ពង្រឹងសាមគ្គីភាព និងលើកកម្ពស់តួនាទីជាមជ្ឈភាពរបស់អាស៊ាន
កប.អនឡាញ - នៅថ្ងៃទី ២៩ ខែមករា កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានដែលធ្វើឡើងនៅទីក្រុង Cebu ប្រទេសហ្វីលីពីន ជាព្រឹត្តិការណ៍លើកដំបូងនៃឆ្នាំអាស៊ាន២០២៦។
នេះគឺជាព្រឹត្តិការណ៍សំខាន់ដំបូងក្នុងឆ្នាំជាប្រធានអាស៊ានរបស់ហ្វីលីពីន។ កិច្ចប្រជុំនេះដឹកនាំដោយលោកស្រី Maria Theresa Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិក និងអគ្គលេខាធិការអាស៊ាន។ គណៈប្រតិភូវៀតណាម ដឹកនាំដោយលោក Le Hoai Trung សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេស បានចូលរួមកិច្ចប្រជុំនេះ។
    |
 |
|
រដ្ឋមន្ត្រីទាំងឡាយដែលចូលរួមកិច្ចប្រជុំ (រូបថត៖ VOV) |
នៅក្នុងកិច្ចប្រជុំនេះ បណ្ដារដ្ឋមន្ត្រីអាស៊ានបានសង្កត់ធ្ងន់លើតម្រូវការបន្តពង្រឹងសាមគ្គីភាព លើកកម្ពស់តួនាទីជាមជ្ឈភាព ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងប្លុក ភាពធន់ ម្ចាស់ការរបស់អាស៊ាន។ អាស៊ានគប្បីពង្រឹងទំនាក់ទំនងជាមួយដៃគូ ដើម្បីបង្កើតឱកាសសហប្រតិបត្តិការ និងកៀរគរធនធានសម្រាប់កសាងសហគមន៍អាស៊ាន។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីទាំងឡាយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការកសាងសមុទ្រខាងកើតប្រកបដោយសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ អាស៊ានបន្តគាំទ្រមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយចំពោះស្ថានភាពបច្ចុប្បន្នដោយផ្អែកលើកិច្ចព្រមព្រៀងជាឯកច្ចន្ទប្រាំចំណុច ការបង្កើនការសន្ទនា និងការផ្សះផ្សារវាងភាគីពាក់ព័ន្ធ រក្សាជំនួយមនុស្សធម៌ និងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខដែលមិនមែនជាប្រពៃណី គាំទ្រកម្ពុជានិងថៃក្នុងការអនុវត្តយ៉ាងតឹងរ៉ឹងនូវកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ការរក្សាការពិគ្រោះយោបល់ និងការសន្ទនា ឆ្ពោះទៅរកដំណោះស្រាយរយៈពេលវែងស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់អាស៊ាន។
ក្នុងឱកាសនេះ លោក Le Hoai Trung បានស្នើឲ្យអាស៊ានពិនិត្យ និងមានយន្តការសម្រាប់ការពង្រឹងទំនុកចិត្ត ការទប់ស្កាត់ និងការដោះស្រាយជម្លោះ ព្រមទាំង សិក្សាស្រាវជ្រាវពីការបង្កើតយន្តការពិគ្រោះយោបល់រវាងទីប្រឹក្សាផ្នែកច្បាប់លើច្បាប់អន្តរជាតិ។ យោងតាមលោក Le Hoai Trung អាស៊ានគប្បីជម្រុញការធ្វើសមាហរណកម្ម និងនវានុវត្តន៍ ដោយផ្តោតលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ថាមពល ឌីជីថល និងទាញយកអត្ថប្រយោជន៍ពីកម្លាំងចលករកំណើនថ្មីៗ ដូចជាការផ្លាស់ប្តូរបៃតង ការធ្វើបរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិត បន្តកសាងសហគមន៍ដែលជិតស្និទ្ធជាងមុន តាមរយៈការពង្រឹងអត្តសញ្ញាណ និងតម្លៃរួម ការបង្កើនជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ការលើកកម្ពស់តួនាទីរបស់យុវជន ហើយការវិនិយោគលើការអភិវឌ្ឍអនុតំបន់។
លោក Le Hoai Trung បានប្រកាសថា វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាស្តីពីអនាគតអាស៊ានលើកទីបី (AFF 2026) នៅត្រីមាសទីពីរនៃឆ្នាំ២០២៦ ហើយថ្លែងអំណរគុណដល់ប្រទេសនានាចំពោះការគាំទ្រវៀតណាមនៅក្នុងវេទិកាមុនៗ និងអញ្ជើញប្រទេសទាំងឡាយបញ្ជូនតំណាងកម្រិតខ្ពស់មកចូលរួម៕
បកប្រែដោយ Thuy Anh