ស្ត្រីវៀតណាមបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
កប.អនឡាញ - ក្នុងនាមជានាយទាហានស្ត្រីដំបូងគេរបស់វៀតណាមដែលបានជ្រើសរើសធ្វើការនៅការិយាល័យទំនាក់ទំនងអង្គការសហប្រជាជាតិសម្រាប់សន្តិភាព និងសន្តិសុខ (UNLOPS) នៅទីក្រុងព្រុចសែល លោកស្រីវរសេនីយ៍ឯកបំរុង Vu Thi Lien តាមរយៈភារកិច្ចរបស់ខ្លួនបានកំពុងរួមចំណែកក្នុងការតភ្ជាប់យន្តការសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងណាតូ អាស្រ័យហេតុនេះ បញ្ជាក់ពីតួនាទី និងសមត្ថភាពរបស់ស្ត្រីវៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
បច្ចុប្បន្ននេះ លោកស្រីវរសេនីយ៍ឯកបំរុង Vu Thi Lien កាន់តំណែងជាអ្នកជំនាញលើគោលនយោបាយសន្តិសុខ និងការពារជាតិរបស់សហភាពអឺរ៉ុប (CSDP) នៅ UNLOPS។ លោកស្រីវរសេនីយ៍ឯកបំរុង Vu Thi Lien គឺជានាយទាហានស្ត្រីដំបូងគេរបស់វៀតណាមដែលបានជ្រើសរើសធ្វើការនៅទីភ្នាក់ងារនេះ - ជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងដំណើរការធ្វើសមាហរណកម្មការពារជាតិពហុភាគីរបស់កងទ័ពប្រជាជនវៀតណាម។
មុនពេលទៅធ្វើការនៅទីក្រុងព្រុចសែល លោកស្រីវរសេនីយ៍ឯកបំរុង Vu Thi Lien បានធ្វើការរយៈពេលពីរឆ្នាំនៅស្ថានបេសកកម្មហ្វឹកហ្វឺនរបស់សហភាពអឺរ៉ុបនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (EUTM RCA) និងចូលរួមដោយផ្ទាល់ក្នុងការផ្តល់ប្រឹក្សា និងសម្របសម្រួលការហ្វឹកហ្វឺនដល់កងកម្លាំងនៅទីនេះ។
    |
 |
|
លោកស្រីវរសេនីយ៍ឯកបំរុង Vu Thi Lien និងសហការីអន្តរជាតិនៅ EUTM RCA ឆ្នាំ ២០២៤ |
បទពិសោធន៍ការងារនៅស្ថានបេសកកម្ម និងធ្វើការនៅទីភ្នាក់ងារសេនាធិការ - តាក់តែងគោលនយោបាយអន្តរជាតិមានភាពខុសគ្នាយ៉ាងច្បាស់នូវលក្ខណៈការងារ។ នៅស្ថានបេសកកម្ម នាយទាហានចូលរួមដោយផ្ទាល់ក្នុងការហ្វឹកហ្វឺន ផ្តល់ប្រឹក្សា និងជួយគាំទ្រកងកម្លាំងនៅទីនោះក្នុងបរិយាកាសសន្តិសុខស្មុគស្មាញ ប៉ុន្ដែនៅទីភ្នាក់ងារដូចជា UNLOPS ការងារផ្តោតលើការវិភាគគោលនយោបាយ គំនិតផ្តួចផ្តើមសន្តិសុខនិងការពារជាតិរបស់អង្គការអន្តរជាតិ ព្រមទាំងបង្កើនការផ្លាស់ប្តូរ និងការសម្របសម្រួលក្នុងចំណោមយន្តការពហុភាគី។
ការតភ្ជាប់យន្តការសហប្រតិបត្តិការសន្តិភាព និងសន្តិសុខអន្តរជាតិ
UNLOPS មានទីស្នាក់ការនៅទីក្រុងព្រុចសែល (បែលហ្ស៊ិក)។ ការិយាល័យនេះមានភារកិច្ចតភ្ជាប់អង្គការសហប្រជាជាតិជាមួយសហភាពអឺរ៉ុប ណាតូ និងដៃគូពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសន្ទនាគោលនយោបាយ ការសម្របសម្រួលនយោបាយ និងការផ្លាស់ប្តូរព័ត៌មានលើបញ្ហាសន្តិភាព និងសន្តិសុខអន្តរជាតិ។ UNLOPS តំណាងឱ្យទីភ្នាក់ងាររបស់លេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដូចជានាយកដ្ឋានកិច្ចការនយោបាយ និងការកសាងសន្តិភាព (DPPA) នាយកដ្ឋានប្រតិបត្តិការសន្តិភាព (DPO) នាយកដ្ឋានគាំទ្រប្រតិបត្តិការ (DOS) និងការិយាល័យប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិ (UNOCT) ហើយសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យប្រតិបត្តិរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។
ក្នុងបរិយាកាសនោះ ការងាររបស់លោកស្រីវរសេនីយ៍ឯកបំរុង Vu Thi Lien មានលក្ខណៈជាសេនាធិការ សម្របបម្រួលយុទ្ធសាស្ដ្រ ព្រមទាំងវិភាគគំនិតផ្តួចផ្តើមផ្នែកសន្ដិសុខ ការពារជាតិរបស់សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌនៃ CSDP និង PESCO; ព្រមទាំងបង្កើតនិងរក្សាបណ្តាញទំនាក់ទំនងយោធារវាងអង្គការសហប្រជាជាតិ សហភាពអឺរ៉ុបនិងណាតូ ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការសម្របសម្រួលនៅថ្នាក់សេនាធិការ។
    |
 |
|
លោកស្រីវរសេនីយ៍ឯកបំរុង Vu Thi Lien ធ្វើការនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលឆ្នាំ ២០២៤ |
ស្ត្រីវៀតណាមក្នុងបេសកកម្មរក្សាសន្តិភាព
តួនាទីរបស់ស្ត្រីក្នុងសន្តិភាព និងសន្តិសុខត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយសេចក្តីសម្រេចចិត្ដលេខ ១៣២៥ (២០០០) របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពី “ស្ត្រី សន្តិភាព និងសន្តិសុខ”។ សេចក្តីសម្រេចចិត្ដលេខ ១៣២៥ សង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងតួនាទីរបស់ស្ត្រី ក្នុងការបង្ការ ការគ្រប់គ្រង និងដំណោះស្រាយជម្លោះ។ វៀតណាមបានអនុវត្តយ៉ាងសកម្មនូវការចូលរួមយ៉ាងស៊ីជម្រៅរបស់យោធិនស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ក្រោយយៈពេលជាងមួយទសវត្សរ៍ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អត្រានៃនាយទាហានស្ត្រីវៀតណាមដែលចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានឈានដល់ជាង ១៦% ដែលខ្ពស់ជាងប្រទេសជាច្រើន ។ ប្រការនេះបានឆ្លុះបញ្ចាំងពីគោលនយោបាយឥតងាករេរបស់បក្ស រដ្ឋ និងកងទ័ពក្នុងការលើកកម្ពស់តួនាទីរបស់ស្ត្រី ព្រមទាំងបញ្ជាក់ពីសមត្ថភាពកាន់តែកើនឡើងរបស់វៀតណាមក្នុងការចូលរួមយន្តការសន្តិភាព និងសន្តិសុខអន្តរជាតិ។
ចែករំលែកនូវតួនាទីរបស់ស្ត្រីក្នុងវិស័យនេះ លោកស្រីវរសេនីយ៍ឯកបំរុង Vu Thi Lien ឲ្យដឹងថា “ការចូលរួមរបស់ស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាពមិនត្រឹមតែជាសមភាពយេនឌ័រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការលើកកម្ពស់គុណភាព និងកិច្ចខិតខំប្រឹងប្រែងស្ថាបនិកសន្តិភាពទៀតផង។ វៀតណាមកំពុងម្ចាស់ការ និងមានទំនុកចិត្តកាន់តែខ្លាំងក្នុងកិច្ចសហប្រតិបត្តិការការពារជាតិពហុភាគី។ ក្នុងតួនាទីណាមួយ ខ្ញុំតែងតែយល់ឃើញថា ខ្ញុំតំណាងឱ្យរូបភាពរបស់ស្ត្រីវៀតណាម នាយទាហានស្ត្រីនៃកងទ័ពប្រជាជនវៀតណាម»។
ភាពចាស់ទុំរបស់នាយទាហានស្ត្រីវៀតណាមនៅយន្តការសន្តិភាព និងសន្តិសុខអន្តរជាតិមិនត្រឹមតែឆ្លុះបញ្ចាំងពីសមត្ថភាព និងភាពក្លាហានប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបញ្ជាក់ពីតួនាទីកាន់តែម្ចាស់ការរបស់វៀតណាមនៅក្នុងនិម្មាបនកម្មសន្តិសុខក្នុងតំបន់ និងសកលលោកទៀតផង៕
បកប្រែដោយ Pham Diep