សារទូរលេខ និងសារលិខិត អបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម
កប.អនឡាញ - ក្នុងឱកាសដែលលោក To Lam អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; លោក Le Minh Hung ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីវៀតណាម; និងលោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាម ថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងគណបក្សនយោបាយនៃបណ្តាប្រទេស បានផ្ញើសារទូរលេខ និងសារលិខិតអបអរសាទរ។
* លោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា បានអបអរសាទរជូនចំពោះលោក To Lam អគ្គលេខាបក្សត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ។ លោកស្រី Delcy Rodriguez បានអះអាងថា ប្រទេសទាំងពីរមានប្រវត្តិសាស្ត្រដ៏រុងរឿងនៃការតស៊ូ សេចក្តីថ្លៃថ្នូរ និងភាពធន់ និងតភ្ជាប់គ្នាដោយទំនាក់ទំនងនៃការគោរព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដែលបានពូនជ្រំក្នុងរយៈពេលជាច្រើនឆ្នាំ។ លោកស្រី Delcy Rodriguez បញ្ជាក់ជាថ្មីនូវក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តឆ្ពោះទៅមុខជាមួយគ្នា ដើម្បីសុភមង្គលរបស់ប្រជាជន ដើម្បីការកសាងពិភពលោកដ៏យុត្តិធម៌ ពហុប៉ូល និងពហុមជ្ឈមណ្ឌល។
    |
 |
|
លោក Tran Thanh Man ប្រធានរដ្ឋសភា តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងសមាជិករដ្ឋសភានីតិកាលទី១៦ ផ្តល់ផ្កាអបអរសាទរជូនចំពោះលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ (រូបថត៖ vnanet.vn) |
* គណបក្សកុម្មុយនិស្តអាហ្វ្រិកខាងត្បូងបានអបអរសាទរជូនចំពោះតំណែងប្រធានរដ្ឋរបស់លោក To Lam អគ្គលេខាបក្ស ព្រមទាំងសម្តែងនូវទំនុកចិត្តថា ក្នុងឋានៈជាប្រធានរដ្ឋ លោក To Lam នឹងឆ្លៀតយកបទពិសោធន៍ និងចំណេះដឹងដ៏មានតម្លៃរបស់ខ្លួនដើម្បីជំរុញបុព្វហេតុនៃប្រជាជាតិវៀតណាមទាំងមូលឈានទៅមុខ។
* លោក João Manuel Gonçalves Lourenço ប្រធានាធិបតីអង់ហ្គោឡា ព្រះមហាក្សត្រស៊ុយអែត Carl XVI Gustaf និងលោក Massimiliano Ay អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្តស្វីស បានផ្ញើសារទូរលេខ និងលិខិត អបអរសាទរជូនចំពោះលោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋ។
* ព្រះចៅស៊ុលតង់ប្រ៊ុយណេ Haji Hassanal Bolkiah បានអបអរសាទរជូនចំពោះលោក Le Minh Hung នាយករដ្ឋមន្ត្រី ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី។ ព្រះចៅស៊ុលតង់ប្រ៊ុយណេ បានបញ្ជាក់ថា ប្រ៊ុយណេ និងវៀតណាមបន្តរក្សាទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅ និងយូរអង្វែង ដែលត្រូវបានពង្រឹងដោយទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយលើវិស័យពាណិជ្ជកម្ម ថាមពល និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ ព្រះចៅស៊ុលតង់ប្រ៊ុយណេបានសម្តែងនូវគោលបំណងថាលោក Le Minh Hung នាយករដ្ឋមន្ត្រី បន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀតក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ។
* លោក Mikhail Mishustin នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី បានអបអរសាទរជូនចំពោះលោក Le Minh Hung នាយករដ្ឋមន្ត្រី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី។ លោក Mikhail Mishustin បានសម្តែងនូវទំនុកចិត្តថា ក្នុងឋានៈជាប្រមុខរដ្ឋាភិបាល លោក Le Minh Hung នាយករដ្ឋមន្ត្រី នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងស្មារតីនៃការគោរពគ្នាទៅវិញទៅមក និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-រុស្ស៊ី។ លោក Mikhail Mishustin បានបញ្ជាក់ថា រុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជំរុញកិច្ចសហប្រតិបត្តិការគ្រប់កម្រិតជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ និងមនុស្សសាស្ត្រ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអនុវត្តគម្រោងសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ វិទ្យាសាស្ត្រ អប់រំ និងវិស័យផ្សេងៗទៀត ដែលបម្រើផលប្រយោជន៍របស់ប្រទេសទាំងពីរ។
ក្នុងឱកាសនេះ លោក Vyacheslav Volodin ប្រធានឌូម៉ាជាតិនៃសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក Mori Eisuke ប្រធានសភាជាន់ទាបជប៉ុន លោក Yerlan Koshanov ប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន បានអបអរសាទរជូនចំពោះលោក Tran Thanh Man ប្រធានរដ្ឋសភា ដែលត្រូវបានបោះឆ្នោតជ្រើសតាំងសារជាថ្មីជាប្រធានរដ្ឋសភា៕
បកប្រែដោយ Huyen Trang