វៀតណាម និងកាតា សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាស្ថិរភាពថាមពល
កប.អនឡាញ - លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យរដ្ឋាភិបាលកាតា បន្តយកចិត្តទុកដាក់ និងធានាសន្តិសុខ និងសុវត្ថិភាព របស់ពលរដ្ឋវៀតណាមនៅកាតា និងសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋវៀតណាមឆ្លងកាត់កាតា។
នាថ្ងៃទី ៩ ខែមីនា នៅទីក្រុងហាណូយ ក្នុងជំនួបតាមទូរស័ព្ទជាមួយ លោក Sheikh Mohammed bin Abdulrahman bin Jasim Al-Thani នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកាតា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់កាតា ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីនៅមជ្ឈិមបូព៌ា ព្រមទាំងបញ្ជាក់ពីការត្រៀមខ្លួនរបស់វៀតណាមក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះបច្ចុប្បន្ន។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Sheikh Mohammed bin Abdulrahman bin Jasim Al-Thani នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកាតា |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យរដ្ឋាភិបាលកាតា បន្តយកចិត្តទុកដាក់ និងធានាសន្តិសុខ និងសុវត្ថិភាពរបស់ពលរដ្ឋវៀតណាមនៅកាតា និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋវៀតណាមដែលធ្វើដំណើរឆ្លងកាត់កាតា។ លោកនាយករដ្ឋមន្ត្រីកាតាបានអះអាងថានឹងការពារសន្តិសុខ និងសុវត្ថិភាពរបស់ពលរដ្ឋវៀតណាម «ដូចដែលការពារពលរដ្ឋកាតាដែរ»។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការថាមពល លោកនាយករដ្ឋមន្ត្រីកាតាបានអះអាងថា កាតាកំពុងខិតខំអនុវត្តយ៉ាងពេញលេញនូវការប្តេជ្ញាចិត្ត និងកិច្ចសន្យារបស់ខ្លួនជាមួយដៃគូ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីសហការយ៉ាងជិតស្និទ្ធដើម្បីចូលរួមចំណែកធានាស្ថិរភាពថាមពលនៅក្នុងប្រទេសវៀតណាម។ លោកបានសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់លោកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសនៅក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម ការផ្លាស់ប្តូរថាមពល ការវិនិយោគហិរញ្ញវត្ថុនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម និងលើកកម្ពស់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍឧស្សាហកម្មហាឡាល។
បកប្រែដោយ Duy Hoan