុងការកសាង និងការកែតម្រូវបក្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងបាតុភូតអវិជ្ជមាន និងបង្កើនសមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធរបស់អង្គការចាត់តាំងបក្ស ដោយរួមចំណែកដល់ការពង្រឹងទំនុកចិត្តរបស់ប្រជាជន។ ភាគីទាំងពីរបាន ព្រមព្រៀងគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការងារផ្សព្វផ្សាយ និងអប់រំអំពីទំនាក់ទំនងប្រពៃណីរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសដល់យុវជនជំនាន់ក្រោយៗ ដោយចាត់ទុកថានេះជាកិច្ចការយុទ្ធសាស្ត្រ និងរយៈពេលវែងដើម្បីថែរក្សា និងលើកកម្ពស់ទ្រព្យសម្បត្តិរួមដ៏មានតម្លៃរបស់ប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក និងបានឯកភាពគ្នាបង្កើនការចែករំលែក និងផ្លាស់ប្តូរព័ត៌មាន វាយតម្លៃស្ថានភាព សម្របសម្រួលលើបញ្ហាសកល សហការក្នុងវេទិកាតំបន់ អន្តរជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការមេគង្គ ព្រមទាំងសម្តែងទំនុកចិត្តថា ដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បក្ស រដ្ឋ ប្រជាជននៃប្រទេសទាំងពីរ ភាគីទាំងពពីរនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ដោយរួមចំណែកជាវិជ្ជមានដល់បុព្វហេតុកសាង និងការពារប្រទេសជាតិរបស់ប្រទេសនីមួយៗ និងចំពោះសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Minh Trung