អាស៊ាន និងចិនពន្លឿនការចរចាស្តីពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត
កប.អនឡាញ - នៅថ្ងៃទី ៣០ ខែមករា នៅទីក្រុង Cebu ប្រទេសហ្វីលីពីន បានប្រព្រឹត្ដទៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិន (SOM) លើកទី ២៥ សម្រាប់ការអនុវត្តសេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) (SOM-DOC 25)។
កិច្ចប្រជុំនេះដោយប្រទេសម៉ាឡេស៊ីទទួលឋានៈជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-ចិន ហើយចិនអញ្ជើញជាសហអធិបតី ដោយមានការចូលរួមពីអនុរដ្ឋមន្ត្រីការបរទេស ឬ មន្ត្រីជាន់ខ្ពស់មកពីបណ្ដាប្រទេសអាស៊ាន និងចិន។ លោក Dang Hoang Giang អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ប្រធាន SOM អាស៊ាន-វៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។
    |
 |
|
តំណាងប្រទេសចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិន (SOM) លើកទី២៥ សម្រាប់ការអនុវត្តសេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (រូបថត៖ ក្រសួងការបរទេស) |
នៅក្នុងកិច្ចប្រជុំនេះ បណ្ដាប្រទេសអាស៊ាន និងចិនបានពិភាក្សាលើស្ថានភាពនៅសមុទ្រខាងកើត ពិនិត្យឡើងវិញនូវការអនុវត្ត DOC និងដំណើរការចរចាស្តីពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ ប្រទេសនានាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការកសាងសមុទ្រខាងកើតទៅជាដែនសមុទ្រនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។ ក្នុងឱកាសនេះ ប្រទេសនានាបានស្វាគមន៍ការផ្តល់សច្ចាប័នជាផ្លូវការលើ UNCLOS របស់កម្ពុជា។
នាពេលខាងមុខ ប្រទេសនានាបានព្រមព្រៀងគ្នាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធានាការអនុវត្តយ៉ាងពេញលេញ និងប្រសិទ្ធភាពនូវមាត្រាទាំងអស់របស់ DOC ដោយហេតុនេះរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត ព្រមទាំងបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចា COC។
ថ្លែងក្នុងកិច្ចប្រជុំ លោក Dang Hoang Giang អនុរដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបន្តចូលរួមយ៉ាងសកម្ម និងមានការទទួលខុសត្រូវជាមួយប្រទេសដទៃទៀត ដើម្បីពន្លឿនដំណើរការចរចាដើម្បីសម្រេចបាននូវក្រមប្រតិបត្តិ (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២៕
បកប្រែដោយ Pham Diep